{"asset":"news","key":"4341","locale":"km","id":"news:4341:km","entityId":"news:4341","canonicalUrl":"https://www.kps-tv.com/km/news/detail/4341","state":"ready","title":"ផ្លែចេកអំបូងលឿងមានសក្ដានុពលទីផ្សារអន្តរជាតិ ខណៈរដ្ឋបាលខេត្តស្ទឹងត្រែង ចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុនជប៉ុន ដើម្បីជំរុញការនាំចេញ","summary":"រដ្ឋបាលខេត្តស្ទឹងត្រែង និងក្រុមហ៊ុនជប៉ុនបានចុះ MOU នៅថ្ងៃទី១៥ ខែមករា ដើម្បីជំរុញការវិនិយោគ និងនាំចេញផលិតផលកសិកម្ម ជាពិសេសចេកអំបូងលឿង ទៅជប៉ុន និងទីផ្សារអន្តរជាតិ តាមរយៈការគាំទ្របច្ចេកទេស និងខ្សែសង្វាក់ផលិតកម្ម។","body":"រដ្ឋបាលខេត្តស្ទឹងត្រែង បានចុះអនុស្សរណៈយោគយល់ (Memorandum of Understanding – MOU) ជាមួយក្រុមហ៊ុនមកពីប្រទេសជប៉ុន នាថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៦ ក្រោមអធិបតីភាពឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីមន្ទីរជំនាញ អង្គភាព និងស្ថាប័នពាក់ព័ន្ធ ក្នុងគោលបំណងជំរុញការវិនិយោគ និងការនាំចេញផលិតផលកសិកម្ម ជាពិសេសផ្លែចេកអំបូងលឿង ទៅកាន់ទីផ្សារប្រទេសជប៉ុន និងទីផ្សារអន្តរជាតិ។\nការចុះអនុស្សរណៈយោគយល់លើវិស័យកសិកម្មនៅពេលនេះ គឺជាផ្នែកមួយក្នុងការជួយបង្កើនតម្លៃបន្ថែមដល់ផលិតផលកសិកម្មក្នុងខេត្តស្ទឹងត្រែង លើកកម្ពស់ជីវភាពរស់នៅរបស់កសិករ បង្កើតការងារថ្មីៗ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការអភិវឌ្ឍខ្សែសង្វាក់ផលិតកម្មកសិកម្មប្រកបដោយចីរភាព។\nមានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានលើកឡើងថា ខេត្តស្ទឹងត្រែង មានសក្ដានុពលខ្ពស់ក្នុងការដាំដុះផ្លែចេកអំបូងលឿង ព្រមទាំងដំណាំផ្សេងទៀត ដូចជា ធុរេន ស្វាយចន្ទី ស្វាយកែវល្មៀត ជាដើម ដែលមានគុណភាពល្អ និងសមស្របសម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា ការសហការជាមួយក្រុមហ៊ុនជប៉ុនលើកនេះ នឹងជួយផ្តល់បច្ចេកទេសថ្មីៗ ស្តង់ដារផលិតកម្ម ការកែច្នៃ ការវេចខ្ចប់ និងទីផ្សារ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារអន្តរជាតិឲ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់ជាងមុន។\nការចុះអនុស្សរណៈយោគយល់នាពេលនេះ ភាគីក្រុមហ៊ុនជប៉ុន បានចាត់ទុកថា ជាជំហានសំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច រវាងខេត្តស្ទឹងត្រែង និងដៃគូវិនិយោគបរទេស ព្រមទាំងរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការនាំចេញផលិតផលកសិកម្ម និងការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព។\nជាមួយគ្នានេះ ក្រុមហ៊ុនជប៉ុន ក៏បានបង្ហាញពីការចាប់អារម្មណ៍ និងការប្តេជ្ញាចិត្តក្នុងការវិនិយោគរយៈពេលវែង ដោយគាំទ្រកសិករមូលដ្ឋាន តាមរយៈការផ្ទេរបច្ចេកវិទ្យា ការទិញផលិតផលក្នុងតម្លៃសមរម្យ និងការធានាទីផ្សារនាំចេញ។\nដោយឡែក លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង បានឲ្យដឹងថា ខេត្តស្ទឹងត្រែង មានគម្រោងសម្បទានដីសេដ្ឋកិច្ចចំនួន ១៣ គម្រោង ស្មើនឹងផ្ទៃដី ៩១,៦៧១ ហិកតា ដែលក្នុងនោះ រួមមាន ៤ គម្រោងជារបស់វិនិយោគិនកម្ពុជា ៦ គម្រោងជារបស់វិនិយោគិនចិន ២ គម្រោងជារបស់វិនិយោគិនវៀតណាម និង ១ គម្រោងជារបស់វិនិយោគិនថៃ។ លោកប្រធានមន្ទីរ បានបញ្ជាក់ថា គម្រោងទាំងនេះ បាននិងកំពុងវិនិយោគលើដំណាំកសិ-ឧស្សាហកម្ម ដូចជា ចេកអំបូងលឿង កៅស៊ូ ស្វាយចន្ទី ស្វាយកែវល្មៀត ដើមអាកាស្យា ដើមម៉ៃសាក់ ធុរេន មៀន ម្ទេស និងដំណាំល្មើផ្សេងៗ៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15451","languageVersionId":"11903","visibilityVersion":"2","versionToken":"a1.KhcvuwiZTkLys0bCql5F-vfid2m9QEYhT_oRwE3C1xk"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-15T10:06:15Z"}