# ឆ្នាំ២០២៥! ទំហំពាណិជ្ជកម្មកម្ពុជា-កាណាដា កើនដល់ជាង១០០០លានដុល្លារ 

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4359>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"15441","languageVersionId":"11873","visibilityVersion":"2","versionToken":"a1.7Qv2cTGjBD7MChJpCwrGEbc9uryJRdE0czM1Q43o8WI"}

Original publication: 2026-01-17T03:25:09Z

ពាណិជ្ជកម្មកម្ពុជា-កាណាដាឆ្នាំ២០២៥ មាន១.៣៣៤លានដុល្លារ ក្នុងនោះកម្ពុជានាំចេញ១.២៧១លានដុល្លារ និងនាំចូល៦៣លានដុល្លារ។ ភាគីទាំងពីរពិភាក្សាពង្រឹងទំនាក់ទំនង និងពិនិត្យលទ្ធភាពកិច្ចព្រមព្រៀងវិនិយោគនិងពន្ធ។

ក្នុងឆ្នាំ២០២៥ កម្ពុជា-កាណាដា សម្រេចបានទំហំពាណិជ្ជកម្មរួមគ្នារហូតដល់ជាង១០០០លានដុល្លារ ចំនួននេះកើនប្រមាណ ១៥ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មនេះមានកើនឡើងជាលំដាប់នារយៈពេល៥ឆ្នាំចុងក្រោយនេះ។
ក្នុងឱកាស ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជួបពិភាក្សាការងារជាមួយ Christian DesRoches ឯកអគ្គរដ្ឋទូតប្រទេសកាណាដាប្រចាំកម្ពុជា នៅទីស្តីការក្រសួងនាថ្ងៃទី១៥ ខែមករា។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-កាណាដា បានកើនឡើងជាលំដាប់។ ជាក់ស្តែង ក្នុងឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងដល់ជាង ១ ០០០លានដុល្លារអាម៉េរិក ដែលកើនក្នុងអត្រាប្រមាណ ១៥ភាគរយ ធៀបនឹងឆ្នាំ២០២៤។ 
ស្ថិតិពាណិជ្ជកម្មកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចបានបង្ហាញថា ក្នុងឆ្នាំ២០២៥ កម្ពុជា-កាណាដា សម្រេចទំហំពាណិជ្ជកម្មរួមគ្នាបានចំនួន ១ ៣៣៤លានដុល្លារ។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅកាណាដាមាន ១ ២៧១លានដុល្លារ កើន១៤,៦ភាគរយ ខណៈនាំចូលពីកាណាដាវិញមាន ៦៣លានដុល្លារ កើន៣,១ភាគយ ធៀបនឹងឆ្នាំ២០២៤។
ទន្ទឹមគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតកាណាដា បានជឿជាក់លើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជាក្នុងរយៈពេលវែង ឯកឧត្តម Christian DesRoches ក៏បានលើកឡើងដែរថា ទាំងក្នុងក្របខណ្ឌទ្វេភាគី, អាស៊ាន, និងអន្តរជាតិ ទំនាក់ទំនងរវាងប្រទេសកម្ពុជា-កាណាដា កាន់តែសកម្ម ជាពិសេស ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ដែលកំពុងដើរស្របទៅមុខជាមួយនឹងទំនាក់ទំនងកាន់តែជ្រាលជ្រៅខាងនយោបាយ និងការទូត។
គិតចាប់ពីឆ្នាំ ១៩៩២ រហូតដល់ឆ្នាំ២០២៤, កាណាដា បានផ្តល់ហិរញ្ញប្បទានឥតសំណងមកកម្ពុជា ប្រមាណ ២០៧ លានដុល្លារអាម៉េរិក ដោយផ្តោតលើវិស័យ អប់រំ, សុខាភិបាល, កសិកម្ម, ថាមពល, សន្តិសុខស្បៀង, ការប្រយុទ្ធប្រឆាំងគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ, អភិបាលកិច្ច, និងសមភាពយេនឌ័រ។
កម្ពុជា-កាណាដា នឹងពិនិត្យលទ្ធភាពក្នុងការកិច្ចព្រមព្រៀងស្តីពីការជំរុញនិងការការពារទៅវិញទៅមកនូវការវិនិយោគ និងកិច្ចព្រមព្រៀងស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា ជាដើម៕
ដោយ៖ ចិន្តា ទីទិ

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


