# ប្រមុខការទូតកម្ពុជា៖ ដោយសារទាហានឈ្លានពានថៃ នៅតែបន្តកាន់កាប់   ប្រជាពលរដ្ឋភៀសសឹកប្រមាណ ៤.០០០គ្រួសារ មិនទាន់អាចវិលត្រលប់ទៅលំនៅឋានវិញ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4362>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"15440","languageVersionId":"11870","visibilityVersion":"2","versionToken":"a1.WMDSoPw_0mnIOz9PrjAEl9p2XLYckhtVirVPV1UuP3k"}

Original publication: 2026-01-17T04:24:05Z

លោក ប្រាក់ សុខុន ថ្លែងក្នុងបទសម្ភាសន៍ Reuters ថា ប្រជាជនភៀសសឹកប្រមាណ៤.០០០គ្រួសារមិនទាន់អាចត្រឡប់ទៅផ្ទះ ដោយសារយោធាថៃបន្តកាន់កាប់តំបន់ស៊ីវិលខ្លះ និងរារាំងការចូលភូមិ ដែលបង្កហានិភ័យដល់បទឈប់បាញ់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម គោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ និងការគោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបានឯកភាពគ្នាកាលពីពេលកន្លងមក។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា មកដល់ពេលនេះមានប្រជាពលរដ្ឋភៀសសឹកប្រមាណ ៤.០០០គ្រួសារ មិនទាន់អាចវិលត្រលប់ទៅលំនៅឋានវិញ ដោយសារយោធាថៃនៅតែបន្តកាន់កាប់តំបន់ជនស៊ីវិលនៅកម្ពុជាមួយចំនួន និងបានរារាំងមិនឱ្យប្រជាពលរដ្ឋកម្ពុជាចូលភូមិឋាន តាមរយៈការរាយលួសបន្លា និងដាក់ទូរកុងតឺន័រ ដែលទង្វើនេះគឺជាការបង្កហានិភ័យដល់បទឈប់បាញ់រវាងប្រទេសទាំងពីរ។ ការលើកឡើងនេះ លោកឧបនាយករដ្ឋមន្ត្រី ថ្លែងក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយនឹងសារព័ត៌មាន Reuters កាលពីពេលថ្មីៗនេះ។
ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់បន្ថែមថា “ស្ថានការណ៍នៅតែស្ងប់ស្ងាត់ ប៉ុន្តែក៏មានហានិភ័យមួយចំនួនផងដែរ។ ដូច្នេះយើងសង្ឃឹមថា ប្រទេសថៃនឹងប្តេជ្ញាចិត្តចំពោះការអនុវត្តបទឈប់បាញ់ពេញលេញ និងបញ្ឈប់ទង្វើបង្កអរិភាពរបស់ខ្លួន”។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីពេលកន្លងទៅ បានឱ្យដឹងថា យោធាថៃបានបើកប្រតិបត្តិការទ្រង់ទ្រាយធំចាប់ពីថ្ងៃទី០៧ ខែធ្នូ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានបើកប្រតិបត្តិការវាយលុកផ្នែកយោធាដែលបានគិតទុកជាមុន និងជាប្រព័ន្ធ លើទីតាំងជាច្រើនតាមបណ្តោយព្រំដែនដែលទទួលស្គាល់ដោយអន្តរជាតិ ដោយវាយសំរុកចូលទន្រ្ទាន កាន់កាប់ និងឈរជើង គ្រប់គ្រងជាក់ស្តែងលើតំបន់នានាដែលស្ថិតយ៉ាងជាក់ច្បាស់ក្នុងទឹកដីកម្ពុជា នៅក្នុងខេត្តបន្ទាយមានជ័យ មានភូមិព្រៃចាន់ ភូមិជោគជ័យ និងតំបន់បឹងត្រកួន ដោយឡែកនៅខេត្តពោធិ៍សាត់ មានតំបន់ភ្លុកដំរី និងច្រកអន្តរជាតិថ្មដា ហើយចំណែកឯខេត្តព្រះវិហារវិញ មានតំបន់អានសេះ តំបន់តាថាវ និងតំបន់ភ្នំទ្រព្យ ហើយខេត្តឧត្តរមានជ័យ មានតំបន់អូរស្មាច់ ប្រាសាទខ្នា ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ តំបន់ជប់អង្គុញ និងតំបន់ចូកគ្រួស ជាដើមផងដែរ៕
ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


