# ទូតចិន ជំរុញឱ្យអាជ្ញាធរកម្ពុជាពង្រឹងការការពារសុខសុវត្តិភាពជូនពលរដ្ឋខ្លួន ខណៈមានពលរដ្ឋចិនមួយចំនួនបាត់ខ្លួនរកមិនឃើញ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4385>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"15420","languageVersionId":"11810","visibilityVersion":"2","versionToken":"a1.7NdBDmqxGIWoQh0GZ12-MgMvQnEcBS3oZt9jfL21tV4"}

Original publication: 2026-01-18T09:25:07Z

ទូតចិនWang Wenbin ជួបលោកស សុខា ដោយស្នើពង្រឹងការពារនិងជួយសង្គ្រោះពលរដ្ឋចិន បង្ក្រាបការឃុំខ្លួនខុសច្បាប់ ហិង្សានិងឆបោកអនឡាញ ខណៈកម្ពុជាថាកំពុងអនុវត្តច្បាប់ម៉ឺងម៉ាត់។

ស្ថានទូតចិនប្រចាំនៅកម្ពុជា បានទទូចស្នើសុំជាថ្មីដល់អាជ្ញាធរកម្ពុជា ចាត់នូវវិធានការនានា ដើម្បីពង្រឹងការការពារសុខសុវត្តិភាពជូនដល់ពលរដ្ឋចិននៅប្រទេសកម្ពុជា ខណៈដែលស្ថានទូតទទួលបានព័ត៌មានពីការបាត់ខ្លួនពលរដ្ឋចិនមួយចំនួន ហើយរកមិនទាន់ឃើញ។ ការស្នើសុំជាថ្មីនេះ ធ្វើឡើងក្នុងពេល លោក វ៉ាង វិនពិន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានជួបជាមួយឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា។
នៅចំពោះមុខរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា ប្រមុខការទូតចិន បានលើកឡើងចំៗពីករណីជាច្រើនដែលពាក់ព័ន្ធនឹងពលរដ្ឋចិនបាត់ខ្លួននៅក្នុងប្រទេសកម្ពុជា ដែលភាគីចិនយកចិត្តទុកដាក់យ៉ាងខ្លាំង។ ឯកឧត្តម វ៉ាង វិនពិន បានសង្កត់ធ្ងន់ៗថា ករណីធ្ងន់ធ្ងរជាច្រើនពាក់ព័ន្ធនឹងពលរដ្ឋចិននៅកម្ពុជា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយឧក្រិដ្ឋកម្ម Online Scam ហើយការកើតឡើងជាញឹកញាប់នៃករណីបែបនេះ មិនសមស្របនឹងមិត្តភាពប្រពៃណីរវាងប្រទេសចិន និងកម្ពុជាទេ ហើយវាជាឧបសគ្គយ៉ាងធ្ងន់ធ្ងរដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។
ឯកឧត្តម វ៉ាង វិនពិន បានបន្ថែមថា ភាគីចិនយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុវត្ថិភាព និងសិទ្ធិផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋចិននៅកម្ពុជា ហើយអំពាវនាវឱ្យភាគីកម្ពុជាចាត់វិធានការជាក់ស្តែង ដើម្បីបង្ក្រាបយ៉ាងតឹងរ៉ឹងលើឧក្រិដ្ឋកម្មផ្តោតលើពលរដ្ឋចិន រួមមានការឃុំខ្លួនខុសច្បាប់ ការប្រើអំពើហិង្សា និងសកម្មភាព online scams ព្រមទាំងបង្កើនប្រសិទ្ធភាពនៃការជួយសង្គ្រោះ និងធានាសុវត្ថិភាពរបស់ពលរដ្ឋចិននៅកម្ពុជា។
តែយ៉ាងណាក៏ដោយ ក្នុងសេចក្តីប្រកាសព័ត៌មាន ទូតចិនបានរំលេចពីការឆ្លើយតបរបស់ ក្រសួងមហាផ្ទៃកម្ពុជា ពីគោលជំហររបស់រាជរដ្ឋាភិបាល ដែលកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងប្រើអំណាចច្បាប់យ៉ាងតឹងរ៉ឹង ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម online scams និងឧក្រិដ្ឋកម្មដែលផ្តោតលើពលរដ្ឋចិន ដោយមានគោលបំណងថែរក្សាសុវត្ថិភាព និងសន្តិសុខរបស់ពលរដ្ឋចិននៅកម្ពុជាឱ្យបានប្រសើរបំផុត៕
ដោយ៖ ចិន្តា ទីទិ
ប្រភព៖ ស៊ីស៊ីថែម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


