{"asset":"news","key":"4389","locale":"km","id":"news:4389:km","entityId":"news:4389","canonicalUrl":"https://www.kps-tv.com/km/news/detail/4389","state":"ready","title":"អាជ្ញាធរភ្នំពេញ ចាប់ផ្តើមបោសសម្អាតផ្លូវជុំវិញផ្សារដើមគរ","summary":"រដ្ឋបាលភ្នំពេញចាប់ផ្ដើមកែលម្អហេដ្ឋារចនាសម្ព័ន្ធ ចិញ្ចើមផ្លូវនិងលូជុំវិញផ្សារដើមគរ ថ្ងៃទី១៨ មករា ដោយហាមលក់រំលោភផ្លូវ តែតូបក្នុងផ្សារត្រឹមត្រូវមិនប៉ះពាល់។","body":"រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែមករានេះ បានចាប់ផ្តើមអនុវត្តគម្រោងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ ចិញ្ចើមផ្លូវ ស្ដារប្រព័ន្ធលូ នៅតំបន់ជុំវិញផ្សារដើមគរ បន្ទាប់ថ្ងៃពីផុតថ្ងៃឱសានវាទ គឺគ្មានទៀតឡើយ ការលក់ដូរលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវនៅតំបន់ជុំវិញផ្សារដើមគរ។\nការបោសសម្អាតនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថាដើម្បីលើកកម្ពស់សោភ័ណភាពហេដ្ឋារចនាសម្ព័ន្ធ និងសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ នេះតទៅ រដ្ឋបាលរាជធានីភ្នំពេញ នឹងមិនអនុញ្ញាតឱ្យមានការលក់ដូរឥតសណ្ដាប់ធ្នាប់រំលោភចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ នៅមហាវិថីមុនីរ៉េត មហាវិថីម៉ៅសេទុង និងតំបន់ជុំវិញផ្សារដើមគ ព្រមទាំងតំបន់ពាក់ព័ន្ធជុំវិញ ទៀតឡើយ។\nលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ក៏បានលើកឡើងដែរថា កន្លងមកអាជ្ញាធរបានជួបប្រជុំ និងជូនដំណឹងដល់អាជីវកររួចរាល់ហើយថាចាប់ពីថ្ងៃទី១៨ ខែមករាតទៅ នឹងមិនអនុញ្ញាតឱ្យមានការប្រកបអាជីវកម្ម លក់ដូរលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវនៅតំបន់ជុំវិញបរិវេណផ្សារដើមគរទៀតឡើយ។\nចំណាត់ការហាមឃាត់នេះ គឺចំពោះតែអាជីវករ ដែលលក់ដូររំលោភចំណីផ្លូវសាធារណៈនៅជុំវិញផ្សារដើមគរ ដូចជាមហាវិថីមុនីរ៉េត មហាវិថីម៉ៅសេទុង និងតំបន់ពាក់ព័ន្ធនានាក្នុងខណ្ឌបឹងកេងកង និងខណ្ឌទួលគោក។ ចំពោះអាជីវករក្នុងផ្សារ ដែលមានតូប និងកន្លែងលក់ដូរត្រឹមត្រូវ មិនប៉ះពាល់ឡើយ អាចប្រកបអាជីវកម្មតាមធម្មតា។\nគួរជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ មិនអនញ្ញាតឱ្យមានការលក់ដូរលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈនៅតំបន់ផ្សារដើមគរទៀតឡើយ ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពហេដ្ឋារចនាសម្ព័ន្ធ និងសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈក្នុងទីក្រុង៕ ដោយ៖ ចិន្តា ទីទិ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15417","languageVersionId":"11801","visibilityVersion":"2","versionToken":"a1.2hVa4Hm2d6SOzQaDz8BEQ2yPWL4HTbzsjakr8D__dpU"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-19T03:07:29Z"}