# ប្រមុខការទូត៖ ការចាប់ខ្លួន ចេន ហ្ស៊ី បង្ហាញការប្ដេជ្ញាប្រយុទ្ធប្រឆាំងការឆបោកអនឡាញ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4391>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"15415","languageVersionId":"11795","visibilityVersion":"2","versionToken":"a1.IEdbD19B_tbTl0ACrYy6aX0Y9KuPitnYYJGg1Nqg260"}

Original publication: 2026-01-19T03:49:20Z

ក្នុងបទសម្ភាសន៍Reuters ថ្ងៃទី១៤ មករា លោកប្រាក់ សុខុនថាការចាប់ខ្លួនចេន ហ្ស៊ីជាលទ្ធផលស៊ើបអង្កេតយូរ និងបញ្ជាក់ការបន្តសហការជាមួយអាមេរិក ចិន កូរ៉េខាងត្បូងនិងប្រទេសជិតខាងប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអះអាងថា ការចាប់ខ្លួន លោក ចេន ហ្ស៊ី កាលពីពេលថ្មីៗនេះ គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ហើយកម្ពុជាបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសដៃគូក្នុងការបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
ក្នុងឱកាស ឯកឧត្តម ប្រាក់ សុខុន ផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន Reuters កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ បានបញ្ជាក់ដូច្នេះថា «កម្ពុជាប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការលើការបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែន ក៏ដូចជាឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាមួយប្រទេសជាច្រើនមានដូចជា សហរដ្ឋអាម៉េរិក ចិន សាធារណរដ្ឋកូរ៉េ និងប្រទេសជិតខាងមានដូចជា វៀតណាម និងថៃ ជាដើម ហើយការចាប់ខ្លួន លោក ចេន ហ្ស៊ី គឺជាលទ្ធផលនៃការស៊ើបអង្កេតដ៏យូរមួយ»។
មន្ត្រីការទូតជាន់ខ្ពស់កម្ពុជា ក៏បានគូសបញ្ជាក់ថា «លោក ចេន ហ្ស៊ី មានសញ្ជាតិកម្ពុជា ប៉ុន្តែនៅពេលដែលយើងធ្វើការស៊ើបអង្កេត សញ្ជាតិរបស់គាត់មិនត្រូវបានទទួលបានដោយស្របច្បាប់នោះទេ ហើយគាត់ក៏ជាជនជាតិចិនផងដែរ ដូច្នេះយើងបានសម្រេចចិត្តធ្វើបត្យាប័នគាត់ទៅប្រទេសចិន»។
សូមរម្លឹកដែលថា ព្រះករុណាព្រះមហាក្សត្រ បានត្រាស់បង្គាប់ដកគោរមងារអ្នកឧកញ៉ាពីលោក ចេន ហ្ស៊ី កាលពីខែធ្នូ ឆ្នាំ២០២៥ ក្រោយមកលោកត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ និងបានបញ្ជូនទៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីធ្វើការសម្រេចកាត់ទោស៕ ដោយ៖ ចិន្តា ទីទិ

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


