{"asset":"news","key":"4414","locale":"km","id":"news:4414:km","entityId":"news:4414","canonicalUrl":"https://www.kps-tv.com/km/news/detail/4414","state":"ready","title":"រដ្ឋបាលខេត្តរតនគិរីបញ្ជាក់ករណីថាក្រុមហ៊ុនកូនលោកអ្នកឧកញ៉ាទ្រី ភាពកំពុងជីកយករ៉ែមាសក្នុងឧទ្យានជាតិដ៏ចំណាស់មួយ!","summary":"រដ្ឋបាលខេត្តរតនគិរីថា Global Green មិនទាន់មានអាជ្ញាបណ្ណអាជីវកម្មរ៉ែមាសនៅតាបូក និងបកស្រាយមូលហេតុទឹកល្អក់ ក្រោយការចោទរបស់ Mother Nature Cambodia។","body":"បន្ទាប់ពីមានទំព័រហ្វេសប៊ុករបស់អង្គការមាតាធម្មជាតិកម្ពុជា (Mother Nature Cambodia) បានចុះផ្សាយកាលពីថ្ងៃទី១៧ ខែមករាថា ក្រុមហ៊ុនដែលកាន់កាប់ដោយកូនៗរបស់លោកអ្នកឧកញ៉ា ទ្រី ភាព កំពុងធ្វើសកម្មភាពជីកយករ៉ែមាសនៅក្នុងឧទ្យានជាតិដ៏ចំណាស់មួយ ស្ថិតក្នុងភូមិតាបូក ឃុំតាវែងលើ ស្រុកតាវែង។ ក្នុងទំព័រហ្វេសប៊ុកដដែលនោះ ក៏បានបញ្ជាក់ពីការបំពុលប្រភពទឹកសំខាន់ៗដោយសារសកម្មភាពជីកយករ៉ែមាសដោយក្រុមហ៊ុនរបស់កូនៗលោកអ្នកឧកញ៉ា ទ្រី ភាព ដែលអាចគំរាមកំហែងដល់ជីវិតសហគមន៍មូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋជនជាតិដើមភាគតិចព្រៅ និងបានលើកឡើងពីឈ្មោះរបស់ក្រុមហ៊ុនគ្លូប៊លហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន GLOBAL GREEN(CAMBODIA)ENERGY DEVELOPMENT CO.LTD ទៀតផង។\nក្រោយពីមានការផ្សាយដូច្នេះ រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី១៩ ខែមករា បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ក្រុមហ៊ុនគ្លូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន ពុំទាន់មានអាជ្ញាបណ្ណអនុញ្ញាតឱ្យធ្វើអាជីវកម្មជីកយករ៉ែមាស ស្ថិតនៅឧទ្យានជាតិ ក្នុងភូមិតាបូក ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី ដូចការអះអាងរបស់អង្គការមាតាធម្មជាតិកម្ពុជានោះឡើយ ហើយរដ្ឋបាលខេត្តតែងតែយកចិត្តទុកដាក់ក្នុងការបង្ក្រាបបទល្មើសនានា ដែលកើតមានឡើងក្នុងភូមិសាស្ត្រខេត្តរតនគិរីបានជាបន្តបន្ទាប់។ ចំណែក នៅតំបន់នោះក្រុមការងារចម្រុះថ្នាក់ខេត្តបានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសធ្វើអាជីវកម្មរ៉ែ ដោយខុសច្បាប់ជាប្រចាំទៀតផង។ ចំពោះទឹកល្អក់តាមដងអូរតាបូកកន្លងទៅ គឺមូលហេតុរដូវវស្សាមានភ្លៀងធ្លាក់ខ្លាំង ជាមួយនឹងការសាងសង់ផ្លូវតាមខ្សែក្រវាត់ព្រំដែន ព្រមទាំងការឈូសឆាយដីសម្រាប់ការដាំដុះរបស់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចនោះទេ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15403","languageVersionId":"11759","visibilityVersion":"2","versionToken":"a1.cEwnc4Dy_eyWTrZxPdtTb10AYcTWJHmurOqetB2wapc"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-20T08:21:13Z"}