# ក្រុមហ៊ុនចិនសម្រេចបង្កើតរោងចក្រផលិតក្រដាសអនាម័យ សម្ភារៈការិយាល័យ និងថាមពលកកើតឡើងវិញនៅកម្ពុជា

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4435>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"15385","languageVersionId":"11705","visibilityVersion":"2","versionToken":"a1.eeRuyD9f891PdE0ShHqFF-bGSwWncpafWYzgGxK7yWM"}

Original publication: 2026-01-21T07:52:43Z

ក្រុមហ៊ុនសមាជិកសហព័ន្ធស្រាវជ្រាវសេដ្ឋកិច្ច និងឧស្សាហកម្មតំបន់មហាឈូងសមុទ្របានសម្រេចវិនិយោគលើក្រដាសជូតមាត់ សម្ភារៈការិយាល័យ និងថាមពលកកើតឡើងវិញនៅកម្ពុជា បន្ទាប់ពីសិក្សាបរិយាកាសវិនិយោគ។

ក្រុមហ៊ុនដែលជាសមាជិកសហព័ន្ធសិក្សាស្រាវជ្រាវសេដ្ឋកិច្ចឧស្សាហកម្មតំបន់ឆ្នេរក្វាងតុង-ហុងកុង-ម៉ាកាវ បានសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីបង្កើតរោងចក្រផលិតក្រដាសអនាម័យ សម្ភារៈការិយាល័យ និងថាមពលកកើតឡើងវិញ។
គណៈកម្មាធិការវិនិយោគនៅកម្ពុជា បានឱ្យដឹងថា ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះ លោក លាំង សុងស៊ូ (Liang Songshou) ប្រធានសហព័ន្ធសិក្សាស្រាវជ្រាវសេដ្ឋកិច្ចឧស្សាហកម្មតំបន់ឆ្នេរក្វាងតុង-ហុងកុង-ម៉ាកាវ បានបញ្ជាក់ថា គណៈប្រតិភូដែលអញ្ជើញមកកម្ពុជានាពេលនេះសុទ្ធតែមានបំណងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
លោក លាំង សុងស៊ូ បន្ថែមថា ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ សហព័ន្ធបានដឹកនាំក្រុមហ៊ុនជាច្រើនមកធ្វើទស្សនកិច្ចសិក្សា និងស្វែងយល់ពីបរិស្ថានវិនិយោគនៅកម្ពុជា។ នាពេលនេះ ក្រុមហ៊ុនដែលជាសមាជិកសហព័ន្ធ បានសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជាដើម្បីបង្កើតរោងចក្រផលិតក្រដាសអនាម័យ សម្ភារៈការិយាល័យ និងថាមពលកកើតឡើងវិញ។
ឆ្លើយតបនឹងការសម្រេចចិត្តរបស់ក្រុមហ៊ុន ឯកឧត្តមអគ្គលេខាធិការបានគាំទ្រ និងស្វាគមន៍ចំពោះគម្រោងវិនិយោគដែលលោក លាំង សុងស៊ូ បានលើកឡើង និងបានស្នើឱ្យមានការយកទុកដាក់ខ្ពស់លើវិធានការការពារបរិស្ថាន។ ក្នុងនោះ ឯកឧត្តមអគ្គលេខាធិការ បានផ្តល់អនុសាសន៍ណែនាំឱ្យលោក លាំង សុងស៊ូ ធ្វើការគិតគូរបង្កើតតំបន់សេដ្ឋកិច្ចពិសេសដែលផ្តោតលើការផលិតក្រដាស និងសម្ភារៈការិយាល័យនៅទីតាំងជាក់លាក់ណាមួយ ហើយក្រុមហ៊ុនអាចផលិតថាមពលកកើតឡើងវិញ ដើម្បីផ្គត់ផ្គង់ដល់ផលិតកម្មក្នុងតំបន់នោះទៀតផង។

មួយវិញទៀត ដើម្បីធានាដល់ខ្សែច្រវាក់ផ្គត់ផ្គង់ ក្រុមហ៊ុនក៏ត្រូវមានការគិតគូរពីការរៀបចំមូលដ្ឋានផលិត ឬខ្សែច្រវាក់ផលិតកម្មផលិតវត្ថុធាតុដើម ឬផលិតផលពាក់កណ្តាលសម្រេចនៅកម្ពុជាដើម្បីផ្គត់ផ្គង់ដល់ឧស្សាហកម្មនាំចេញ។ លើសពីនេះ ការវិនិយោគកែច្នៃកសិផលនៅកម្ពុជាក៏កំពុងមានសក្តានុពលដែរ។ ឯកឧត្តមអគ្គលេខាធិការ ស្នើឱ្យក្រុមហ៊ុនរួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជីវិនិយោគនៅគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីឆាប់ទទួលបានផលពីកាលានុវត្តភាពនៅកម្ពុជា៕
ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


