{"asset":"news","key":"4446","locale":"km","id":"news:4446:km","entityId":"news:4446","canonicalUrl":"https://www.kps-tv.com/km/news/detail/4446","state":"ready","title":"ក្រសួងវប្បធម៌កម្ពុជាតវ៉ាប្រឆាំងសកម្មភាពនានារបស់ថៃនៅប្រាសាទតាក្របី","summary":"ក្រសួងវប្បធម៌ថ្ងៃទី២២ មករាប្រកាសតវ៉ាសកម្មភាពថៃនៅតាក្របី រួមទាំងការបំផ្លាញ កាន់កាប់និងសំណង់ ដោយស្នើឱ្យបញ្ឈប់ ហើយដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។","body":"បើតាមសេចក្តីថ្លែងការណ៍នៅថ្ងៃទី២២ ខែមករានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសតវ៉ាប្រឆាំងយ៉ាងខ្លាំងចំពោះសកម្មភាពដ៏គឃ្លើនរបស់ថៃនៅប្រាសាទតាក្របី រួមមានការបាញ់បំផ្លាញ ការឈ្លានពានកាន់កាប់ រួមទាំងការអនុវត្តគម្រោងសាងសង់នានានៅក្នុង និងជុំវិញទីតាំងប្រាសាទដែលស្ថិតក្នុងដែនដីអធិបតេយ្យភាពកម្ពុជា។\nក្រសួងវប្បធម៌ បានឱ្យដឹងថា ប្រាសាទតាក្របី ទទួលរងការបាញ់បំផ្លាញពីយោធាថៃស្ទើរតែខ្ទេចរូបរាងទាំងស្រុង ខណៈប្រាសាទនេះគឺជាទីតាំងបុរាណស្ថានអភិរក្សយ៉ាងខ្ជាប់ខ្ជួនដោយសា្ថប័នវប្បធម៌កម្ពុជា ជាទីតាំងគោរពសក្ការៈទៅតាមជំនឿ ប្រពៃណី ទំនៀមទម្លាប់របស់ប្រជាជនកម្ពុជាតាំងពីដើមរៀងមក។\nការចេញសេចក្តីថ្លែងការណ៍របស់ក្រសួងវប្បធម៌ ធ្វើឡើងបន្តពីសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី០២ ខែមករា ស្តីពីការតវ៉ាចំពោះការរំលោភបំពានរបស់ថៃ។ ក្នុងនោះ ក្រសួងវប្បធម៌កម្ពុជា ប្រឆាំងជាដាច់ខាតចំពោះការប្រើប្រាស់កម្លាំងប្រដាប់អាវុធរបស់យោធាថៃ ក្នុងការឈ្លានពានកាន់កាប់ប្រាសាទតាក្របី និងគម្រោងនានាដែលធ្វើឱ្យប្រែប្រួលស្ថានភាពនៅតំបន់នោះ។\nក្រសួងចាត់ទុកសកម្មភាពឈ្លានពាននេះ គឺជាការរំលោភបំពានទាំងស្រុងទៅនឹងគោលការណ៍ជាមូលដ្ឋាន និងមិនអាចបដិសេធបាននៃច្បាប់អន្តរជាតិ ដែលហាមឃាត់ការកាន់កាប់ទឹកដីដោយប្រើប្រាស់កម្លាំង។ ក្រសួងវប្បធម៌ស្នើភាគីថៃបញ្ឈប់សកម្មភាពបំផ្លិចបំផ្លាញ ក៏ដូចជាគម្រោងនានានៅជុំវិញប្រាសាទតាក្របី ដែលជាកម្មសិទ្ធិស្ថិតក្នុងដែនដីអធិបតេយ្យភាពកម្ពុជា និងងាកមករកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងគោរពទៅតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧។\nជាកត់សម្គាល់៖ ប្រាសាទតាក្របីដែលជាទីសក្ការៈរបស់កម្ពុជា ទទួលរងការបាញ់បំផ្លាញយ៉ាងធ្ងន់ធ្ងរពីសំណាក់យោធាថៃ កាលពីថ្ងៃទី០៩ ខែធ្នូ និងបន្តទទួលរងការបាញ់កម្ទេចជាថ្មីម្តងទៀតបណ្តាលឱ្យរូបរាង និងរចនាសម្ព័ន្ធប្រាសាទនេះត្រូវបានបំផ្លាញទាំងស្រុង កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15369","languageVersionId":"11684","visibilityVersion":"2","versionToken":"a1.C5rj4OJp94qUZ_OZEJXscqefKJ_WtAnjSzfxkocn6Zs"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-22T06:31:36Z"}