{"asset":"news","key":"4466","locale":"km","id":"news:4466:km","entityId":"news:4466","canonicalUrl":"https://www.kps-tv.com/km/news/detail/4466","state":"ready","title":"ក្រសួងអប់រំដាក់បញ្ចូនភាសាចារ៉ាយក្នុងកម្មវិធីអប់រំពហុភាសាដែលគ្រោងសាកល្បងនៅសាលាបឋមចំនួន៧ក្នុងខេត្តរតនគិរី","summary":"ក្រសួងអប់រំនឹងប្រកាសបញ្ចូលភាសាចារ៉ាយក្នុងកម្មវិធីអប់រំពហុភាសា ថ្ងៃទី២៧ ខែមករា និងសាកល្បងនៅសាលាបឋម៧ ក្នុងស្រុកអូរយ៉ាដាវ និងអណ្តូងមាស។","body":"ចារ៉ាយ គឺជាភាសាដែលនិយាយដោយជនជាតិចារ៉ាយ នឹងត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ប្រកាសដាក់បញ្ចូនឱ្យប្រើប្រាស់នៅក្នុងកម្មវិធីអប់រំពហុភាសា នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ខាងមុខ នៅខេត្តរតនគិរី។ ក្រសួងក៏បានរៀបចំ និងបកប្រែសៀវភៅសិក្សា សម្ភារៈសិក្សាជាភាសាចារ៉ាយសម្រាប់អនុវត្តក្នុងកម្មវិធីអប់រំពហុភាសាបន្ថែម ហើយក៏នឹងដាក់ឱ្យអនុវត្តសាកល្បងនៅសាលាបឋមសិក្សាចំនួន៧ ក្នុងស្រុកអូរយ៉ាដាវ និងអណ្តូងមាសនៃខេត្តរតនគិរី។\nបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ ពិធីប្រកាសដាក់បញ្ចូនភាសាចារ៉ាយ នឹងត្រូវធ្វើក្រោមអធិបតីភាពឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ កម្មវិធីអប់រំពហុភាសា ត្រូវបានក្រសួងអប់រំដាក់ឱ្យអនុវត្តចាប់តាំងពីឆ្នាំ២០០៣ តាមរយៈកម្មវិធីអក្ខរកម្មពហុភាសា (កម្មវិធីអក្ខរកម្មពីរភាសា) សម្រាប់ការអប់រំក្រៅប្រព័ន្ធ និងកម្មវិធីអប់រំពហុភាសា(កម្មវិធីអប់រំពីរភាសា) សម្រាប់ការអប់រំក្នុងប្រព័ន្ធ។\nកម្មវិធីអប់រំពហុភាសានេះ មានគាំទ្រពីរាជរដ្ឋាភិបាលយ៉ាងពេញលេញហើយក៏មានការចូលរួមគាំទ្រពីមូលនិធិអង្គការសហប្រជាជាតិសម្រាប់កុមារ (UNICEF) មូលនិធិភាពជាដៃគូសម្រាប់ពង្រឹងសមត្ថភាពវិស័យអប់រំ (CDPF) សហភាពអឺរ៉ុប(EU) អង្គការអេ អេ អាក់ស្យុង (AEA) អង្គការសហការគ្រប់ជ្រុងជ្រោយដើម្បីកម្ពុជា(ICC) អង្គការឃែរកម្ពុជា(CARE) អង្គការ NTFP អង្គការភ្លែនអន្តរជាតិ (Plan) រួមទាំងដៃគូអភិវឌ្ឍ និងសមាគមមួយចំនួនទៀតដែលបាននិងកំពុងធ្វើការងារជាមួយសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា។\nកម្មវិធីអប់រំពហុភាសា បាននិងកំពុងផ្តល់ការអប់រំដល់កុមារមកពីសហគមន៍ជនជាតិដើមភាគតិចប្រមាណ ៧៥០០នាក់ ចាប់ពីកម្រិតមត្តេយ្យសិក្សាដល់ថ្នាក់ទី៣ និងបានផ្ដល់ឱកាសការងារដល់ជនជាតិដើមភាគតិចធ្វើការជាគ្រូបង្រៀនប្រមាណ ៤០០នាក់ជារៀងរាល់ឆ្នាំ នៅតាមសាលារៀនគោលដៅក្នុងខេត្តរតនគិរី ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងខេត្តព្រះវិហារ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15357","languageVersionId":"11648","visibilityVersion":"2","versionToken":"a1.3_MRfuzGDLq1T5-kA8Q6x3zD_i3Y-lCUqc4MTJQHuag"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-23T03:23:04Z"}