{"asset":"news","key":"4478","locale":"km","id":"news:4478:km","entityId":"news:4478","canonicalUrl":"https://www.kps-tv.com/km/news/detail/4478","state":"ready","title":"កម្ពុជាស្នើ OHCHR តាមដានសកម្មភាពយោធាថៃដាក់ទូកុងតឺន័រ រាយបន្លាលួស និងកម្ទេចផ្ទះពលរដ្ឋខ្មែរ","summary":"គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាស្នើ OHCHR តាមដានសកម្មភាពយោធាថៃដែលខ្លួនថារារាំងពលរដ្ឋត្រឡប់ផ្ទះ ក្រោយជំនួបថ្ងៃទី២១ មករា។","body":"គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្នើឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) ជួយពិនិត្យ និងតាមដានសកម្មភាពយោធាថៃកម្ទេចផ្ទះរបស់ប្រជាជនកម្ពុជា ដាក់ទូកុងតឺន័រ និងបន្លាលួសនៅតំបន់ដែលខ្លួនឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់ក្នុងដែនអធិបតេយ្យកម្ពុជា។\nឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ស្នើដូច្នេះនៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម Benjamin Moreau មន្រ្តីទទួលបន្ទុកការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) កាលពីថ្ងៃពុធ ទី២១ ខែមករា។\nមុនចាប់ផ្តើមពិភាក្សាពីកិច្ចសហប្រតិបត្តិការ ទេសរដ្ឋមន្រ្តី កែវ រ៉េមី បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់យោធាថៃ ដែលបានកម្ទេចផ្ទះសម្បែងរបស់ប្រជាជនកម្ពុជានៅតំបន់ដែលខ្លួនឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់ដោយបានយកទូកុងតឺន័រ និងបន្លាលួសមកដាក់រារាំងប្រជាជនកម្ពុជាមិនអាចត្រឡប់ទៅកាន់លំនៅឋាន និងសហគមន៍ដើមរបស់ពួកគេវិញ។\nទេសរដ្ឋមន្ត្រី ក៏បានស្នើ OHCHR ជួយពិនិត្យនិងតាមដានស្ថានភាពទាំងនេះ ព្រមទាំងប្រើយន្តការសិទ្ធិមនុស្សអន្តរជាតិធ្វើការជាមួយភាគីពាក់ព័ន្ធ និងអំពាវនាវឱ្យមានការគោរពតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដើម្បីធានាថាប្រជាពលរដ្ឋខ្មែរអាចអនុវត្តសិទ្ធិត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ សកម្មភាពទាំងនេះត្រូវបានចាត់ទុកថាជាការរំលោភសិទ្ធិមនុស្សមូលដ្ឋាន រួមមានសិទ្ធិធ្វើដំណើរដោយសេរី សិទ្ធិមានលំនៅដ្ឋានសមរម្យ សិទ្ធិកាន់កាប់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងសិទ្ធិទទួលបានសុវត្ថិភាពនិងការការពារជាដើម។\nសូមជម្រាបថា ក្រោយបទឈប់បាញ់ចូលជាធរមានកាលពីម៉ោង១២៖០០នាទីថ្ងៃត្រង់ទី២៧ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានចូលដាក់ទូកុងតឺន័រ និងរាយបន្លាលួសព័ទ្ធយកភូមិឋានប្រជាពលរដ្ឋខ្មែរនៅខេត្តបន្ទាយមានជ័យ និងនៅទីតាំងផ្សេងទៀត។ ភ្លាមៗនោះ បើតាមអ្នកសារព័ត៌មានរបស់ Al Jazeera បានធ្វើដំណើរទៅកាន់តំបន់ព្រំដែនជម្លោះកម្ពុជា-ថៃ នៅភូមិជោគជ័យ ដែលជាភូមិឋានពលរដ្ឋខ្មែរបានរស់នៅជាច្រើនជំនាន់មកហើយនោះ បានរាយការណ៍ថា ពួកយោធាថៃបានគំរាមបាញ់ប្រហារប្រសិនបើពលរដ្ឋខ្មែរចូលទៅរស់នៅក្នុងផ្ទះរបស់ពួកគេវិញ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15282","languageVersionId":"11557","visibilityVersion":"2","versionToken":"a1.L1ESFte3iFnFsr5BmDLi13wK3rxeYviP3WECnp3yDV0"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-23T08:09:24Z"}