# នាវាចម្បាំងអាមេរិក USS CINCINNATI នឹងចូលចតនៅរាមថ្ងៃទី២៤ មករា

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4481>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"15280","languageVersionId":"11551","visibilityVersion":"2","versionToken":"a1.k70l8c-1MKwCQypO1dyn5vpJLjbLQ-GineU1OpX9Yy8"}

Original publication: 2026-01-23T09:24:37Z

USS CINCINNATI គ្រោងចូលចតនៅរាមពីថ្ងៃទី២៤–២៨ មករា ដោយនាំនាវិក១០០នាក់ ហើយអត្ថបទរៀបរាប់លក្ខណៈនាវានិងបេសកកម្មតំបន់។

នាវាចម្បាំងអាមេរិក USS CINCINNATI (LCS 20) នឹងចូលសំចតនៅមូលដ្ឋានកងទ័ពជើងទឹករាមរបស់កម្ពុជា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ស្អែកនេះ។ នេះគឺជាការចូលចតលើកទី១ របស់នាវាចម្បាំងអាមេរិក ក្នុងប្រទេសកម្ពុជា នៅដើមឆ្នាំ២០២៦។ នេះបើតាមការឱ្យដឹងពីលោកឧត្តមនាវីឯក សំ សុខា មេបញ្ជាការរងកងទ័ពជើងទឹកកម្ពុជា។ នាវាដែលមានទម្ងន់ប្រហែល ៣ ០០០តោននេះ នឹងចូលសំចតនៅកម្ពុជា រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃ២៨ ខែមករា ដែលនាំមកជាមួយនូវនាវិក១០០នាក់ ដឹកនាំដោយមេបញ្ជាការ Andrew Recame ។
នាវាចម្បាំងរបស់កងទ័ពជើងទឹកអាមេរិក  USS CINCINNATI មានប្រវែង ១៣០ម៉ែត្រ និងទទឹង ៣១.៦ម៉ែត្រ ដែលធ្វើឱ្យផ្ទៃនាវាធំទូលាយសម្រាប់ចុះចតឧទ្ធម្ភាគចក្របាន និងអាចធ្វើដំណើរក្នុងល្បឿនប្រហែល ៧៤គីឡូម៉ែត្រក្នុងមួយម៉ោង ដោយប្រើប្រាស់ម៉ាស៊ីន Waterjet ចំនួន៤គ្រឿងជួយឱ្យវាមានភាពបត់បែននិងរក្សាលំនឹងបានល្អទោះនៅក្នុងផ្ទៃទឹកមានរលកធំៗក៏ដោយ។ វាអាចបំពាក់កាំភ្លើង Mk 110 ៥៧មីល្លីម៉ែត្រនៅផ្នែកខាងមុខ ដែលមានសមត្ថភាពបាញ់បាន២២០គ្រាប់ក្នុងមួយនាទី និងអាចបំពាក់ជាមួយមីស៊ីលសម្រាប់បាញ់ស្ទាក់មីស៊ីល ឬយន្តហោះសត្រូវ និងមីស៊ីលបាញ់ចេញពីផ្ទៃទឹកទៅផ្ទៃទឹកកម្រិតខ្ពស់ផងដែរ។ នាវានេះកំពុងត្រូវបានដាក់ពង្រាយនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីចូលរួមក្នុងសមយុទ្ធយោធានិងការល្បាត «សេរីភាពនៃការធ្វើនាវាចរណ៍»៕
ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


