# កម្ពុជា-ឡាវពិនិត្យនីតិវិធីដឹកជញ្ជូនផលិតផលកសិកម្មកម្ពុជាឆ្លងកាត់ប្រទេសឡាវ ទៅទីផ្សារចិន

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4513>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"15232","languageVersionId":"11450","visibilityVersion":"2","versionToken":"a1.FGa6lJS27bFkugaYhDxGJ2lPgr_Y7caZ0ivtJm3nbu0"}

Original publication: 2026-01-25T09:38:26Z

កម្ពុជា និងឡាវចុះកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់កសិផល ហើយក្រុមជំនាញនឹងរួមពិនិត្យនីតិវិធីនាំកសិផលកម្ពុជាឆ្លងឡាវទៅទីផ្សារចិន។

ក្រុមការងារជំនាញរបស់ប្រទេសកម្ពុជា-ឡាវ នឹងធ្វើការរួមគ្នា ពិនិត្យលើនីតិវិធីនៃការដឹកជញ្ជូនផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់តាមប្រទេសឡាវ។ ការគូសបញ្ជាក់រួមគ្នាបែបនេះ ធ្វើឡើងតាមរយៈកិច្ចប្រជុំទ្វេភាគីនិងធ្វើជាសក្ខីភាពលើការចុះកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ទំនិញកសិផល នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Linkham DOUANGSAVANH រដ្ឋមន្រ្តីក្រសួងកសិកម្ម និងបរិស្ថានឡាវ នៅទីស្តីការក្រសួងកសិកម្មកម្ពុជា។
ឯកឧត្តម ឌិត ទីណា បានបង្ហាញអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ឡាវ និងបន្តជំរុញកសិ-ពាណិជ្ជកម្ម ផ្គត់ផ្គង់ផលិតផលកសិកម្មទៅវិញទៅមក ជាពិសេសការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់តាមប្រទេសឡាវ។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា(MoU) នាពេលកន្លងមក មានភាពប្រាកដនិយម និងបុរេសកម្ម។ ចំណែក ការចុះកិច្ចព្រមព្រៀងនាថ្ងៃនេះ គឺបញ្ជាក់ពីការពង្រឹងទំនាក់ទំនងបន្ថែមទៀត ខណៈក្រុមការងារជំនាញទាំងពីរនឹងធ្វើការជាមួយគ្នាពិនិត្យលើនីតិវិធីនៃការដឹកជញ្ជូនឆ្លងកាត់ផលិតផលកសិកម្ម សំដៅបើកផ្លូវនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។
ឯកឧត្តម ឌិត ទីណា ក៏បានបញ្ជាក់អំពីលទ្ធភាពនៃការសហការជាមួយភាគីឡាវ ដើម្បីផ្សារភ្ជាប់ខ្សែច្រវាក់តម្លៃ ការផ្គត់ផ្គង់រ៉ែជីពីប្រទេសឡាវ ការកែលម្អបរិយាកាសវិនិយោគ ការកែលម្អផលិតកម្មពូជ ការលើកកម្ពស់ស្តង់ដាផលិត ការតាំងពិព័រណ៍ផលិតផលកសិកម្ម ធ្វើយ៉ាងណាយកចិត្តទុកដាក់ខ្ពស់លើស្តង់ដាគុណភាព សុវត្ថិភាព ចំណាយថ្លៃដើមទាប និងមានប្រសិទ្ធភាពសេដ្ឋកិច្ច ជាពិសេសការសហការរួមគ្នាលើការទប់ស្កាត់ភ្លើងឆេះព្រៃ ការអភិរក្សព្រៃឈើ សត្វព្រៃ ជីវចម្រុះ និងធនធានធម្មជាតិ។
ភាគីកម្ពុជា-ឡាវ បានបង្ហាញឆន្ទៈ និងប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធ និងរីកចម្រើន និងជំរុញកសិ-ពាណិជ្ជកម្មកំណើនសេដ្ឋកិច្ច និងផ្តល់អត្ថប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ៕
ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


