{"asset":"news","key":"4515","locale":"km","id":"news:4515:km","entityId":"news:4515","canonicalUrl":"https://www.kps-tv.com/km/news/detail/4515","state":"ready","title":"ផ្សារថ្មីពោធិ៍សាត់មិនទាន់មានសណ្តាប់ធ្នាប់ល្អតែអាជ្ញាធរណែនាំអាជីវករកុំឱ្យដាក់លក់ទំនិញលើផ្លូវ","summary":"អភិបាលខេត្តណែនាំឱ្យអាជ្ញាធរក្រុង អាជីវករ និងគណៈកម្មការផ្សារ រៀបចំទីតាំងលក់ដូរ មិនរំលោភផ្លូវ និងគ្រប់គ្រងអនាម័យ សំរាម និងសុវត្ថិភាពជុំវិញផ្សារថ្មីពោធិ៍សាត់។","body":"អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា បានកត់សម្គាល់ឃើញថា មកដល់ពេលនេះផ្សារថ្មីពោធិ៍សាត់មិនទាន់មានសណ្តាប់ធ្នាប់ល្អប្រសើរនៅឡើយទេ ដោយសារអាជីវករមួយចំនួនបានសាងសង់សំយ៉ាបលក់ដូរ និងអ្នកយកភាស៊ីម៉ូតូរំលោភលើចំណីផ្លូវសាធារណៈ បង្កឱ្យមានការកកស្ទះនៅតាមដងផ្លូវ។\nបើតាមឯកឧត្តមអភិបាលខេត្ត ចំណុចទាំងនេះហើយ ទាមទាឱ្យមានការរៀបចំរបៀបរាបរយឡើងវិញសំដៅធ្វើយ៉ាងណាឱ្យផ្សារថ្មីពោធិ៍សាត់កាន់តែមានសោភណ្ឌភាព និងអនាម័យបរិស្ថានល្អ។ ឯកឧត្តមបានណែនាំឱ្យអាជ្ញាធរក្រុង និងអាជីវករលក់ដូរទាំងអស់ ត្រូវចូលរួមរៀបចំសណ្តាប់ធ្នាប់ បរិស្ថានអនាម័យជុំវិញផ្សារ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ និងចូលទិញទំនិញផ្សេងៗក្នុងផ្សារ។\nការកត់សម្គាល់ និងណែនាំរបស់ឯកឧត្តមអភិបាលខេត្ត ធ្វើឡើងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ក្នុងឱកាសចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនអាជីវករលក់ដូរជុំវិញផ្សារថ្មីពោធិ៍សាត់។\nក្នុងនោះ ឯកឧត្តម ក៏ណែនាំឱ្យអាជ្ញាធរក្រុង និងអ្នកពាក់ព័ន្ធត្រូវរួមសហការគ្នារៀបចំទីតាំងលក់ដូរឱ្យមានរបៀបរាបរយ សណ្តាប់ធ្នាប់ល្អទៅតាមទីតាំងបានកំណត់ កុំបណ្តែតបណ្តោយឱ្យមានការដាក់លក់ទំនិញលើផ្លូវបែបអណាធិបតេយ្យបង្កការប៉ះពាល់ដល់អ្នកធ្វើដំណើរ ជាពិសេសអ្នកចូលទិញទំនិញក្នុងផ្សារ។\nចំណែក សមត្ថកិច្ចមូលដ្ឋាន គណៈកម្មការផ្សារនិងសន្តិសុខ ត្រូវទទួលខុសត្រូវខ្ពស់លើការងារសន្តិសុខ សុវត្ថិភាពនៅក្នុងនិងជុំវិញផ្សារ ព្រមទាំងបង្កើនការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងរាល់សំរាម កាកសំណល់រឹង-រាវ និងប្រព័ន្ធបង្ហូរទឹកជុំវិញផ្សារ។ ពិសេស គឺនៅបរិវេណមុខផ្សារធ្វើយ៉ាងណាឱ្យបានស្អាតល្អ និងមានសោភ័ណ្ឌភាព។\nអភិបាលខេត្ត ក៏បានជំរុញឱ្យអាជ្ញាធរក្រុង ត្រូវបន្តពន្យល់ណែនាំអាជីវករឱ្យពួកគាត់ចូលរួមសហការធ្វើយ៉ាងណាឱ្យផ្សារថ្មីពោធិ៍សាត់កាន់តែមានភាពទាក់ទាញពីគ្រប់មជ្ឈដ្ឋាន។ មិនតែប៉ុណ្ណោះ អាជ្ញាធរក្រុង គណកម្មការផ្សារ ត្រូវពិនិត្យតាមដានជាប់ជាប្រចាំ ដើម្បីក្តាប់បាននូវរាល់បញ្ហាប្រឈមនានាដែលកើតមាន ដើម្បីជៀសវាងបង្កការថ្នាំងថ្នាក់ពីសំណាក់បងប្អូនអាជីវករក្នុងការប្រកបរបបចិញ្ចឹមជីវិត៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15230","languageVersionId":"11444","visibilityVersion":"2","versionToken":"a1.quLdZE5qw5HK8xqhJmoSucN5OS8zgVfo7ET7T1g-3bI"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-25T10:49:56Z"}