{"asset":"news","key":"4584","locale":"km","id":"news:4584:km","entityId":"news:4584","canonicalUrl":"https://www.kps-tv.com/km/news/detail/4584","state":"ready","title":"អភិបាលខេត្តកំពង់ស្ពឺ ព្រមានចាត់វិធានការក្តៅបំផុត លើអធិការ ឬមេប៉ុស្តិ៍ណា ដែលគប់គិតបង្កើត Online Scamsក្នុងមូលដ្ឋាន","summary":"អភិបាលខេត្តកំពង់ស្ពឺព្រមានចាត់វិធានការលើមន្ត្រីនគរបាលដែលគប់គិតឬសម្រួលស្គែម និងអភិបាលក្រុង–ស្រុកដែលខ្វះត្រួតពិនិត្យឬមិនរាយការណ៍ទីតាំងសង្ស័យ។","body":"ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានព្រមានចាត់វិធានការក្តៅបំផុត ចំពោះអធិការ ឬមេប៉ុស្តិ៍ណា ដែលគប់គិត ឬសម្រួលឲ្យមានសកម្មភាពស្គែមអនឡាញ (Online Scams) នៅក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រង ហើយក៏មិនលើកលែងដែរ ចំពោះអភិបាលក្រុង ស្រុក ដែលខ្វះការត្រួតពិនិត្យ និងមិនរាយការណ៍អំពីទីតាំងស្គែមអនឡាញ។ ប្រសាសន៍នេះ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ–ឃុំ–សង្កាត់ មានសុវត្ថិភាព» ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ក្រោមការចូលរួមពី ឯកឧត្តម សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។\nឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) កំពុងបង្កការគំរាមកំហែង និងអសន្តិសុខ ទាំងក្នុងពិភពលោក និងក្នុងតំបន់ ខណៈក្រុមឧក្រិដ្ឋជនបរទេសមួយចំនួន ក៏បានជ្រៀតចូលមកប្រទេសកម្ពុជា ដើម្បីធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។\nដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់អភិបាលរាជធានី ខេត្ត និងស្នងការនគរបាលរាជធានី ខេត្ត ត្រូវទទួលខុសត្រូវដោយផ្ទាល់ ក្នុងការបោសសម្អាតគ្រប់ទីតាំងដែលមានសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឲ្យអស់ពីភូមិសាស្ត្រ និងដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។\nជុំវិញការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ដោយដាច់ខាតថា អាជ្ញាធរ អធិការក្រុង ស្រុក និងមេប៉ុស្តិ៍ ត្រូវបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់ ក្នុងការបង្ក្រាប និងទប់ស្កាត់សកម្មភាពឆបោកនេះ ឲ្យមានប្រសិទ្ធភាព និងតម្លាភាព ហើយនឹងមិនលើកលែងឡើយ ប្រសិនបើរកឃើញថា មានការគប់គិត ឬសម្រួលឲ្យមានសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋានរបស់ខ្លួន៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15133","languageVersionId":"11228","visibilityVersion":"2","versionToken":"a1.VC9giUY3lx22W2qFbKV5DfpXpfYolmXY6O_osVaPU8I"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-29T09:15:51Z"}