{"asset":"news","key":"4644","locale":"km","id":"news:4644:km","entityId":"news:4644","canonicalUrl":"https://www.kps-tv.com/km/news/detail/4644","state":"ready","title":"អភិបាលខេត្តព្រះសីហនុ៖ ប្រមុខថ្នាក់ដឹកនាំ តែងតែយកចិត្តទុកដាក់គិតគូពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនគ្រប់ពេលវេលា","summary":"ខេត្តព្រះសីហនុប្រគល់ផ្ទះបន្ថែម៣១ខ្នងដល់អតីតយុទ្ធជន ធ្វើឱ្យសរុប៦៥គ្រួសារ និងផ្ដល់ស្បៀង សម្ភារៈ និងថវិកានៅថ្ងៃទី១ ខែកុម្ភៈ។","body":"ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តព្រះសីហនុ បានលើកឡើងថា ការប្រគល់ផ្ទះជូនបងប្អូនអតីតយុទ្ធជននាពេលនេះ គឺជាការពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពី សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលតែងតែគិតគូ និងយកចិត្តទុកដាក់ជានិច្ច ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនទាំងអស់។\nឯកឧត្តមបានបញ្ជាក់ថា សម្តេចទាំងអស់បានចូលរួមអបអរសាទរ ចំពោះការទទួលបានផ្ទះថ្មីរបស់បងប្អូនអតីតយុទ្ធជន និងបានជូនពរឲ្យបងប្អូនមានសុខភាពល្អ កាយសម្បទាមាំមួន កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ និងមានសុភមង្គលក្នុងក្រុមគ្រួសារគ្រប់ៗគ្នា។\nជាមួយនឹងការទទួលបានសមិទ្ធផលនាពេលនេះ ឯកឧត្តមក៏បានលើកឡើងថា នៅតាមបន្ទាត់ព្រំដែននៃប្រទេសកម្ពុជាកំពុងប្រឈមនឹងស្ថានការណ៍ឈ្លានពានពីប្រទេសថៃផងដែរ ដែលតម្រូវឲ្យយើងទាំងអស់គ្នា ត្រូវរក្សាស្មារតីរួបរួម និងការពារអធិបតេយ្យភាពជាតិឲ្យបានរឹងមាំ។\nជាមួយគ្នានោះ ឯកឧត្តមប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តព្រះសីហនុ បានរំលេចពីប្រវត្តិសាស្ត្រដ៏ឈឺចាប់របស់ប្រទេសកម្ពុជា ដែលបានទទួលរងគ្រោះដោយសង្គ្រាមអស់រយៈពេលជាច្រើនទសវត្សរ៍ រួមទាំងសង្គ្រាមប្រល័យពូជសាសន៍ប៉ុលពត ដែលបានធ្វើឲ្យពលរដ្ឋស្លូតត្រង់ស្លាប់អស់រាប់លាននាក់។ ឯកឧត្តមបានគូសបញ្ជាក់ថា ដោយសារការដឹកនាំដ៏ឈ្លាសវៃ និងការយកចិត្តទុកដាក់របស់ សម្តេចតេជោ ហ៊ុន សែន បានខិតខំពុះពារគ្រប់ឧបសគ្គ ដើម្បីរំដោះប្រទេសជាតិឲ្យឆ្លងផុតពីសង្គ្រាម និងជំរុញឲ្យប្រទេសមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃ។\nឯកឧត្តម ម៉ាង ស៊ីណេត បានបន្ថែមថា សមិទ្ធផលទាំងអស់នេះ គឺមានការចូលរួមយ៉ាងសំខាន់ពីបងប្អូនអតីតយុទ្ធជន ដែលបានបូជាកម្លាំង ប្រាជ្ញា ស្មារតី សាច់ស្រស់ ឈាមស្រស់ ដើម្បីការពារអធិបតេយ្យភាពជាតិ ខណៈបងប្អូនមួយចំនួនបានបាត់បង់ជីវិត និងទទួលរងរបួសពិការភាព រហូតមកដល់សព្វថ្ងៃ។\nដោយមើលឃើញពីភាពអង់អាចក្លាហាន និងការតស៊ូដ៏ឥតស្រាកស្រាន្តរបស់បងប្អូនអតីតយុទ្ធជនទាំងអស់នេះ ទើបថ្នាក់ដឹកនាំជាន់ខ្ពស់ តែងតែយកចិត្តទុកដាក់គិតគូពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនគ្រប់ពេលវេលា។\nជាក់ស្តែង នៅថ្ងៃនេះ តាមរយៈរដ្ឋបាលខេត្ត និងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តព្រះសីហនុ បានប្រគល់ផ្ទះជូនបងប្អូនអតីតយុទ្ធជនចំនួន ៣១គ្រួសារ បន្ថែមទៀត ធ្វើឲ្យសរុបអតីតយុទ្ធជនទទួលបានផ្ទះមានចំនួន ៦៥គ្រួសារ ព្រមទាំងផ្តល់អំណោយសម្ភារៈប្រើប្រាស់ជូនគ្រប់គ្រួសារ រួមមាន អង្ករ ១០០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកត្រី ១យូ ឃីត ១ កន្ទេល ១ និងថវិកា ២០ម៉ឺនរៀល។ ដោយឡែក អតីតយុទ្ធជន ៣១គ្រួសារ ដែលទទួលបានផ្ទះថ្មី បានទទួលបន្ថែមសម្ភារៈផ្ទះបាយ ១ឈុត និងថវិកា ៥០ម៉ឺនរៀល។\nពិធីប្រគល់ផ្ទះ និងអំណោយនេះ បានប្រារព្ធឡើងនៅទីតាំងដីសង្គមកិច្ច ក្នុងភូមិមួយ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងបរិយាកាសសប្បាយរីករាយ និងពោរពេញដោយសេចក្តីកក់ក្តៅ។\nអត្ថបទ៖ ប៉ៃ សុឃីម\nរូបភាព៖ ទាវ វិឆាត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15117","languageVersionId":"11180","visibilityVersion":"2","versionToken":"a1.xXDaAnq56EW-R5nWlGLt5LORwYT8Z96i_GK55pwhxWU"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-01T09:47:22Z"}