# អាជ្ញាធរប្រាប់ឱ្យពលរដ្ឋចាកចេញពីអគារអតីតសាលាបឋមសិក្សាបដិវត្តន៍យ៉ាងយូរ៣០ថ្ងៃចៀសវាងគ្រោះថ្នាក់!

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4657>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"15106","languageVersionId":"11147","visibilityVersion":"2","versionToken":"a1.MSg8tPQnXwToPC5D38MZkoXobXsvIwXDpCQFSQi8UkQ"}

Original publication: 2026-02-02T04:25:33Z

ក្រសួងរៀបចំដែនដីឱ្យអ្នករស់នៅនិងប្រើប្រាស់អតីតសាលាបឋមសិក្សាបដិវត្តន៍រកទីស្នាក់នៅសុវត្ថិភាពភ្លាមៗ យ៉ាងយូរ៣០ថ្ងៃ ដោយអគារខូចខាតធ្ងន់ធ្ងរ។

ក្រសួងរៀបចំដែនដី បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលកំពុងរស់នៅ ប្រើប្រាស់ អាស្រ័យផលក្នុងអគារនិងដីកម្មសិទ្ធិរបស់អគារអតីតសាលាបឋមសិក្សាបដិវត្តន៍ចាកចេញទៅស្វែងរកទីកន្លែងស្នាក់នៅថ្មីដែលមានសុវត្ថិភាពជាបន្ទាន់ក្នុងរយៈពេលយ៉ាងយូរ៣០ថ្ងៃ។
ការអំពាវនាវឱ្យពលរដ្ឋចាកចេញពីអគារនេះ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី បានបញ្ជាក់ថា ដើម្បីបង្ការនិងបញ្ចៀសគ្រោះថ្នាក់ដល់អាយុជីវិតរាងកាយរបស់ប្រជាពលរដ្ឋ បន្ទាប់ពីក្រុមការងារជំនាញបានធ្វើការវិភាគគ្រឿងផ្គុំសំណង់អគារខាងលើ ពិនិត្យឃើញថា គុណភាពសំណង់អគារនេះមានការធ្លាក់ចុះខ្សោយយ៉ាងខ្លាំង។ ក្នុងនោះ ស្រទាប់បេតុងនិងសរសៃដែកភាគច្រើនបំផុតនៃធ្នឹមកម្រាលខណ្ឌនិងសសរបានផ្ទាត់ចេញ និងមានស្នាមច្រែះធ្ងន់ធ្ងរ ដែលធ្វើឱ្យបាត់បង់គុណភាពនិងលទ្ធភាពទ្រទ្រង់អគារទាំងមូល ប្រឈមនឹងហានិភ័យបាក់រលំដែលអាចកើតមានឡើងជាយថាហេតុ និងបានចាត់ថ្នាក់អគារនេះថា ជា“សំណង់ដែលមានសភាពគ្រោះថ្នាក់ដែលអាចកើតមានឡើងភ្លាមៗ” ។
“អគារអតីតសាលាបឋមសិក្សាបដិវត្តន៍” មានទីតាំងស្ថិតនៅផ្លូវលេខ១៤៤ កែងផ្លូវលេខ៤៩ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្រសួងថា ក្រុមការងារនឹងចាប់ផ្តើមអនុវត្តការងារតម្លើង ផ្ទាំងសេចក្តីប្រកាសព័ត៌មាន ស្ដីពីការចាត់វិធានការបញ្ចៀសគ្រោះថ្នាក់ចំពោះអគារនេះ នៅថ្ងៃទី០២ ខែកុម្ភៈ។ ក្នុងរយៈពេលយ៉ាងយូរ ៣០ថ្ងៃ ក្រសួងរៀបចំដែនដី និងរដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការមិនអនុញ្ញាតឱ្យមានការបន្តស្នាក់នៅឬប្រើប្រាស់អគារនេះទៀតឡើយ ហើយធ្វើការហ៊ុំព័ទ្ធ និងហាមចូលសំណង់អគារនេះ៕
ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


