{"asset":"news","key":"4672","locale":"km","id":"news:4672:km","entityId":"news:4672","canonicalUrl":"https://www.kps-tv.com/km/news/detail/4672","state":"ready","title":"កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលចំនួន៣ជាមួយវៀតណាមនិងឡាវដើម្បីរិតចំណងមិត្តភាព","summary":"CPP នឹងរៀបចំកិច្ចប្រជុំកំពូលពីរទ្វេភាគី និងមួយត្រីភាគីជាមួយបក្សវៀតណាមនិងឡាវ ថ្ងៃទី៦–៧ កុម្ភៈ ស្របនឹងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់មេដឹកនាំបក្សទាំងពីរ។","body":"គណបក្សប្រជាជនកម្ពុជា (CPP) នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលចំនួនបី ជាមួយថ្នាក់ដឹកនាំកំពូលនៃគណបក្សកុម្មុយនីស្តវៀតណាម និងគណបក្សប្រជាជនបដិវត្តន៍ឡាវ នៅថ្ងៃទី០៦ដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងនោះ មានកិច្ចប្រជុំកំពូលទ្វេភាគី និងកិច្ចប្រជុំកំពូលត្រីភាគី ដើម្បីលើកកម្ពស់ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ។\nបើតាមសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី០២ ខែកុម្ភៈ គណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំកំពូលទាំង៣នោះរួមមាន៖ ១. កិច្ចប្រជុំកំពូលទ្វេភាគី រវាងគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា និងការិយាល័យនយោបាយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដឹកនាំដោយឯកឧត្តម តូ ឡឹម អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តវៀតណាម។\n២. កិច្ចប្រជុំកំពូលទ្វេភាគី រវាងគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា និងការិយាល័យនយោបាយគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ដឹកនាំដោយលោក ថងលុន ស៊ីសូលីត អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ។\n៣. កិច្ចប្រជុំកំពូលត្រីភាគី រវាងអ្នកដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា បក្សកុម្មុយនីស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ ដឹកនាំដោយ ប្រធានគណបក្ស/អគ្គលេខាធិការបក្សទាំងបីរូប និងមានការចូលរួមពីនាយករដ្ឋមន្ត្រីនៃប្រទេសទាំងបី ថ្នាក់ដឹកនាំនៃរដ្ឋសភានៃប្រទេសទាំងបី និងឥស្សរជនរបស់គណបក្សមួយចំនួនទៀត។\nសេចក្ដីប្រកាសដដែល បានបញ្ជាក់ថា កិច្ចប្រជុំកំពូលទាំងបី រៀបចំឡើងដើម្បីលើកកម្ពស់ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី កិច្ចសហ ប្រតិបត្តិការ និងការជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងការដោះស្រាយបញ្ហានានា ក្នុងទំនាក់ទំនងរវាងគណបក្ស ទាំងបីឲ្យបានទាន់ពេល និងមានប្រសិទ្ធភាព។\nទន្ទឹមគ្នានេះ ក្នុងស្មារតីគោរពគ្នាទៅវិញទៅមក ដើម្បីឯករាជ្យភាព អធិបតេយ្យ សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ផលប្រយោជន៍ គណបក្ស រដ្ឋនិងប្រជាជន នៃប្រទេសទាំងបី កិច្ចប្រជុំ ក៏នឹងចូលរួមចំណែកដល់ការកសាង និងការពារសន្តិភាព និងវិបុលភាពតំបន់ និងពិភពលោក។\nគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់បន្ថែមថា កិច្ចប្រជុំកំពូលទាំងបីខាងលើ គឺត្រូវបានរៀបចំស្របគ្នានឹងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម តូ ឡឹម អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តវៀតណាមនៅកម្ពុជា នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ និងដំណើរបំពេញ ទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ថងលុន ស៊ីសូលីត អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិម បក្សប្រជាជនបដិវត្តន៍ឡា និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនៅកម្ពុជា នៅ ថ្ងៃទី៦-៧ ខែកុម្ភៈ ឆ្នាំ២០២៦ តបតាមព្រះរាជអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15097","languageVersionId":"11120","visibilityVersion":"2","versionToken":"a1.PlI6b5QNe6Y6Ameq7cpcQHZkwmCo7GP2A_xFzNLDDQw"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-02T10:08:46Z"}