{"asset":"news","key":"4674","locale":"km","id":"news:4674:km","entityId":"news:4674","canonicalUrl":"https://www.kps-tv.com/km/news/detail/4674","state":"ready","title":"កម្ពុជាមានរោងចក្រធុនធំកំពុងដំណើរការជាង៣ពាន់មូលដ្ឋានខណៈទុនកើនជិត៥ពាន់លានដុល្លារត្រឹមឆ្នាំ២០២៥!","summary":"គិតត្រឹមចុងឆ្នាំ២០២៥ កម្ពុជាមានរោងចក្រធុនធំកំពុងដំណើរការ៣០៨៣ និងទុនវិនិយោគ២៥,១៦៨លានដុល្លារ ខណៈរដ្ឋមន្ត្រី ហែម វណ្ណឌី ជំរុញការអនុវត្តស្តង់ដារបច្ចេកទេសនិងសុវត្ថិភាពឧស្សាហកម្ម។","body":"គិតត្រឹមចុងឆ្នាំ២០២៥ កម្ពុជាមានរោងចក្រធុនធំកំពុងដំណើរការជាង៣ពាន់ កើនឡើង៦៥៨មូលដ្ឋាន ស្មើនឹង២៧ភាគរយ ខណៈទុនវិនិយោគសរុបមានចំនួន២៥,១៦៨លានដុល្លារអាមេរិក កើនឡើង៤,៧១១លានដុល្លារអាមេរិក ស្មើនឹង២៣ភាគរយ បើធៀបនឹងឆ្នាំ២០២៤។\nក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំប្លង់បច្ចេកទេស ប្រកាសស្តីពីប្រព័ន្ធគ្រប់គ្រងការបំពុល និងការគ្រប់គ្រងហានិភ័យនៅក្នុងរោងចក្រ សហគ្រាស និងសិប្បកម្ម ក្នុងគោលដៅពង្រឹងសុវត្ថិភាពឧស្សាហកម្ម នៅថ្ងៃទី០២ ខែកុម្ភៈ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសបញ្ជាក់ថា វិស័យឧស្សាហកម្មកម្ពុជាបាននិងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ គិតត្រឹមចុងឆ្នាំ២០២៥ កម្ពុជាមានរោងចក្រធុនធំកំពុងដំណើរការចំនួន ៣,០៨៣ កើនឡើង ៦៥៨ មូលដ្ឋាន ស្មើនឹង ២៧% ធៀបនឹងឆ្នាំ២០២៤។\nចំណែក ទុនវិនិយោគសរុបមានចំនួន ២៥,១៦៨ លានដុល្លារអាមេរិក កើនឡើង ៤,៧១១ លានដុល្លារអាមេរិក ស្មើនឹង ២៣% ក្នុងនោះទុនវិនិយោគក្នុងស្រុកមានចំនួន ៣,៩០៦ លានដុល្លារអាមេរិក ស្មើនឹង ១៥% នៃទុនវិនិយោគសរុប។\nស្របជាមួយនឹងកំណើននៃរោងចក្រធុនធំទាំងនេះ ឯកឧត្តម ហែម វណ្ណឌី  បានណែនាំ និងលើកទឹកចិត្តឱ្យម្ចាស់រោងចក្រ-សហគ្រាសទាំងអស់ ចូលរួមអនុវត្តគោលការណ៍ណែនាំប្លង់បច្ចេកទេស ប្រព័ន្ធគ្រប់គ្រងការបំពុល និងការគ្រប់គ្រងហានិភ័យ ដែលក្រសួងបានដាក់ចេញឱ្យបានខ្ជាប់ខ្ជួន ដើម្បីបង្កើនប្រសិទ្ធភាព ផលិតភាព និងកាត់បន្ថយគ្រោះថ្នាក់ដែលអាចបង្កការខាតបង់ដល់អាយុជីវិត ទ្រព្យសម្បត្តិ និងកេរ្តិ៍ឈ្មោះអាជីវកម្ម ព្រមទាំងបញ្ចៀសការរងពិន័យពីស្ថាប័នមានសមត្ថកិច្ចជាយថាហេតុ។\nឯកឧត្តមបញ្ជាក់ថា គោលការណ៍ណែនាំទាំងនេះត្រូវបានរៀបចំឡើងដើម្បីត្រួសត្រាយអនាគតនៃការអភិវឌ្ឍឧស្សាហកម្មកម្ពុជា ដោយតម្រង់ទិសឱ្យរោងចក្រ សហគ្រាស និងសិប្បកម្ម រៀបចំប្លង់បច្ចេកទេស ការពារសុវត្ថិភាព និងគ្រប់គ្រងហានិភ័យ ដូចជាការបង្ការអគ្គិភ័យ ការកាត់បន្ថយការបំពុល និងការគ្រប់គ្រងសំណល់ឧស្សាហកម្ម តាមនិយាមរបស់ជាតិ និងឧត្តមានុវត្តន៍ជាអន្តរជាតិ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15096","languageVersionId":"11117","visibilityVersion":"2","versionToken":"a1.V9u71KMNstQqKDSwJ39bKSzs24-5e-8ArSpWaNHFKXk"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-03T02:34:37Z"}