# មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ផលប៉ះពាល់នៃគម្រោងព្រែកជីកហ្វូណនកំពុងដោះស្រាយជាបន្តបន្ទាប់

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4685>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"15089","languageVersionId":"11096","visibilityVersion":"2","versionToken":"a1.KVooyrFK5gtWyQyOiXrVOxDxBJGn8INrb9x6fLdFKj4"}

Original publication: 2026-02-03T06:56:42Z

មាស សុខសេនសាន ថា ការដោះស្រាយផលប៉ះពាល់ព្រែកជីកកំពុងបន្ត ហើយក្រុមហ៊ុនចង់បានគន្លងវែងមុនចាប់ផ្ដើម ដើម្បីជៀសវាងការងារដាច់ៗ។

ផលប៉ះពាល់នៃគម្រោងព្រែកជីកហ្វូណនតេជោបាននិងកំពុងដំណើរការដោះស្រាយជាបន្តបន្ទាប់ ខណៈក្រុមការងារអាចចាប់ផ្តើមសាងសង់បានហើយ ប៉ុន្តែក្រុមហ៊ុនសាងសង់ស្នើឱ្យមានការដោះស្រាយជាមួយប្រជាពលរដ្ឋនៅតាមគន្លងនៃព្រែកជីកនេះឱ្យបានចម្ងាយវែងសិនទើបអនុវត្តការងារ។ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងដូច្នេះនៅក្នុងវេទិកាសាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាជាតិ ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ កាលពីថ្ងៃទី០២ ខែកុម្ភៈ។
ជាមួយគ្នានេះ ឯកឧត្តម មាស សុខសេនសាន បានពន្យល់ថា កាលពីឆ្នាំ២០២៥កន្លងទៅ គម្រោងព្រែកជីកហ្វូណនតេជោ បានបញ្ចប់ការគូសវាស់តម្រាយផ្លូវក្នុងការដោះស្រាយផលប៉ះពាល់រួចរាល់ហើយ។ ចំណែកឆ្នាំថ្មីនេះយើងបានចាប់ផ្តើមដោះស្រាយជាបណ្តើរៗលើដីដែលជាផលប៉ះពាល់របស់ប្រជាពលរដ្ឋ ខណៈការចាប់ផ្តើមដោះស្រាយផលប៉ះពាល់នាពេលនេះ គឺស្ថិតក្នុងគន្លងនៃផែនការសម្រាប់គម្រោងព្រែកជីកហ្វូណនតេជោដែរ ដែលអាចនឹងបញ្ចប់គម្រោងនៅឆ្នាំ២០២៨។
ប៉ុន្តែទោះបីជាយ៉ាងណា ឯកឧត្តមរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច បានសង្កត់ធ្ងន់ថា «ជាបច្ចេកទេសយើងក៏អាចចាប់ផ្តើមបុកគ្រឹះកន្លែងមួយចំនួនបាន ក៏ប៉ុន្តែខាងក្រុមហ៊ុនសាងសង់ ជាបច្ចេកទេសរបស់គាត់ គាត់ចង់ឱ្យយើងដោះស្រាយជាមួយប្រជាពលរដ្ឋតាមគន្លងផ្លូវនេះឱ្យបានវែងសិន ដើម្បីនៅពេលចាប់ផ្តើមគេចង់ធ្វើឱ្យបានវែង មិនចង់ធ្វើហើយឈប់នោះទេ អីចឹងយើងត្រូវការដោះស្រាយឱ្យបានវែងបន្តិច ដើម្បីដំណើរការបានរលូន»។
សូមរម្លឹកថា គម្រោងព្រែកជីកហ្វូណនតេជោដែលមានចម្ងាយ ១៨០គីឡូម៉ែត្រពីទន្លេបាសាក់ទៅកាន់សមុទ្រខេត្តកែបដែលត្រូវឆ្លង៤ខេត្ត គឺខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប និងត្រូវចំណាយថវិកាសាងសង់ប្រមាណ ១,៧ពាន់លានដុល្លារ។ គម្រោងព្រែកជីកហ្វូណននេះជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនខ្មែរដែលមានទុនវិនិយោគចំនួន ៥១% និងក្រុមហ៊ុនចិន CRBC ចំនួន ៤៩% ក្នុងរូបភាព BOT។ គម្រោងព្រែកជីកនេះ បានបើកការដ្ឋានសាងសង់កាលពីអំឡុងដើមខែសីហា ឆ្នាំ២០២៤ និងតាមផែនការ គម្រោងនេះគ្រោងនឹងសាងសង់រួចរាល់នៅឆ្នាំ២០២៨៕
ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


