{"asset":"news","key":"4697","locale":"km","id":"news:4697:km","entityId":"news:4697","canonicalUrl":"https://www.kps-tv.com/km/news/detail/4697","state":"ready","title":"ក្រសួងទេសចរណ៍បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងកំណត់ទិសដៅអភិវឌ្ឍវិស័យទេសចរណ៍ឆ្នាំ២០២៦","summary":"ក្រសួងទេសចរណ៍បើកសន្និបាតពីថ្ងៃទី៣ ដល់៤ កុម្ភៈ ដើម្បីវាយតម្លៃការងារឆ្នាំ២០២៥ និងកំណត់ទិសដៅឆ្នាំ២០២៦ ដោយមានអ្នកចូលរួមផ្ទាល់និងតាម Zoom ជាង២០០០នាក់។","body":"នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦។\nសន្និបាតនេះរៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន ៣ រួមមាន៖ ១. បូកសរុបស្ថានភាពវិស័យទេសចរណ៍ក្នុងកម្រិតសកល តំបន់ និងកម្ពុជា, ២. ត្រួតពិនិត្យ វាយតម្លៃ និងបូកសរុបលទ្ធផលការងារដែលសម្រេចបាន និងមិនទាន់សម្រេចបាន ក្នុងចន្លោះពីសន្និបាតឆ្នាំ២០២៥ ដល់សន្និបាតឆ្នាំ២០២៦នេះ ដោយផ្តោតលើការពិភាក្សា ផ្លាស់ប្តូរយោបល់ និងផ្តល់ធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីកំណត់ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងសំណូមពរជាក់ស្តែង, និង ៣.ដាក់ចេញនូវវិធានការគន្លឹះ និងទិសដៅការងារបន្ត សម្រាប់អភិវឌ្ឍវិស័យទេសចរណ៍ដោយឈរលើភាពជាក់ស្តែង ប្រាកដនិយម ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» និងអភិក្រម «រួមគិត រួមធ្វើ រួមទទួលខុសត្រូវ និងរួមគ្នាទទួលផល»។\nឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា សន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ ជាសន្និបាតមហាគ្រួសារវិស័យទេសចរណ៍ ដែលមានលក្ខណៈបើកទូលាយ និងរៀបចំក្នុងទម្រង់ Hybrid ដោយមានអ្នកចូលរួមផ្ទាល់ប្រមាណជាង ១,៣០០រូប និងចូលរួមតាមប្រព័ន្ធZoom ប្រមាណ៧០០រូប សរុបជាង២,០០០រូប មកពីគ្រប់ថ្នាក់ និងគ្រប់វិស័យពាក់ព័ន្ធ។\nអ្នកចូលរួមរួមមាន ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងទេសចរណ៍ តំណាងអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធ គណៈអភិបាលរាជធានី–ខេត្ត និងមន្ទីរទេសចរណ៍ទាំង ២៥ រាជធានី–ខេត្ត តំណាងអង្គទូតបរទេសប្រចាំកម្ពុជា ដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិ វិស័យឯកជន អង្គភាពសារព័ត៌មានជាតិ–អន្តរជាតិ ព្រមទាំងសមាជិកមហាគ្រួសារវិស័យទេសចរណ៍ជាច្រើន។\nជាមួយគ្នានេះ សន្និបាតឆ្នាំ២០២៦ ក៏មានការតាំងពិព័រណ៍សក្តានុពលតំបន់ទេសចរណ៍តាមបណ្ដារាជធានី–ខេត្ត ការតាំងបង្ហាញអាជីវកម្ម និងសេវាកម្មទេសចរណ៍ ព្រមទាំងកិច្ចពិភាក្សាលើប្រធានបទសំខាន់ៗចំនួន៩ ដែលផ្តោតលើគុណភាពសេវាកម្ម ការព្យាករណ៍ទេសចរណ៍ ការតភ្ជាប់ដំណើរកម្សាន្ត បរិវត្តកម្មឌីជីថល យុទ្ធសាស្ត្រទីផ្សារ និងការលើកកម្ពស់ទេសចរណ៍ចីរភាព។\nឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា សន្និបាតនេះនឹងដើរតួនាទីជាវេទិកាជាតិដ៏សំខាន់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជាក្នុងតំបន់ និងអន្តរជាតិ ដោយមានទិសដៅអភិវឌ្ឍច្បាស់លាស់ប្រកបដោយនិរន្តភាព ភាពធន់ និងបរិយាបន្ន។ ដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15082","languageVersionId":"11075","visibilityVersion":"2","versionToken":"a1.Co9_sFmeWqEHZ5PO_bYdU4cKWq7jMbRTPamL4MNfDEI"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-04T02:32:44Z"}