{"asset":"news","key":"4714","locale":"km","id":"news:4714:km","entityId":"news:4714","canonicalUrl":"https://www.kps-tv.com/km/news/detail/4714","state":"ready","title":"Air Cambodia ទិញ Boeing 737 MAX រហូតដល់២០គ្រឿង ក្នុងនោះ១០គ្រឿងជាការបញ្ជាទិញច្បាស់លាស់","summary":"Boeing បានប្រកាសនៅ Singapore Airshow ថ្ងៃទី៣ កុម្ភៈថា Air Cambodia បានបញ្ចប់ការបញ្ជាទិញ 737-8 ច្បាស់លាស់១០គ្រឿង និងឱកាសទិញបន្ថែម១០គ្រឿង កាលពីខែធ្នូ ឆ្នាំ២០២៥។","body":"កម្ពុជា តាមរយៈក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia បានសម្រេចចុះកិច្ចព្រមព្រៀងទិញយន្តហោះ Boeing 737-8 (737 MAX) ចំនួនរហូតដល់ ២០គ្រឿងពីសហរដ្ឋអាម៉េរិក ក្នុងនោះការបញ្ជាទិញច្បាស់លាស់១០គ្រឿង និងឱកាសទិញបន្ថែម១០គ្រឿង ដែលជាយន្តហោះមានបច្ចេកវិទ្យាទំនើប និងសន្សំសំចៃប្រេងខ្ពស់ ដោយគ្រោងនឹងដាក់ឱ្យដំណើរការនៅកម្ពុជានាពេលឆាប់ៗខាងមុខ។\nBoeing បានប្រកាសកិច្ចព្រមព្រៀងនេះនៅក្នុងព្រឹត្តិការណ៍ Singapore Airshow ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦។ ការបញ្ជាទិញច្បាស់លាស់១០គ្រឿង និងឱកាសទិញបន្ថែម១០គ្រឿងត្រូវបានបញ្ចប់កាលពីខែធ្នូ ឆ្នាំ២០២៥ ហើយនេះជាការបញ្ជាទិញយន្តហោះពី Boeing លើកដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ។\nនាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា លោកបណ្ឌិត David Zhan យល់ឃើញថា ការវិនិយោគដ៏ធំធេងនេះ មិនត្រឹមតែជាការបង្កើនចំនួនយន្តហោះប៉ុណ្ណោះទេ ប៉ុន្តែគឺជាមហិច្ឆតាក្នុងការតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក។ លោកបណ្ឌិតពន្យល់បន្ថែមថា៖ «យន្តហោះប្រភេទ 737-8 ផ្តល់នូវតុល្យភាពដ៏ប្រសើររវាងចម្ងាយហោះហើរ សមត្ថភាពការដឹកជញ្ជូន និងប្រសិទ្ធភាពនៃការប្រើប្រាស់ប្រេង ដែលនឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់សម្រាប់ដំណាក់កាលនៃកំណើនបន្តបន្ទាប់របស់យើង»។\nដោយឡែក កាលពីដើមខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានធ្វើទស្សនកិច្ចជាផ្លូវការ និងស្វែងយល់ពីក្រុមហ៊ុនផលិតយន្តហោះប៊ូអ៊ីង (Boeing) នៅទីក្រុង Seattle សហរដ្ឋអាម៉េរិក ដែលជាក្រុមហ៊ុនផលិតយន្តហោះលំដាប់ពិភពលោកផងដែរ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15072","languageVersionId":"11045","visibilityVersion":"2","versionToken":"a1.1Jln-CRs5GjAvvzODvws7HbBEcwtkfe9vMtHOi1vZtk"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-04T08:50:08Z"}