{"asset":"news","key":"4718","locale":"km","id":"news:4718:km","entityId":"news:4718","canonicalUrl":"https://www.kps-tv.com/km/news/detail/4718","state":"ready","title":"កម្ពុជាតវ៉ាផ្លូវការប្រឆាំងនឹងទស្សនកិច្ចត្រួតពិនិត្យដោយគ្មានការអនុញ្ញាត ដឹកនាំដោយប្រធានចារកម្មកងទ័ពថៃ លើទឹកដីកម្ពុជា","summary":"ក្រសួងការបរទេសតវ៉ាទស្សនកិច្ចថ្ងៃទី២ កុម្ភៈ ដឹកនាំដោយប្រធានចារកម្មកងទ័ពថៃ រួមជាមួយអនុព័ន្ធយោធាបរទេសនិងមន្ត្រីអនុវត្តច្បាប់ នៅសណ្ឋាគារពីរកន្លែងក្នុងអូរស្មាច់ ដោយគ្មានការយល់ព្រមពីកម្ពុជា។","body":"ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីតវ៉ាផ្លូវការយ៉ាងខ្លាំង ប្រឆាំងនឹងទស្សនកិច្ចត្រួតពិនិត្យទីតាំងដោយគ្មានការអនុញ្ញាត ដែលដឹកនាំដោយប្រធានចារកម្មកងទ័ពថៃ រួមជាមួយអនុព័ន្ធយោធាបរទេសមួយក្រុម និងមន្ត្រីអនុវត្តច្បាប់ នៅសណ្ឋាគារចំនួន ២ កន្លែង ស្ថិតនៅក្នុងស្រុកអូរស្មាច់ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦។\nក្រសួងបានបញ្ជាក់ថា ទស្សនកិច្ចត្រួតពិនិត្យខាងលើ ត្រូវបានអនុវត្តដោយគ្មានការយល់ព្រមពីរាជរដ្ឋាភិបាលកម្ពុជា ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ ទីតាំងដែលត្រូវបានធ្វើទស្សនកិច្ចនោះ ស្ថិតនៅចម្ងាយប្រមាណ ៣៩៧ ម៉ែត្រ ពីច្រកអន្តរជាតិអូរស្មាច់ ជិតបង្គោលព្រំដែនលេខ ១៥ ដែលជាតំបន់ធ្លាប់ស្ថិតក្រោមការកាន់កាប់ដោយកងកម្លាំងប្រដាប់អាវុធថៃ ក្នុងអំឡុងពេលនៃការវាយលុកលើទឹកដីកម្ពុជា ចន្លោះពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។\nរាជរដ្ឋាភិបាលកម្ពុជា បានបដិសេធ និងជំទាស់យ៉ាងដាច់អហង្ការចំពោះសកម្មភាពរបស់ភាគីថៃ រួមទាំងការប៉ុនប៉ងអនុវត្តអធិបតេយ្យភាពដោយខុសច្បាប់ តាមរយៈការរៀបចំទស្សនកិច្ចត្រួតពិនិត្យនេះ ដែលត្រូវបានចាត់ទុកថា ជាការប៉ុនប៉ងធ្វើឱ្យស្របច្បាប់នូវការកាន់កាប់ទឹកដីអធិបតេយ្យរបស់កម្ពុជា និងជាការរំលោភលើគោលការណ៍មូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។\nទន្ទឹមនឹងការតវ៉ាយ៉ាងដាច់ខាតនេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន ក្នុងការស្វែងរកដំណោះស្រាយចំពោះជម្លោះព្រំដែនទាំងអស់ ជាមួយព្រះរាជាណាចក្រថៃ និងប្រទេសជិតខាង តាមរយៈមធ្យោបាយសន្តិភាព ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍ថា ព្រំដែនមិនអាចផ្លាស់ប្តូរដោយការប្រើកម្លាំងឡើយ។\nដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15070","languageVersionId":"11039","visibilityVersion":"2","versionToken":"a1.T8XnAMHdlb3t3TztxUAfARla6tKkZuzpDkngNasU-NA"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-04T09:41:33Z"}