# កម្ពុជាតវ៉ាផ្លូវការប្រឆាំងនឹងទស្សនកិច្ចត្រួតពិនិត្យដោយគ្មានការអនុញ្ញាត ដឹកនាំដោយប្រធានចារកម្មកងទ័ពថៃ លើទឹកដីកម្ពុជា

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4718>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"15070","languageVersionId":"11039","visibilityVersion":"2","versionToken":"a1.T8XnAMHdlb3t3TztxUAfARla6tKkZuzpDkngNasU-NA"}

Original publication: 2026-02-04T09:41:33Z

ក្រសួងការបរទេសតវ៉ាទស្សនកិច្ចថ្ងៃទី២ កុម្ភៈ ដឹកនាំដោយប្រធានចារកម្មកងទ័ពថៃ រួមជាមួយអនុព័ន្ធយោធាបរទេសនិងមន្ត្រីអនុវត្តច្បាប់ នៅសណ្ឋាគារពីរកន្លែងក្នុងអូរស្មាច់ ដោយគ្មានការយល់ព្រមពីកម្ពុជា។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីតវ៉ាផ្លូវការយ៉ាងខ្លាំង ប្រឆាំងនឹងទស្សនកិច្ចត្រួតពិនិត្យទីតាំងដោយគ្មានការអនុញ្ញាត ដែលដឹកនាំដោយប្រធានចារកម្មកងទ័ពថៃ រួមជាមួយអនុព័ន្ធយោធាបរទេសមួយក្រុម និងមន្ត្រីអនុវត្តច្បាប់ នៅសណ្ឋាគារចំនួន ២ កន្លែង ស្ថិតនៅក្នុងស្រុកអូរស្មាច់ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្រសួងបានបញ្ជាក់ថា ទស្សនកិច្ចត្រួតពិនិត្យខាងលើ ត្រូវបានអនុវត្តដោយគ្មានការយល់ព្រមពីរាជរដ្ឋាភិបាលកម្ពុជា ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ ទីតាំងដែលត្រូវបានធ្វើទស្សនកិច្ចនោះ ស្ថិតនៅចម្ងាយប្រមាណ ៣៩៧ ម៉ែត្រ ពីច្រកអន្តរជាតិអូរស្មាច់ ជិតបង្គោលព្រំដែនលេខ ១៥ ដែលជាតំបន់ធ្លាប់ស្ថិតក្រោមការកាន់កាប់ដោយកងកម្លាំងប្រដាប់អាវុធថៃ ក្នុងអំឡុងពេលនៃការវាយលុកលើទឹកដីកម្ពុជា ចន្លោះពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
រាជរដ្ឋាភិបាលកម្ពុជា បានបដិសេធ និងជំទាស់យ៉ាងដាច់អហង្ការចំពោះសកម្មភាពរបស់ភាគីថៃ រួមទាំងការប៉ុនប៉ងអនុវត្តអធិបតេយ្យភាពដោយខុសច្បាប់ តាមរយៈការរៀបចំទស្សនកិច្ចត្រួតពិនិត្យនេះ ដែលត្រូវបានចាត់ទុកថា ជាការប៉ុនប៉ងធ្វើឱ្យស្របច្បាប់នូវការកាន់កាប់ទឹកដីអធិបតេយ្យរបស់កម្ពុជា និងជាការរំលោភលើគោលការណ៍មូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។
ទន្ទឹមនឹងការតវ៉ាយ៉ាងដាច់ខាតនេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន ក្នុងការស្វែងរកដំណោះស្រាយចំពោះជម្លោះព្រំដែនទាំងអស់ ជាមួយព្រះរាជាណាចក្រថៃ និងប្រទេសជិតខាង តាមរយៈមធ្យោបាយសន្តិភាព ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍ថា ព្រំដែនមិនអាចផ្លាស់ប្តូរដោយការប្រើកម្លាំងឡើយ។
ដោយ៖ KPS99TV

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


