# ព្យុះពែនញ៉ាមានឥទ្ធិពលលើកម្ពុជាអាចមានភ្លៀងធ្លាក់ផ្គររន្ទះនិងខ្យល់កន្រ្តាក់ដល់ថ្ងៃ១២កុម្ភៈ!

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4747>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"15055","languageVersionId":"10994","visibilityVersion":"2","versionToken":"a1.e_OXPoar9jZmTZ1fvCltj8Ulxst3mNZUwjvpzW0p5HQ"}

Original publication: 2026-02-05T10:18:46Z

ក្រសួងធនធានទឹកព្យាករណ៍ភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ថ្ងៃទី៦ ដល់១២ កុម្ភៈ ដោយកម្ពុជាមិនស្ថិតលើគន្លងព្យុះប៉េនហាទេ ប៉ុន្តែខ្យល់មូសុងនឹងរងឥទ្ធិពល។

កម្ពុជា នឹងរងឥទ្ធិពលពី«ព្យុះពែនញ៉ា» ដែលអាចនាំឱ្យមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់នៅតាមបណ្តារាជធានីខេត្តស្ទើតែទូទាំងប្រទេស ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក បានឱ្យដឹងនៅថ្ងៃទី០៥ ខែកុម្ភៈនេះថា
បន្ទាប់ពីធ្វើការតាមដាន វិភាគ និងព្យាករស្ថានភាពអាកាសធាតុរួចមក ក្រសួងសូមជម្រាបសាធារណជនឱ្យបានជ្រាបថា សម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី២ឈ្មោះ ពែនញ៉ា(Penha) T2602។ ប្រទេសកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះនេះទេ។ ប៉ុន្តែទោះបីជាយ៉ាងណា «ព្យុះពែនញ៉ា» នេះ មានឥទ្ធិពលលើរបបខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើប្រទេសកម្ពុជា។
ស្ថានភាពបែបនេះ ក្រសួងបញ្ជាក់ថា តំបន់វាលទំនាប មានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ព្រៃវែង ត្បូងឃ្មុំ ស្វាយរៀង តាកែវ កណ្ដាល និងរាជធានីភ្នំពេញ អាចនឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១៥ភាគរយ។
ចំណែក តំបន់ខ្ពង់រាប មានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ១០ភាគរយ។ រីឯ ខេត្តស្ទឹងត្រែង និងរតនគិរី ពុំមានភ្លៀងធ្លាក់ទេ។ ដោយឡែក តំបន់មាត់សមុទ្រ មានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ២០ភាគរយ ខណៈរលកសមុទ្រមានកម្ពស់ចន្លោះពី ០,៥០ម៉ែត្រទៅ ១,២០ម៉ែត្រ។
យោងលើការព្យាករដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹក បានអំពាវនាវឱ្យសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ ជាពិសេសបងប្អូនដែលធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក។ ក្រសួងនឹងបន្តធ្វើការតាមដាន និង វិភាគអំពីស្ថានភាពធាតុអាកាសដើម្បីជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល៕
ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


