# សំណល់ទឹកកខ្វក់ចេញពីរោងចក្រសហគ្រាសជាង៧ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃត្រូវបានទប់ស្កាត់

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4763>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"15047","languageVersionId":"10970","visibilityVersion":"2","versionToken":"a1.MCwNeMUMbAaamJVKxvNgQDnrBNc7RVeE_UubmJR2-XA"}

Original publication: 2026-02-06T07:45:36Z

ក្រសួងបរិស្ថានថា រោងចក្រចំនួន៥៥មានប្រព័ន្ធតាមដានទឹកកខ្វក់ដោយខ្លួនឯង ហើយខែមករា ឆ្នាំ២០២៦ បានទប់ស្កាត់ការបង្ហូរទឹកកខ្វក់ជាង២លានម៉ែត្រគូប។

ដើម្បីកុំឱ្យមានការប៉ះពាល់ដល់សុខភាពសាធារណៈ និងការរស់នៅរបស់ប្រជាពលរដ្ឋ សំណល់រាវកខ្វក់ចេញពីក្រុមហ៊ុន រោងចក្រ សហគ្រាសនានាចំនួន ៧០,៨៧៥ម៉ែត្រគូបក្នុង១ថ្ងៃ និងចំនួនជាង២លានម៉ែត្រគូបក្នុងមួយខែ ត្រូវបានទប់ស្កាត់។ ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានមើលឃើញពីការចូលរួមរបស់រោងចក្រ សហគ្រាស និងក្រុមហ៊ុន ក្នុងការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវនាពេលកន្លងមក។
ឯកឧត្តមអ្នកនាំពាក្យ បានបញ្ជាក់ថា លទ្ធផលសម្រេចបាននេះ ដោយសារក្រសួងបរិស្ថានបានចាត់វិធានការច្បាប់ ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ ខណៈរោងចក្រ សហគ្រាស និងក្រុមហ៊ុនមានសក្តានុពលប្រភពបំពុលដោយសំណល់រាវចេញពីទីតាំងរបស់ខ្លួន ប្រភេទរោងចក្របោកគក់ ជ្រលក់ពណ៌ និងប្រភេទរោងចក្រផលិតផលិតផលពាក់កណ្តាលសម្រេច ដោយប្រើប្រាស់វត្ថុដើមគីមីជាដើម។  
ឯកឧត្តម ខ្វៃ អាទិត្យា បានលើកឡើងថា គិតត្រឹមខែមករា ឆ្នាំ២០២៦ ក្រុមហ៊ុន រោងចក្រ និងសហគ្រាសចំនួន៥៥កន្លែងនៅទូទាំងប្រទេស បានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវរួចរាល់ហើយ ដើម្បីអាចត្រួតពិនិត្យ និងតាមដានពីចម្ងាយប្រកបដោយប្រសិទ្ធភាពខ្ពស់នូវដំណើរការប្រព្រឹត្តិកម្មសម្អាតសំណល់រាវ រួមទាំងគុណភាពសំណល់រាវត្រូវបញ្ចេញ ដោយមិនចាំបាច់ចាត់មន្ត្រីចុះអធិការកិច្ចនៅទីតាំងរោងចក្រ សហគ្រាសដោយផ្ទាល់ឡើយ។ ចំណែក ទិន្នន័យបរិមាណ និងកម្រិតសារធាតុបំពុល (Pollution Levels) ដែលផ្តល់ដោយប្រព័ន្ធនេះមានលក្ខណៈវិទ្យាសាស្រ្ត សុក្រឹត្យភាព និងអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ។
សូមជម្រាបថា ក្នុងឆ្នាំ២០២៥ ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវកខ្វក់បានចំនួនជាង ២០លានម៉ែត្រគូប។ ដោយឡែក ក្នុងខែមករា ឆ្នាំ២០២៦ បរិមាណទឹកខ្វក់ចេញពីរោងចក្រសហគ្រាសចំនួនជាង ២,១៩៧,១២៥ម៉ែត្រគូប ត្រូវបានទប់ស្កាត់មិនឱ្យបញ្ចេញទៅបំពុលបរិស្ថាន៕
ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


