# កម្ពុជា-វៀតណាមប្តេជ្ញាគោរពរាល់កិច្ចព្រមព្រៀងពាក់ព័ន្ធព្រំដែនក្នុងអំឡុងរង់ចាំការកំណត់ព្រំដែនសមុទ្រ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4778>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"15038","languageVersionId":"10943","visibilityVersion":"2","versionToken":"a1.fx6Vtdo6M3YUXSqfegHarBS7R_OmF9osnNLFiSDVyHc"}

Original publication: 2026-02-07T06:51:21Z

សេចក្តីថ្លែងការណ៍រួមក្រោយជំនួបថ្ងៃទី៦ ខែកុម្ភៈ បានបញ្ជាក់ការគោរពកិច្ចព្រមព្រៀងព្រំដែនដែលមាន រួមទាំងកិច្ចព្រមព្រៀងដែនទឹកប្រវត្តិសាស្ត្រឆ្នាំ១៩៨២ និងជំរុញការខណ្ឌសីមាព្រំដែនគោកប្រមាណ១៦ភាគរយដែលនៅសល់។

ក្នុងជំនួបកំពូលរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាក្នុងព្រះរាជបរមនាមជាប្រមុខរដ្ឋ និងឯកឧត្តម តូ ឡឹម អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម កាលពីថ្ងៃទី០៦ ខែកុម្ភៈ ភាគីទាំងពីរបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគោរព និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់កិច្ចព្រមព្រៀងដែលពាក់ព័ន្ធនឹងព្រំដែន រួមទាំងកិច្ចព្រមព្រៀងឆ្នាំ១៩៨២ ស្តីពីតំបន់ទឹកប្រវត្តិសាស្រ្តកម្ពុជា-វៀតណាម ក្នុងអំឡុងពេលរង់ចាំការកំណត់ព្រំដែនសមុទ្រ។
តាមរយៈសេចក្តីថ្លែងការណ៍រួម ក្នុងជំនួបកំពូលនេះ ភាគីទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើបញ្ហាពាក់ព័ន្ធនឹងសមុទ្រផងដែរ។ ទន្ទឹមគ្នានេះ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះការបន្តកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-វៀតណាម វៀតណាម-កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទៅវិញទៅមកលើការងារខណ្ឌសីមាព្រំដែនគោកដែលនៅសេសសល់ប្រមាណ ១៦ភាគរយ ដោយផ្តល់អាទិភាពលើការដោះស្រាយបញ្ហា ៦ភាគរយ ពាក់ព័ន្ធនឹងការដោះដូរដី ស្របតាមសន្ធិសញ្ញាព្រំដែនទាំងអស់ដែលប្រទេសទាំងពីរបានចុះហត្ថលេខា ក្នុងគោលបំណងកសាងខ្សែបន្ទាត់ព្រំដែនគោកប្រកបដោយសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរវាងកម្ពុជា និងវៀតណាម។
ក្រៅពីនេះ ភាគីទាំងពីរ ក៏បានឯកភាពគ្នាក្នុងការពន្លឿនដំណើរការរៀបចំ ការចរចា និងការចុះហត្តលេខាលើ កិច្ចព្រមព្រៀង ស្តីពីការគ្រប់គ្រង់ច្រកទ្វាព្រំដែនគោក និង កិច្ចព្រមព្រៀងស្តីពីការគ្រប់គ្រងព្រំដែនគោក ដើម្បីជំនួសឱ្យកិច្ចព្រមព្រៀងឆ្នាំ១៩៨៣ ស្តីពីលក្ខន្តិកៈព្រំដែន នាពេលខាងមុខទៀតផង៕
ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


