{"asset":"news","key":"4820","locale":"km","id":"news:4820:km","entityId":"news:4820","canonicalUrl":"https://www.kps-tv.com/km/news/detail/4820","state":"ready","title":"រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ណែនាំឲ្យអនុវត្តកម្មវិធីជាតិគាំពារសង្គមឲ្យមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋក្រីក្រ","summary":"រដ្ឋមន្ត្រី ជា សុមេធី ណែនាំការងារនេះក្នុងពិធីប្រកាសប្រធានមន្ទីរខេត្តកំពតថ្ងៃទី៩ កុម្ភៈ ដោយផ្ដោតលើជនក្រីក្រ ជនរងគ្រោះនិងជនងាយរងគ្រោះ។","body":"រាជរដ្ឋាភិបាលកម្ពុជានាពេលថ្មីៗនេះ បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត្តកម្មវិធីជាតិគាំពារសង្គម ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ពន្លឿនការចាកចេញពីភាពក្រីក្រ ប្រកបដោយចីរភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។ ដូច្នេះ មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តកម្មវិធីនេះឲ្យមានប្រសិទ្ធភាពខ្ពស់។\nនេះបើតាមការថ្លែងរបស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងពិធីប្រកាស លោក ស៊ុយ សុភ័ក្ត្រវិបុល ចូលកាន់តំណែងជាប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពត នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦។\nឯកឧត្តម ជា សុមេធី បានមានប្រសាសន៍ថា ថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត្តកម្មវិធីជាតិគាំពារសង្គម ដើម្បីកំណត់វិធានការ នីតិវិធី លក្ខខណ្ឌ យន្តការគ្រប់គ្រង និងការផ្តល់អត្ថប្រយោជន៍នានា នៃកម្មវិធីជាតិគាំពារសង្គម ក្នុងគោលបំណងជំរុញការចាកចេញពីភាពក្រីក្រ លើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ពន្លឿនការអភិវឌ្ឍប្រកបដោយចីរភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។\nឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេសលោកប្រធានមន្ទីរដែលទើបត្រូវបានប្រកាសចូលកាន់មុខតំណែង ត្រូវយកចិត្តទុកដាក់បំពេញតួនាទី និងភារកិច្ច ក្នុងការដឹកនាំ និងសម្របសម្រួលការងាររវាងថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ ដើម្បីអនុវត្តការងារបម្រើផលប្រយោជន៍ជនរងគ្រោះ និងជនងាយរងគ្រោះ ស្របតាមកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឆ្នាំ២០២៤–២០២៨ ឲ្យមានប្រសិទ្ធភាពខ្ពស់។\nជាមួយគ្នានេះ ត្រូវសហការ និងរក្សាទំនាក់ទំនងល្អជាមួយអង្គភាពជំនាញនានារបស់ក្រសួង រដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងអង្គភាពពាក់ព័ន្ធជុំវិញខេត្ត។ ព្រមទាំងសហការជាមួយអនុគណៈកម្មការគ្រប់គ្រងការងារជនអនាថា រដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ដើម្បីចាត់ចែងការងារជនអនាថា ជនវិបល្លាសស្មារតី និងអ្នកសុំទានតាមទីសាធារណៈ ដែលបង្កឱ្យមានភាពអនាធិបតេយ្យ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម និងវិស័យទេសចរណ៍របស់ខេត្ត។\nនាឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា នៅខេត្តកំពត រាល់ការតែងតាំងប្រធានមន្ទីរ និងអង្គភាព ត្រូវមានការឯកភាពពីមន្ត្រីមន្ទីរ អង្គភាពសាមីជាមុនសិន ទើបរដ្ឋបាលខេត្តធ្វើការវាយតម្លៃលើសមត្ថភាព លទ្ធភាព គុណវុឌ្ឍិ គុណធម៌ សីលធម៌ និងសក្តានុពលភាពជាអ្នកដឹកនាំ រួចទើបបញ្ជូនសំណើបន្ត៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15027","languageVersionId":"10910","visibilityVersion":"2","versionToken":"a1.R00Fyt8THchVKLOLggoq1c_RPnQ9OCdYbVZln-GGFGw"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-10T03:39:35Z"}