{"asset":"news","key":"4851","locale":"km","id":"news:4851:km","entityId":"news:4851","canonicalUrl":"https://www.kps-tv.com/km/news/detail/4851","state":"ready","title":"អាជ្ញាធរជាតិអប្សរា ពង្រីកវង់ទស្សនាប្រាសាទ និងបង្កើតផលិតផលទេសចរណ៍ថ្មី ដើម្បីបន្ថែមថ្ងៃស្នាក់នៅភ្ញៀវនៅអង្គរ","summary":"វង់ទស្សនាថ្មីនៅព្រះខ័ននិងតាកែវគ្រោងប្រើក្រោយបញ្ចប់បរិក្ខារ ខណៈអាជ្ញាធរអប្សរាសិក្សាពង្រីកទីតាំងបន្ថែម ដើម្បីបន្ថែមថ្ងៃស្នាក់នៅនិងចែកចាយភ្ញៀវ។","body":"សៀមរាប៖ អាជ្ញាធរជាតិអប្សរា កំពុងបន្តអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វង់ទស្សនាតាមប្រាសាទ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ក្នុងគោលបំណងលើកកម្ពស់បទពិសោធន៍ទេសចរណ៍ និងជំរុញឱ្យភ្ញៀវទេសចរជាតិ–អន្តរជាតិ ពន្យារពេលស្នាក់នៅក្នុងតំបន់រមណីយដ្ឋានអង្គរឱ្យបានយូរជាងមុន។\nលោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា បច្ចុប្បន្ន អាជ្ញាធរ កំពុងសិក្សា និងរៀបចំវង់ទស្សនាជាច្រើនបន្ថែមទៀត នៅក្នុងតំបន់អង្គរ តាមរយៈការដំឡើងបរិក្ខារទេសចរណ៍ និងផ្ទាំងព័ត៌មានណែនាំ ដែលផ្តល់ព័ត៌មានច្បាស់លាស់អំពីប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម និងចំណុចទាក់ទាញសំខាន់ៗនៃប្រាសាទនីមួយៗ។\nការរៀបចំនេះ មានគោលបំណងបំពេញតម្រូវការភ្ញៀវទេសចរដែលមិនមានមគ្គុទ្ទេស ដោយផ្តល់ព័ត៌មានមូលដ្ឋានដែលមានភាពជាក់លាក់ និងងាយយល់។ ទោះបីមិនអាចជំនួសបទពិសោធន៍ជាមួយមគ្គុទ្ទេសទេសចរណ៍បានទាំងស្រុងក្តី ប៉ុន្តែវាជាជម្រើសមួយដ៏សំខាន់ សម្រាប់ភ្ញៀវដែលចង់ស្វែងយល់ដោយខ្លួនឯង។\nកន្លងមក អាជ្ញាធរជាតិអប្សរា បានដាក់ឱ្យដំណើរការវង់ទស្សនាជាផ្លូវការនៅប្រាសាទសំខាន់ៗមួយចំនួន រួមមាន ប្រាសាទភ្នំក្រោម ប្រាសាទនាគព័ន្ធ ប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម និងប្រាសាទអង្គរវត្ត។ ខណៈពេលនេះ ក៏កំពុងត្រៀមប្រកាសដាក់ឱ្យប្រើប្រាស់វង់ទស្សនាថ្មីបន្ថែម នៅប្រាសាទព្រះខ័ន និងប្រាសាទតាកែវ បន្ទាប់ពីបញ្ចប់ការដំឡើងបរិក្ខារបន្ថែម។\nលើសពីនេះ អាជ្ញាធរ ក៏កំពុងសិក្សាពង្រីកវង់ទស្សនាទៅកាន់ប្រាសាទដែលមិនទាន់ទទួលបានការចាប់អារម្មណ៍ច្រើន ដូចជា ប្រាសាទបន្ទាយធំ ក្បាលស្ពាន ប្រាសាទចៅស្រីវិបុល ក្រុមប្រាសាទតំបន់រលួស និងប្រាសាទបេងមាលា ដើម្បីបង្កើនជម្រើស និងចែកចាយលំហូរភ្ញៀវឱ្យកាន់តែសមស្រប។\nលោក សេង សុធារ៉ា បញ្ជាក់ថា ការអភិវឌ្ឍវង់ទស្សនាទាំងនេះ គឺជាការកែលម្អផលិតផលទេសចរណ៍ឱ្យកាន់តែទាក់ទាញ និងបង្កើនតម្លៃបន្ថែមសម្រាប់ភ្ញៀវដែលមកទស្សនាអង្គរលើកទី២ ឬទី៣។ វាមិនត្រឹមតែជំរុញការស្នាក់នៅយូរឡើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីប្រវត្តិសាស្ត្រ និងបេតិកភណ្ឌវប្បធម៌ជាតិផងដែរ។\nដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15007","languageVersionId":"10850","visibilityVersion":"2","versionToken":"a1.DXlJ-SXviAdKmXU8QaZyB3Yn9kf20y0P_EVA0491QTk"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-11T07:54:39Z"}