{"asset":"news","key":"4853","locale":"km","id":"news:4853:km","entityId":"news:4853","canonicalUrl":"https://www.kps-tv.com/km/news/detail/4853","state":"ready","title":"កម្ពុជា–ចិន ពង្រឹងកិច្ចសហប្រតិបត្តិការសកម្មភាពមីន៖ ចិនបន្តគាំទ្រកាត់បន្ថយគ្រោះថ្នាក់ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា","summary":"លោក លី ធុជ ថ្លែងអំណរគុណចិនថ្ងៃទី១១ កុម្ភៈចំពោះការបោសមីន ជំនួយបច្ចេកទេស និងការជួយជនរងគ្រោះ ហើយអត្ថបទលើកផែនការទស្សនកិច្ចរួមទៅគម្រោងគាំទ្រក្នុងឆ្នាំ២០២៦។","body":"ភ្នំពេញ៖ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ក្នុងវិស័យសកម្មភាពមីន ត្រូវបានបន្តពង្រឹងបន្ថែម ខណៈភាគីទាំងពីរប្តេជ្ញារួមគ្នាកាត់បន្ថយគ្រោះថ្នាក់ពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។\nនាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅនិវេសនដ្ឋានស្ថានទូតចិនប្រចាំកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំគណៈប្រតិភូអាជ្ញាធរមីន ចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលនឹងប្រារព្ធឡើងនាពេលខាងមុខ។\nក្នុងឱកាសនោះ តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងអំពីសមិទ្ធផលសម្រេចបានក្នុងវិស័យសកម្មភាពមីននៅកម្ពុជា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបាន និងកំពុងផ្តល់ការគាំទ្រដល់ការបោសសម្អាតមីន ការផ្តល់ជំនាញបច្ចេកទេស ការកសាងសមត្ថភាព ការអប់រំយល់ដឹងពីហានិភ័យយុទ្ធភណ្ឌគ្រឿងផ្ទុះ និងការជួយសង្គ្រោះជនរងគ្រោះ។\nឯកឧត្តមបានបញ្ជាក់ថា ការគាំទ្ររបស់ចិន បានឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតំបន់ដែលរងផលប៉ះពាល់ និងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ និងបង្កើនឱកាសអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ជាពិសេស ចិនបានផ្តល់ជំនួយបន្ទាន់គាំទ្រការបោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះបន្សល់ទុកពីជម្លោះកម្ពុជា–ថៃ និងជំនួយមនុស្សធម៌សម្រាប់ជួយប្រជាពលរដ្ឋភៀសសឹក។\nជាការឆ្លើយតប ឯកឧត្តម Wang Wenbin អគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានសម្តែងការអបអរសាទរចំពោះសមិទ្ធផលរបស់កម្ពុជា ក្នុងវិស័យសកម្មភាពមីន និងបានបញ្ជាក់ថា រដ្ឋាភិបាលចិននឹងបន្តគាំទ្រវិស័យនេះ ដោយចាត់ទុកថា ជាវិស័យអាទិភាពសំខាន់មួយក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ កម្ពុជា–ចិន។\nលោកអគ្គរដ្ឋទូតក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមីន និងស្ថានទូតចិន និងគ្រោងរៀបចំដំណើរទស្សនកិច្ចរួមគ្នា ក្នុងឆ្នាំ២០២៦ ខាងមុខ ដើម្បីចុះពិនិត្យសកម្មភាពបោសសម្អាតមីនក្រោមគម្រោងគាំទ្រពីសាធារណរដ្ឋប្រជាមានិតចិន។\nការបន្តគាំទ្ររបស់ចិនក្នុងវិស័យសកម្មភាពមីន ត្រូវបានចាត់ទុកថា ជាផ្នែកសំខាន់ក្នុងការជំរុញសុវត្ថិភាព សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ខណៈប្រទេសកំពុងខិតខំសម្រេចគោលដៅកម្ពុជាគ្មានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ ដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15006","languageVersionId":"10847","visibilityVersion":"2","versionToken":"a1.ejFtNNe24dJjFur76R0NZXZMrE1EUUXwVMqN17gi3GQ"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-11T08:16:27Z"}