# បញ្ហាប្រឈមនៅតាមឃុំ-សង្កាត់ក្នុងខេត្តព្រះសីហនុត្រូវបានលើកជូនក្រុមសមាជិកព្រឹទ្ធសភាដោះស្រាយ!

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4858>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"15002","languageVersionId":"10835","visibilityVersion":"2","versionToken":"a1.yzKELPPdpaX4wnk16irIf3HTrR_bjWAP6upmbSPEVfI"}

Original publication: 2026-02-11T09:48:14Z

សមាជិកព្រឹទ្ធសភានិងខេត្តសម្របសម្រួលបញ្ហាដីធ្លី សំរាម ហេដ្ឋារចនាសម្ព័ន្ធ និងសំណើបង្កើនមូលនិធិឃុំសង្កាត់១០–២០ភាគរយក្នុងមួយឆ្នាំ ខណៈបញ្ហាខ្លះនៅត្រូវសិក្សានិងអនុវត្តនីតិវិធីច្បាប់។

បញ្ហាចេញប័ណ្ណកម្មសិទ្ធិដីធ្លី បញ្ហាទុកដាក់សំរាម បញ្ហាគ្រឿងញៀននៅតាមមូលដ្ឋាន  ករណីក្មេងទំនើង និងសំណើសុំសាងសង់ផ្លូវ-ស្ពាន ប្រព័ន្ធទឹកស្អាត-អគ្គិសនី ព្រមទាំងសំណើសុំស្តារព្រែក លើកទំនប់ស្ទាក់ទឹក និងសំណើសុំបង្កើនថវិកាមូលនិធិឃុំ-សង្កាត់ឱ្យបានច្រើនជាងមុន ១០ទៅ២០ភាគរយក្នុង១ឆ្នាំ សុទ្ធសឹងតែជាបញ្ហាប្រឈមនៅតាមឃុំ-សង្កាត់ក្នុងខេត្តព្រះសីហនុ។
បញ្ហាទាំងនេះ ត្រូវបានលើកជូនក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ និងរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីដោះស្រាយ តាមរយៈកម្មវិធីសំណេះសំណាលរវាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់ ស្មៀនឃុំ-សង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ក្នុងខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តម ម៉ុង ឫទ្ធី ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីមន្រ្តីជាន់ខ្ពស់នៃស្ថាប័នព្រឹទ្ធសភា មន្រ្តីអ្នកមុខអ្នកការជាច្រើននាក់ទៀត នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈនេះ។
ពាក់ព័ន្ធនឹងបញ្ហាដ៏ស្មុគស្មាញជាច្រើននេះ ត្រូវបានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ដឹកនាំដោយឯកឧត្តម ម៉ុង ឫទ្ធី និងរដ្ឋបាលខេត្តព្រះសីហនុ តាមរយៈឯកឧត្តម ម៉ាង ស៊ីណេត បានសម្របសម្រួលដោះស្រាយបញ្ចប់បានមួយចំនួន។ ចំណែក បញ្ហាខ្លះទៀត នៅមិនទាន់អាចដោះស្រាយបាននៅឡើយ ដោយត្រូវការពេលវេលាក្នុងសិក្សាដោះស្រាយបន្ថែម។ ទោះបីជាយ៉ាងណា ឯកឧត្តមអភិបាលខេត្ត ក៏បានសូមការយោគយល់ និងអធ្យាស្រ័យ ដោយឯកឧត្តម ពន្យល់ថា« បញ្ហាខ្លះយើងមិនអាចដោះស្រាយបញ្ចប់បានភ្លាមៗនោះទេ ដោយត្រូវការពេលវេលា និងត្រូវអនុវត្តតាមនីតិវិធីច្បាប់។  ប៉ុន្តែ ឯកឧត្តម សង្កត់ធ្ងន់ថា រាល់បញ្ហាប្រឈមរបស់ឃុំ-សង្កាត់ទាំងអស់ រដ្ឋបាលខេត្តមិនទុកចោលនោះទេ ពោលគឺនឹងខិតខំដោះស្រាយឱ្យអស់ពីលទ្ធភាព ដើម្បីឱ្យមូលដ្ឋាននីមួយៗមានការអភិវឌ្ឍន៍ និងរីកចម្រើន តែក៏ត្រូវមានការចូលរួមពីប្រជាពលរដ្ឋដែរ។
ទន្ទឹមគ្នានេះ ឯកឧត្តម ម៉ុង ឫទ្ធី បានមើលឃើញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងអាជ្ញាធរខេត្តព្រះសីហនុ ដោយឯកឧត្តមបានកោតសរសើចំពោះកិច្ចខិតខំប្រឹងប្រែងទាំងនេះដែលសម្រេចបាននូវលទ្ធផលគួរជាទីមោរណក្នុងការបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងបានថ្លែងអំណរគុណដល់អាជ្ញាធរខេត្តព្រះសីហនុគ្រប់ជាន់ថ្នាក់ផងដែរ៕
អត្ថទប៖ ង៉ែត ពិសាន្ត
រូបភាព៖ ទាវ វិឆាត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


