{"asset":"news","key":"4863","locale":"km","id":"news:4863:km","entityId":"news:4863","canonicalUrl":"https://www.kps-tv.com/km/news/detail/4863","state":"ready","title":"អភិបាលខេត្តព្រះសីហនុជំរុញឱ្យយុវនារីនិងស្រ្តីជំនាន់ថ្មីចូលរួមសកម្មភាពមនុស្សធម៌និងការងារសង្គម","summary":"លោក ម៉ាង ស៊ីណេត លើកទឹកចិត្តយុវនារីចូលរួមការងារមនុស្សធម៌ក្នុងសន្និបាតថ្ងៃទី១០ កុម្ភៈ និងជំរុញអាទិភាពគ្រួសារក្រីក្រ ស្ត្រីចាស់ជរា និងកុមារងាយរងគ្រោះ។","body":"ដើម្បីឱ្យការងារមនុស្សធម៌របស់សមាគមនារីខេត្តព្រះសីហនុ ក្នុងឆ្នាំ២០២៦ កាន់តែមានប្រសិទ្ធភាព និងចីរភាព ឯកឧត្តម ម៉ាង ស៊ីណេត បានជំរុញ និងលើកទឹកចិត្តឱ្យយុវនារី និងស្រ្តីជំនាន់ថ្មីចូលរួមក្នុងសកម្មភាពមនុស្សធម៌ និងការងារសង្គម ដើម្បីបណ្តុះស្មារតីគោលនយោបាយបក្ស បន្តថាមពលសម្រាប់ឱ្យពួកគេក្លាយជាធនធានប្រកបដោយភាពថ្លៃថ្នូរ និងសក្ដានុពលចូលរួមពេញលេញក្នុងកិច្ចការអភិវឌ្ឍន៍សង្គម និងប្រទេសជាតិ ឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងរួមចំណែកក្នុងការសម្រេចបានចក្ខុវិស័យកម្ពុជានាឆ្នាំ ២០៣០ និងឆ្នាំ២០៥០។\nអភិបាលខេត្តព្រះសីហនុ បានជំរុញ និងលើកទឹកចិត្តដូច្នេះ នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ របស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត និងក្រុមចលនាស្រ្តីខេត្តព្រះសីហនុ កាលពីថ្ងៃទី១០ ខែកុម្ភៈ។\nជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំសាខាសមាគមនារីកម្ពុជាខេត្តព្រះសីហនុឱ្យបន្តផ្តោតអាទិភាពលើការងារមនុស្សធម៌នៅកម្រិតមូលដ្ឋានឱ្យបានកាន់តែទូលំទូលាយ។ ពិសេសគ្រួសារក្រីក្រ ស្រ្តីចាស់ជរា និងកុមារងាយរងគ្រោះ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន អង្គភាពជំនាញ និងដៃគូអភិវឌ្ឍន៍ ដើម្បីធានាឱ្យការជួយឧបត្ថម្ភមានភាពសមស្រប ទាន់ពេលវេលា និងមានប្រសិទ្ធភាព។\nលើសពីនេះ ត្រូវចូលរួមផ្សព្វផ្សាយកម្មវិធីជាតិ ស្តីពី សិទ្ធិស្រ្តីនិងកុមារ ការការពារពីអំពើហិង្សា និងការថែទាំសុខភាពមាតានិងទារក ព្រមទាំងយកចិត្តទុកដាក់លើការអភិវឌ្ឍសមត្ថភាពនារី តាមរយៈការបណ្តុះបណ្តាលជំនាញ បំណិនជីវិត និងចំណេះដឹងថ្មីៗ ស្របតាមបរិបទសង្គមបច្ចុប្បន្ន ដោយប្រើគំនិតច្នៃប្រឌិត គំនិតថ្មីៗ ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានក្នុងខេត្តព្រះសីហនុ។\nមិនតែប៉ុណ្ណោះ សាខាសមាគមនារីកម្ពុជាខេត្តព្រះសីហនុ ត្រូវផ្សព្វផ្សាយចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដោយបន្តបង្កើនរួបរួមសាមគ្គីភាពផ្ទៃក្នុង ពង្រឹងភាពអង់អាចរបស់ស្រ្តី និងកិច្ចសហការល្អរវាងសមាជិកាទាំងអស់ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងភាពរឹងមាំរបស់សមាគម។\nឯកឧត្តម ម៉ាង ស៊ីណេត បានចាត់ទុកសកម្មភាពរបស់ថ្នាក់ដឹកនាំ និងសមាជិកានៃសាខាសមាគមនារីគ្រប់លំដាប់ថ្នាក់ជាការលះបង់ទាំងពេលវេលា កម្លាំងកាយចិត្ត និងធនធានហិរញ្ញវត្ថុ ដើម្បីជួយជ្រោមជ្រែង និងចូលរួមយ៉ាងសកម្មប្រកបដោយក្តីស្រឡាញ់ និងស្មារតីស្ម័គ្រស្មោះ ក្នុងគ្រប់សកម្មភាពរបស់រដ្ឋបាលខេត្តព្រះសីហនុ ក៏ដូចជាកិច្ចការសង្គមជាតិទាំងមូល៕\nអត្ថបទ៖ ង៉ែត ពិសាន្ត\nរូបភាព៖ ទាវ វិឆាត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15001","languageVersionId":"10832","visibilityVersion":"2","versionToken":"a1.lQ1Pb65QGro_R3AK5G34Oyw-QQn-3_4X8BDXM2efSOg"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-11T10:48:45Z"}