{"asset":"news","key":"4866","locale":"km","id":"news:4866:km","entityId":"news:4866","canonicalUrl":"https://www.kps-tv.com/km/news/detail/4866","state":"ready","title":"ថៃបន្តវាយកម្ទេចហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងអគាររដ្ឋបាលនៅតំបន់បឹងត្រកួន កម្ពុជាតវ៉ា!","summary":"ក្រសួងការបរទេសថ្ងៃទី១១ កុម្ភៈតវ៉ាការបំផ្លាញនិងការជីកសាងសង់នៅបឹងត្រកួននិងជោគជ័យ ហើយបញ្ជាក់ជំហរដោះស្រាយព្រំដែនដោយសន្តិវិធី មិនទទួលការកែប្រែដោយកម្លាំង។","body":"ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១១ ខែកុម្ភៈនេះ បានចេញសេចក្តីប្រកាសព័ត៌មានតវ៉ាជំទាស់នឹងសកម្មភាពខុសច្បាប់ជាបន្តបន្ទាប់របស់កងកម្លាំងប្រដាប់អាវុធថៃនៅតំបន់មួយចំនួន ក្នុងខេត្តបន្ទាយមានជ័យនៃប្រទេសកម្ពុជា ដែលថៃចូលកាន់កាប់ដោយខុសច្បាប់។ ការតវ៉ានេះធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ពីអាជ្ញាធរមូលដ្ឋានថា ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអគាររដ្ឋបាលបន្ថែមទៀត ត្រូវបានយោធាថៃវាយកម្ទេចបំផ្លិចបំផ្លាញនៅតំបន់បឹងត្រកួន ស្ថិតក្នុងចន្លោះបង្គោលព្រំដែនលេខ៣៣ និង៣៦ ក្នុងស្រុកថ្មពួក ទោះបីជាមានបទឈប់បាញ់ចូលជាធរមាន និងមានកិច្ចព្រមព្រៀងជាច្រើនហាមឃាត់ក៏ដោយ។\nចំណែក នៅតំបន់ភូមិជោគជ័យ ដែលស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ៤៦ និង៤៧ ក្នុងទឹកដីប្រទេសកម្ពុជា មានការជីកប្រឡាយ និងសាងសង់ផ្លូវមួយខ្សែ ព្រមទាំងការចាក់ដីលុបស្រះទឹក។ យ៉ាងណា កម្ពុជា តាមរយៈក្រសួងការបរទេស បានចាត់ទុកសកម្មភាពទាំងនេះ បានកែប្រែភូមិសាស្ត្រនៃតំបន់នោះទៅជាការប៉ុនប៉ងយ៉ាងជាក់ច្បាស់ក្នុងការបង្កើតភាពស្របច្បាប់ចំពោះការកាន់កាប់ដោយខុសច្បាប់ក្នុងទឹកដីកម្ពុជា។\nបើតាមក្រសួងការបរទេសកម្ពុជា ទង្វើទាំងនេះបំពានលើធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន សេចក្ដីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ និងកំណត់ហេតុនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ។ រដ្ឋាភិបាលកម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន និងឥតងាករេចំពោះការដោះស្រាយជម្លោះព្រំដែនទាំងអស់ដោយសន្តិវិធី និងមិត្តភាពជាមួយប្រទេសថៃ ក៏ដូចជាជាមួយ ប្រទេសជិតខាងទាំងអស់របស់ខ្លួន ស្របតាមច្បាប់អន្តរជាតិ ជាមួយនឹងការប្រកាន់ភ្ជាប់នូវគោលជំហរ ជាគោលការណ៍ថា ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយកម្លាំងឡើយ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14999","languageVersionId":"10826","visibilityVersion":"2","versionToken":"a1._VoVhGYhTDEF19ygAjYf-A_7b2zANJ3tlbJToDWbAcc"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-12T02:38:37Z"}