# កម្ពុជាប្តេជ្ញាពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយជប៉ុន

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4880>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14989","languageVersionId":"10796","visibilityVersion":"2","versionToken":"a1.GyQt7m6H9jIdVs9tab2tmXJcpase_nGPwAZkfxnf7Lo"}

Original publication: 2026-02-12T09:21:13Z

លោក ស៊ុន ចាន់ថុល តំណាងរាជរដ្ឋាភិបាលចូលរួមពិធីនៅនិវេសនដ្ឋានឯកអគ្គរដ្ឋទូតជប៉ុនថ្ងៃទី១១ កុម្ភៈ និងថ្លែងអំណរគុណចំពោះការគាំទ្ររបស់ជប៉ុន។

តបតាមការអញ្ជើញរបស់ ឯកឧត្តម អ៊ូអេណូ អាតស៊ុស៊ី (H.E. UENO Atsushi) ឯកអគ្គរដ្ឋទូត ជប៉ុនប្រចាំកម្ពុជា កាលពីរាត្រីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាតំណាងរាជរដ្ឋាភិបាល ចូលរួមថ្លែងសុន្ទរកថា ក្នុងពិធីអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មព្រះករុណា ព្រះចៅអធិរាជជប៉ុន និងបុណ្យជាតិជប៉ុន ដែលប្រារព្ធឡើងនៅនិវេសនដ្ឋានឯកឧត្តមឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ដោយមាន ការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីតំណាងរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងមន្ត្រីស្ថានទូតជប៉ុនប្រចាំកម្ពុជា។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីតួនាទីសំខាន់របស់ប្រទេសជប៉ុន ក្នុងដំណើរការស្តារនិងកសាងឡើងវិញនូវសន្តិភាពនៅកម្ពុជា ព្រមទាំងការគាំទ្រលើវិស័យជាច្រើន ដើម្បីជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការគាំទ្រដ៏សំខាន់របស់ជប៉ុន និងបានប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពថែមទៀត៕ សម្រួល៖ ចិន្តា ទីទិ

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


