{"asset":"news","key":"4884","locale":"km","id":"news:4884:km","entityId":"news:4884","canonicalUrl":"https://www.kps-tv.com/km/news/detail/4884","state":"ready","title":"រោងចក្រកែច្នៃស្បែកនៅស្ទឹងហាវកែលម្អការគ្រប់គ្រងសំណល់រាវតាមបញ្ជាក្រសួង","summary":"ក្រុមត្រួតពិនិត្យថ្ងៃទី១០ កុម្ភៈឃើញការកែលម្អនៅ CS TAN ខណៈអាងប្រព្រឹត្តិកម្មសម្រេចប្រមាណ៨០ភាគរយ និងគ្រោងបញ្ចប់នៅខែឧសភា២០២៦។","body":"ខេត្តព្រះសីហនុ៖ ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានចុះពិនិត្យរោងចក្រកែច្នៃស្បែករបស់ក្រុមហ៊ុន CS TAN Co., Ltd. ស្ថិតនៅភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។\nក្រុមការងារជំនាញក្រសួងបរិស្ថានបានពិនិត្យឃើញថា រោងចក្របានអនុវត្តវិធានការកែលម្អលើការគ្រប់គ្រងសំណល់រាវ បន្ទាប់ពីក្រសួងបានចេញបញ្ជាកែប្រែ ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន ដោយសារការបញ្ចេញសំណល់រាវកខ្វក់ ដែលបានប៉ះពាល់ដល់បរិស្ថានកន្លងមក។\nវិធានការកែលម្អរួមមាន ការសាងសង់អាងប្រព្រឹត្តិកម្មសំណល់រាវ ដែលមកដល់ពេលនេះ សម្រេចបានប្រមាណ ៨០% ហើយគ្រោងនឹងបញ្ចប់នៅខែឧសភា ឆ្នាំ២០២៦ ខាងមុខ។\nបញ្ជាក់ថា រោងចក្រនេះបានសន្យាអនុវត្តវិធានការសម្អាតអនាម័យបរិស្ថានឱ្យបានស្អាត និងធ្វើការដកបំពង់ទុយោខ្មៅចេញពីស្រះស្តុកចុងក្រោយ ដើម្បីបញ្ឈប់ការហូរចេញនៃទឹកសំណល់ មុនពេលដំណើរការផលិតកម្ម និងការបញ្ចេញសំណល់រាវឱ្យបានត្រឹមត្រូវឡើងវិញ។\nជាមួយគ្នានេះ រោងចក្របានយល់ព្រមបន្តអនុវត្តវិធានការបន្ថែម ក្នុងការសាងសង់អាងប្រព្រឹត្តិកម្មឱ្យឆ្លើយតបនឹងសំណល់រាវប្រភេទកែច្នៃស្បែក ព្រមទាំងបំពាក់អាងបឋម សម្រាប់ដក ឬសម្អាតសារធាតុអំបិល និងអាស៊ីតជាមុន មុនឆ្លងទៅដំណាក់កាលសម្អាតពេញលេញ។\nជាមួយគ្នានេះ ក្រសួងបរិស្ថានសូមកោតសរសើរដល់រោងចក្រ សហគ្រាស និងក្រុមហ៊ុនទាំងឡាយ ដែលបានប្រតិបត្តិតាមច្បាប់ ជាពិសេសក្រមបរិស្ថាន និងធនធានធម្មជាតិ ព្រមទាំងបទដ្ឋានគតិយុត្តជាធរមានរបស់កម្ពុជា ក្នុងការចូលរួមការពារ និងទប់ស្កាត់ការបំពុលបរិស្ថាន ដើម្បីរក្សាតុល្យភាពបរិស្ថានល្អ ការពារសុខភាពកម្មករ និយោជិក លើកកម្ពស់សុខភាពសាធារណៈ និងបរិស្ថាននៅក្នុងតំបន់។ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14988","languageVersionId":"10793","visibilityVersion":"2","versionToken":"a1.kJ-wNyyRK7xDQU3xEXlk9Fo0AwzFtyfFaDLezfQPzr4"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-12T10:33:45Z"}