{"asset":"news","key":"4885","locale":"km","id":"news:4885:km","entityId":"news:4885","canonicalUrl":"https://www.kps-tv.com/km/news/detail/4885","state":"ready","title":"រដ្ឋមន្ត្រីរ៉ែនិងថាមពលលើកវឌ្ឍនភាព៤របស់អាជ្ញាធរអគ្គិសនីក្នុងឆ្នាំ២០២៥","summary":"លោក កែវ រតនៈ បានលើកពីការផ្គត់ផ្គង់ ថាមពលស្អាត ការកាត់បន្ថយការដាច់ភ្លើង និងតំបន់ទេសចរណ៍ ព្រមទាំងទិសដៅកំណែទម្រង់ឆ្នាំ២០២៦។","body":"ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ក្នុងឆ្នាំ២០២៥ អាជ្ញាធរអគ្គិសនីកម្ពុជា សម្រេចបានវឌ្ឍនភាពធំៗចំនួន ៤ រួមមាន៖\n១. ការផ្គត់ផ្គង់អគ្គិសនីឆ្លើយតបតាមតម្រូវការរបស់អតិថិជនបានគ្រប់គ្រាន់។\n ២. ការបង្កើនវិស័យថាមពលស្អាត ទាក់ទាញអ្នកវិនិយោគបរទេសមកកាន់កម្ពុជា ជំរុញឧស្សាហកម្មថាមពលស្អាត បង្កើនឧស្សាហកម្មនាំចេញ ដែលបង្កើតឱកាសការងាររាប់លានកន្លែងសម្រាប់ប្រជាពលរដ្ឋ និងជំរុញឧស្សាហកម្មឌីជីថល។\n ៣. ការកាត់បន្ថយ និងចៀសវាងការដាច់ចរន្តអគ្គិសនីនៅកម្ពុជា។\n ៤. ការបង្កើនការផ្គត់ផ្គង់ថាមពលអគ្គិសនីដល់តំបន់ទេសចរណ៍ ដើម្បីផ្តល់ភាពងាយស្រួលតាមតម្រូវការភ្ញៀវទេសចរ និងបង្កើនសក្តានុពលតំបន់ទេសចរណ៍។\nឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងដូចនេះ ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៦ របស់អាជ្ញាធរអគ្គិសនីកម្ពុជា នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។\nក្នុងឱកាសនោះ ឯកឧត្តម កែវ រតនៈ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរអគ្គិសនីកម្ពុជា ដែលបានខិតខំប្រឹងប្រែងសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ស្របតាមគោលដៅធំៗចំនួន ៤ នៃគោលនយោបាយនីតិកាលទី៧ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញឱ្យអនុវត្តចាប់តាំងពីឆ្នាំ២០២៣។\nឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា សម្រាប់ឆ្នាំ២០២៦ អាជ្ញាធរអគ្គិសនីកម្ពុជា ត្រូវអនុវត្តទិសដៅកំណែទម្រង់បន្ត ដើម្បីទទួលបានលទ្ធផលកាន់តែល្អប្រសើរ រួមមាន៖ បង្កើន និងពង្រីកប្រភពថាមពលថ្មីៗ ជាពិសេសថាមពលស្អាត និងដាក់ពង្រាយបន្ថែមថាមពលពន្លឺព្រះអាទិត្យ ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន, បន្តទទួលបន្ទុកការផ្គត់ផ្គង់អគ្គិសនីជូនប្រជាពលរដ្ឋភៀសសឹក និងវីរកងទ័ពកម្ពុជា នៅតាមទីតាំងប្រមូលផ្តុំផ្សេងៗ, ដាក់ចេញវិធានការថ្មីៗ ដើម្បីសម្រួលសេវាកម្ម ផ្តល់សេវាឆាប់រហ័ស និងកាត់បន្ថយនីតិវិធីតភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជន, ពង្រឹងសេវាបម្រើអតិថិជនឱ្យកាន់តែទូលំទូលាយ តាមប្រព័ន្ធឌីជីថល។\nទិសដៅកំណែទម្រង់ឆ្នាំ២០២៦នេះ មានគោលបំណងធានាផ្តល់ជូនអតិថិជននូវសេវាកម្មល្អប្រសើរ ទាំងសេវាប្រើប្រាស់ សេវាបម្រើ និងសេវាដោះស្រាយបញ្ហា ប្រកបដោយភាពឆាប់រហ័ស និងប្រសិទ្ធភាពខ្ពស់។\nជាមួយគ្នានេះ ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានមានប្រសាសន៍ថា ក្នុងអាណត្តិទី៧ វិស័យអគ្គិសនីកម្ពុជា បានរីកចម្រើនយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព បង្កើនការផ្គត់ផ្គង់ថាមពល និងគាំទ្រកំណើនសេដ្ឋកិច្ច ដោយផ្អែកលើមូលដ្ឋានគ្រឹះរឹងមាំពីអាណត្តិកន្លងមក។\nបច្ចុប្បន្ន កម្ពុជា បានក្លាយជាប្រទេសទី២ ដែលមានអត្រាថាមពលស្អាតខ្ពស់ជាងគេក្នុងតំបន់ ដែលជាជំហានសំខាន់ឆ្ពោះទៅសម្រេចគោលដៅថាមពលស្អាតយ៉ាងតិច ៧០% នៅឆ្នាំ២០៣០។\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14987","languageVersionId":"10790","visibilityVersion":"2","versionToken":"a1.JZ0Ic5H5KcYU0wwp-fAx9MDXSHBTxQknDTyXE3gAaoc"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-12T10:45:18Z"}