{"asset":"news","key":"4896","locale":"km","id":"news:4896:km","entityId":"news:4896","canonicalUrl":"https://www.kps-tv.com/km/news/detail/4896","state":"ready","title":"អភិបាលព្រះសីហនុថ្លែងអំណរគុណអ្នកសម្អាតនិងថែសួន","summary":"ក្នុងជំនួបថ្ងៃទី១២ កុម្ភៈ ម៉ាង ស៊ីណេត លើកតម្លៃការងារអនាម័យ អំពាវនាវឱ្យអត់ធ្មត់ និងស្នើប្រជាពលរដ្ឋ អាជីវករ និងភ្ញៀវចូលរួមទុកដាក់សំរាម។","body":"«ខ្ញុំមិនហ៊ានស្រម៉ៃនោះទេ ប្រសិនបើគ្មានបងប្អូនអ្នកសម្អាតអនាម័យនៅតាមឆ្នេរ និងតាមដងផ្លូវសាធារណៈទេ មិនដឹងថា ទីក្រុងរបស់យើងទៅជាយ៉ាងណានោះឡើយ ហើយក៏មិនដឹងថា សំរាមនៅតាមឆ្នេរ និងតាមដងផ្លូវមានដល់កម្រិតណានោះដែរ»។ នេះជាការលើកឡើងរបស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក្នុងពិធីសំណេះសំណាលជាមួយបុគ្គលិកសម្អាតអនាម័យ ថែទាំសួនច្បារតាមឆ្នេរសមុទ្រ និងតាមដងផ្លូវ ក្នុងខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ។\nទន្ទឹមគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏មើលឃើញពីការលំបាករបស់បងប្អូនអ្នកសម្អាតអនាម័យដែរ ដោយសារប្រជាពលរដ្ឋមួយចំនួនពួកគាត់មិនយល់អំពីការទុកដាក់សំរាមនៅតែបន្តបោះចោលពាសវាលពាសកាល នាំឱ្យប៉ះពាលសណ្តាប់ធ្នាប់ និងសោភណ្ឌភាពទីក្រុង។ ម្ល៉ោះហើយ ឯកឧត្តម ដឹងថា «ការងារនេះពិបាក ជួនកាលយើងសម្អាតនៅកន្លែងនេះ ដើរទៅដល់មុខគេបោះចោលនៅខាងក្រោយវិញ អ៊ីចឹងមានតែសម្អាតទៅមកៗជាប់ជាប្រចាំ»។ ប៉ុន្តែទោះបីជាយ៉ាងណា ឯកឧត្តម ម៉ាង ស៊ីណេត ស្នើសុំឱ្យបងប្អូនមានការអត់ធ្មត់ខំប្រឹងសម្អាត ដើម្បីលើកកម្ពស់កិត្តិនាម និងសោភណ្ឌភាពទីក្រុង។\nឯកឧត្តមអភិបាលខេត្ត សង្កត់ធ្ងន់ថា ការដែលនាំឱ្យខេត្តព្រះសីហនុទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំ និងបានទទួលពានរង្វាន់ទីក្រុងស្អាតប្រចាំតំបន់អាស៊ាននៅប្រទេសហ្វីលីន កាលពីពេលថ្មីៗនេះ ក៏មានចំណែករបស់បងប្អូនអ្នកសម្អាតអនាម័យដែរ។ ដូច្នេះ ការកោតសរសើរ និងទទួលបានលទ្ធផលទាំងនេះ សូមជូនបងប្អូនអ្នកសម្អាតអនាម័យទាំងអស់។\nឯកឧត្តម ម៉ាង ស៊ីណេត បានថ្លែងអំណរគុណចំពោះការលះបង់គ្រប់យ៉ាងរបស់បងប្អូនបុគ្គលិកសម្អាតអនាម័យទាំងអស់ ដើម្បីឱ្យទីក្រុងព្រះសីហនុស្រស់ស្អាត។ មិនតែប៉ុណ្ណោះ ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកលក់ដូរ និងភ្ញៀវទេសចរទាំងអស់មកលេងកម្សាន្តក្នុងខេត្តព្រះសីហនុឱ្យជួយថែរក្សាអនាម័យតាមឆ្នេរសមុទ្រ និងតាមដងផ្លូវដោយទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ខណៈនៅតំបន់ឆ្នេរក៏មានធុងសំរាមសម្រាប់ឱ្យភ្ញៀវនិងអ្នកលក់ដូរទុកដាក់សំរាមឱ្យបានល្អដែរ៕\nអត្ថបទ៖ ង៉ែត ពិសាន្ត\nរូបភាព៖ ទាវ វិឆាត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14980","languageVersionId":"10769","visibilityVersion":"2","versionToken":"a1.hES0tjwM27c-3ABxfP97zIiZSBSwM5xUwlFcyEXSzMU"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-13T06:50:02Z"}