{"asset":"news","key":"4927","locale":"km","id":"news:4927:km","entityId":"news:4927","canonicalUrl":"https://www.kps-tv.com/km/news/detail/4927","state":"ready","title":"លោកសាមុត សុធារិទ្ធអញ្ជើញបើកការប្រកួតបាល់ទាត់យុវជនអាយុក្រោម២៣ឆ្នាំលើកទី១នៅក្លឹបកីឡាមហាមិត្ត","summary":"ក្លឹបមហាមិត្តបើកការប្រកួតយុវជនក្រោម២៣ឆ្នាំលើកដំបូងនៅរសៀលថ្ងៃទី១៤ កុម្ភៈ ដោយមានក្រុមចូលរួម៧ និងលើកទឹកចិត្តកីឡានិងសុខភាព។","body":"ក្លឹបកីឡាមហាមិត្ត រៀបចំបើកការប្រកួតបាល់ទាត់យុវជនអាយុក្រោម២៣ឆ្នាំ លើកទី១ ក្រោមប្រធានបទ«ក្តីស្រមៃ និងទេពកោសល្យនៃយុវជនខេត្តព្រះសីហនុ» នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ ពិធីបើកការប្រកួត បានធ្វើឡើងក្រោមវត្តមានលោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ និងមានការចូលរួមពីមន្រ្តីអ្នកមុខអ្នកការជាច្រើនរូប។\nលោកអភិបាលរងខេត្ត បានបញ្ជាក់ថា រដ្ឋបាលខេត្តបានលើកទឹកចិត្ត និងផ្តល់ការឧបត្ថម្ភគាំទ្រគ្រប់រូបភាព ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តគាំទ្រការលេងកីឡា និងការបំពាក់ឧបករណ៍កីឡានៅតាមទីសាធារណៈ ដើម្បីបំផុសទឹកចិត្តប្រជាជនឱ្យយកចិត្តទុកដាក់ថែទាំសុខភាព។ ក្នុងន័យនេះ លោក ចង់បង្ហាញថា ការថែទាំសុខភាព គឺជាទ្រព្យសកម្មដ៏មានតម្លៃសម្រាប់មនុស្សគ្រប់រូប តាមរយៈការហាត់ប្រាណ និងលេងកីឡា ដោយមិនគិតក្មេង ចាស់ ភេទ ឋានៈតួនាទី ដើម្បីលើកកម្ពស់សុខភាពផ្លូវកាយ ផ្លូវចិត្ត បញ្ញា ស្មារតី ការពារជំងឺ ដូចជា ឆាប់ហត់ លើសឈាម ទឹកនោមផ្អែម ជំងឺរាំរ៉ៃមួយចំនួន និងកាត់បន្ថយការចំណាយលើសេវាសុខាភិបាលជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ សហគមន៍ សង្គមកម្ពុជាទាំងមូលប្រកបដោយសុខដុមនីយកម្ម។\nអភិបាលរងខេត្ត សង្កត់ធ្ងន់ថា ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡានាពេលនេះ ជាការបំផុស និងជំរុញយុវជន សិស្សានុសិស្សចូលរួមសកម្មភាពកីឡាបាល់ទាត់ឱ្យបានកាន់តែច្រើន ក្នុងន័យអភិវឌ្ឍន៍ធនធានមនុស្សក្នុងខេត្តព្រះសីហនុ។\nសូមជម្រាបថា ការប្រកួតបាល់ទាត់យុវជនអាយុក្រោម២៣ឆ្នាំ លើកទី១នេះ មានក្រុមបាល់ទាត់យុវជនចូលរួមសរុប ៧ក្រុម។ ក្នុងនោះរួមមាន៖ ក្រុមបាល់ទាត់ ប៊ល អេហ្វស៊ី ក្រុមបាល់ទាត់ពេទ្យ ក្រុមបាល់ទាត់ស៊ីង ស៊ីង ក្រុមបាល់ទាត់ មហាមិត្ត ក្រុមបាល់ទាត់ អ.ម.ត. ក្រុមបាល់ទាត់ ព្យុះ និងក្រុមបាល់ទាត់ហ្វក់ស៊ី៕\nអត្ថបទ៖ ង៉ែត ពិសាន្ត\nរូបភាព៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14963","languageVersionId":"10718","visibilityVersion":"2","versionToken":"a1.cIxJQzdOG6kkBXDC2wyDDXSpYCKnuv0ldaFi-WKdWhQ"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-14T11:32:37Z"}