{"asset":"news","key":"4960","locale":"km","id":"news:4960:km","entityId":"news:4960","canonicalUrl":"https://www.kps-tv.com/km/news/detail/4960","state":"ready","title":"ថ្នាក់ដឹកនាំយោធាកម្ពុជា–ឡាវពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព","summary":"ជំនួបថ្ងៃទី១៦ កុម្ភៈពិភាក្សាយន្តការដែលមានស្រាប់ ការប្ដូរព័ត៌មាន បទល្មើសឆ្លងដែន និងសង្គ្រោះគ្រោះមហន្តរាយ។","body":"ថ្នាក់ដឹកនាំកងទ័ពកម្ពុជា-ឡាវ បានអះអាងនូវការតាំងចិត្តជាថ្មីក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ និងការទំនាក់ទំនងបន្ថែមទៀតរវាងកងទ័ព និងកងទ័ព ដើម្បីរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាពប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់។\nការបញ្ជាក់ដូច្នេះ ធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងឧត្តមសេនីយ៍ឯក សាយចៃ គុមម៉ាក់ស៊ីត អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ក្នុងឱកាសដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅកម្ពុជា។\nភាគីទាំងពីរ មើលឃើញពីសន្ទុះវិជ្ជមាននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកន្លងមក ដូចជា ការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ការប្រជុំគណៈកម្មាធិការកិច្ចសហប្រតិបត្តិការសន្តិសុខ របៀបរៀបរយតាមបណ្តោយព្រំដែន ការផ្លាស់ប្តូរព័ត៌មានប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែននានា និងការផ្លាស់ប្តូរអាហារូបករណ៍ជាដើម។ ថ្នាក់ដឹកនាំកងទ័ពទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់អំពីការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ រួមមាន៖ ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃពិធីសារប្រទេសទាំងពីរ, កិច្ចសហប្រតិបត្តិការតាមយន្តការដែលមានស្រាប់ក្នុងការដោះស្រាយរាល់បញ្ហាដែលកើតឡើង, កិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មានទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និងកិច្ចសហការលើការងារសង្គ្រោះគ្រោះមហន្តរាយ។\nកម្ពុជា និងឡាវ មានខ្សែបន្ទាត់ព្រំដែនរួមប្រវែងជាង ៥៥០គីឡូម៉ែត្រ ដែលមកដល់បច្ចុប្បន្ននេះបានឯកភាពគ្នាកំណត់ខ្សែព្រំដែនរួមបានប្រមាណ ៨៦ភាគរយ។ ក្រុមការងារបោះបង្គោលព្រំដែនប្រទេសទាំងពីរកំពុងបន្តដោះស្រាយ និងបោះបង្គោលព្រំដែនដែលនៅសេសសល់។\nជាការកត់សម្គាល់៖ គិតមកដល់ឆ្នាំ២០២៦នេះ ប្រទេសកម្ពុជា និងឡាវ បានភ្ជាប់ទំនាក់ទំនងការទូតផ្លូវការជាមួយគ្នាមានរយៈពេល ៧០ឆ្នាំមកហើយ។ ចំណងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវបានបន្តពូនជ្រុំជាលំដាប់ រហូតឈានដល់ការលើកកម្ពស់កិច្ចទំនាក់ទំនងទ្វេភាគីជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14951","languageVersionId":"10682","visibilityVersion":"2","versionToken":"a1.5j7OamygNgQgj5-Ibu5sHOjAzAO5L3qqfVLYxcOfGM4"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-17T03:20:48Z"}