{"asset":"news","key":"4967","locale":"km","id":"news:4967:km","entityId":"news:4967","canonicalUrl":"https://www.kps-tv.com/km/news/detail/4967","state":"ready","title":"សម្តេចហ៊ុន សែនជំរុញឱ្យអាជ្ញាធរនិងកងទ័ពកម្ពុជា-ឡាវធ្វើការជាមួយគ្នានៅតាមព្រំដែនពិសេសគ្រប់គ្រងគ្រោះទឹកជំនន់និងភ្លើងឆេះព្រៃ","summary":"ក្នុងជំនួបថ្ងៃទី១៧ កុម្ភៈ សម្តេច ហ៊ុន សែន និងអនុរដ្ឋមន្ត្រីការពារប្រទេសឡាវពិភាក្សាការបណ្ដុះបណ្ដាល សន្តិសុខព្រំដែន និងការគ្រប់គ្រងទឹកជំនន់និងភ្លើងឆេះព្រៃ។","body":"ព្រឹកថ្ងៃទី១៧ ខែកុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យឯកឧត្ដមឧត្ដមសេនីយ៍ឯក សាយចៃ គុមម៉ាស៊ីត (Saichay Kommasith) អនុរដ្ឋមន្ដ្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ចូលជួបពិភាក្សាការងារ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា។ ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាផ្តោតសំខាន់លើទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅ។\nឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ឯកឧត្ដមអនុរដ្ឋមន្ដ្រីការពារជាតិឡាវ បានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងឡាវនាពេលបច្ចុប្បន្ន ជាពិសេសសង្កត់ធ្ងន់លើទំនាក់ទំនងក្នុងវិស័យការពារជាតិ និងកងទ័ពនៃប្រទេសទាំងពីរ  ដោយឯកឧត្ដមប្ដេជ្ញាថា នឹងខិតខំប្រឹងប្រែងពូនជ្រុំនៃទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្តទៀត ។\nឯកឧត្ដមបានចាត់ទុកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅតាមព្រំដែន ជាព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការជាមួយគ្នា ហើយមានសុខសន្តិភាព និងសុវត្ថិភាពជាមួយគ្នាបានល្អ តាមរយៈការសហការរវាងប្រទេសទាំងពីរ ក៏ដូចជា កងទ័ព អាជ្ញាធរនៃប្រទេសទាំងពីរដែរ។\nជាមួយគ្នានេះ សម្ដេចតេជោ បានជំរុញបន្ថែមឱ្យវិស័យការពារជាតិ ក៏ដូចជាកងទ័ពកម្ពុជា និងឡាវ ពង្រីកនូវការចែករំលែកបទពិសោធន៍គ្នាក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សរវាងគ្នាទៅវិញទៅមកឱ្យកាន់តែផុលផុស និងមានចំនួនច្រើនជាងមុន តាមរយៈការផ្ដល់អាហារូបករណ៍ក្នុងវិស័យការពារជាតិ ដើម្បីជាផ្នែកក្នុងការរុញច្រាននៃការបណ្ដុះបណ្ដាលមូលធនមនុស្ស នៅក្នុងវិស័យការពារជាតិនេះ ឱ្យកាន់តែរីកចម្រើនសម្រាប់ប្រទេសទាំងពីរ។\nសម្ដេចប្រធាន ក៏បានសម្តែងការរីករាយដែលឃើញកិច្ចសហប្រតិបត្តិការល្អនៅតាមព្រំដែនរវាងកម្ពុជា និងឡាវ មានជាមួយគ្នាក្នុងពេលកន្លងមក ហើយសម្ដេចបានជំរុញបន្ថែមឱ្យអាជ្ញាធរ ក៏ដូចជាកងទ័ពនៃប្រទេសទាំងពីរ ធ្វើការជាមួយគ្នាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណារក្សានូវសន្តិភាពសន្តិសុខតាមព្រំដែននេះឱ្យបានកាន់តែល្អប្រសើរ។\nសម្ដេចតេជោ បានផ្ដល់យោបល់ឱ្យធ្វើកិច្ចសហប្រតិបត្តិការតាមព្រំដែននៅក្នុងក្របខ័ណ្ឌនៃការពង្រីកទំនាក់ទំនងល្អ ដូចជាការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនជាដើម ប៉ុន្តែលើសពីនេះ សម្ដេចតេជោ ក៏ចង់ឃើញកិច្ចសហប្រតិបត្តិការសម្រាប់គ្រប់គ្រងគ្រោះមហន្តរាយនៅតាមព្រំដែនដូចជា ទឹកជំនន់ ភ្លើងឆេះព្រៃជាដើម ដើម្បីឱ្យកិច្ចសហប្រតិបត្តិការតាមព្រំដែនរបស់កម្ពុជា និងឡាវ មានគ្រប់ទម្រង់និងកាន់តែស៊ីជម្រៅបន្ថែមទៀត៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14947","languageVersionId":"10670","visibilityVersion":"2","versionToken":"a1.SysWcWduegcwY9AwAfd4Ung3Ama4G-naOhJ8Rxu4QGE"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-17T07:30:15Z"}