{"asset":"news","key":"5034","locale":"km","id":"news:5034:km","entityId":"news:5034","canonicalUrl":"https://www.kps-tv.com/km/news/detail/5034","state":"ready","title":"ព្រះសីហនុពិនិត្យគម្រោងផ្លូវបេតុងជាង៣៥០ម៉ែត្រនៅសង្កាត់លេខ៣","summary":"លោក មីន កុម្ភៈ និងក្រុមការងារបានចុះពិនិត្យគម្រោងផ្លូវបេតុង និងលូ នៅថ្ងៃទី២០ ខែកុម្ភៈ ដោយផ្លូវមានប្រវែងជាង៣៥០ម៉ែត្រ ទទឹង៧,២៥ម៉ែត្រ និងជាអំណោយសប្បុរសជន។","body":"ខេត្តព្រះសីហនុ៖ លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរក្រុង និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ចុះពិនិត្យគម្រោងស្ថាបនាផ្លូវបេតុង និងប្រព័ន្ធលូ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលជាអំណោយរបស់សប្បុរសជន ដើម្បីបម្រើផលប្រយោជន៍សាធារណៈនៅមូលដ្ឋាន និងកាត់បន្ថយការកកស្ទះចរាចរណ៍ ខណៈដែលកំណើនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការអភិវឌ្ឍខេត្ត កំពុងកើនឡើងខ្លាំងនាពេលបច្ចុប្បន្ន។\nជាក់ស្តែង នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ និងក្រុមការងារ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងស្ថាបនាផ្លូវបេតុងមួយខ្សែ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សប្បុរសជន ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត ក្នុងការអភិវឌ្ឍមូលដ្ឋាន និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។\nផ្លូវបេតុងអាមេ (បេតុងសរសៃដែក) នេះ មានប្រវែងសរុបប្រមាណជាង ៣៥០ ម៉ែត្រ និងទទឹង ៧,២៥ ម៉ែត្រ។ ការស្ថាបនាក៏បានរៀបចំប្រព័ន្ធលូរំដោះទឹកសងខាងផ្លូវ ដើម្បីធានាភាពប្រើប្រាស់បានយូរអង្វែង។ ក្នុងសកម្មភាពចុះពិនិត្យនេះ មានការចូលរួមពីអាជ្ញាធរក្រុង មន្ទីរ-អង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញ ដើម្បីត្រួតពិនិត្យគុណភាព បច្ចេកទេស និងធានាសោភ័ណភាព ស្របតាមប្លង់គោលរបស់ក្រុង។\nនាឱកាសនោះ លោកអភិបាលរងខេត្តព្រះសីហនុ បានសម្តែងការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន សម្រាប់កសាងផ្លូវបេតុងមួយខ្សែនេះ។ លោកបានបញ្ជាក់ថា ផ្លូវនេះនឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋ ក្នុងការដឹកជញ្ជូន និងធ្វើដំណើរទៅមក ប្រកបដោយសុវត្ថិភាព និងផាសុកភាពកាន់តែប្រសើរ។\nជាមួយគ្នានេះ លោក មីន កុម្ភៈ អភិបាលរងខេត្ត ក៏បានណែនាំដល់ក្រុមការងារបច្ចេកទេស ឱ្យយកចិត្តទុកដាក់ខ្ពស់លើគុណភាពសំណង់ ដើម្បីធានាថា សមិទ្ធផលនេះអាចបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋបានយូរអង្វែងផងដែរ។\nអត្ថបទ៖ ប៉ៃ សុឃីម\nរូបភាព៖ ទាវ វិឆាត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14921","languageVersionId":"10592","visibilityVersion":"2","versionToken":"a1.jreHYIkkGMPVezMJ4nK5kXvC4H7eAhnuTEEkNBCU_s0"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-20T07:06:24Z"}