{"asset":"news","key":"5047","locale":"km","id":"news:5047:km","entityId":"news:5047","canonicalUrl":"https://www.kps-tv.com/km/news/detail/5047","state":"ready","title":"កម្ពុជាបង្ហាញអង្គទូតពីការបង្ក្រាបឆបោក២០០ករណី និងចាត់វិធានការលើ៥០០នាក់","summary":"ក្នុងបទបង្ហាញថ្ងៃទី១៨ ខែកុម្ភៈ កម្ពុជាបានរាយការណ៍ពីការបង្ក្រាប២០០ករណី ចាត់វិធានការច្បាប់លើមេខ្លោងនិងអ្នកសមគំនិត៥០០នាក់ និងបណ្ដេញជនបរទេសជាង៨ពាន់នាក់។","body":"ពាក់ព័ន្ធករណីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ក្រសួងការបរទេសកម្ពុជា បានធ្វើបទបង្ហាញជូនបណ្តាអង្គទូតបរទេសទាំង២៥នៅរាជធានីភ្នំពេញ ថាកម្ពុជាបង្ក្រាបបាននៅទូទាំងប្រទេសចំនួន២០០ករណី ចាត់វិធានការច្បាប់ចំពោះមេខ្លោង និងអ្នកសមគំនិតចម្រុះជាតិសាសន៍ ៥០០នាក់ និងបណ្តេញជនបរទេសជាង៨ពាន់នាក់ចេញពីប្រទេស។\nតាមរបាយការណ៍ដែលធ្វើបទបង្ហាញដោយឯកឧត្តម ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ដោយបានការសម្របសម្រួលពីលោកជំទាវ អ៊ាត សោភា រដ្ឋមន្រ្តីស្តីទីនៃក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា ក្រោមការគាំទ្រជាជំនួយបច្ចេកទេសពីដៃគូអន្តរជាតិ អាជ្ញាធរកម្ពុជាបានឆ្មក់ចូលបង្ក្រាបទីតាំងជាច្រើនកន្លែង ដកហូតវត្ថុតាងឌីជីថលជាច្រើន ហើយអាជ្ញាធរកំពុងយកចិត្តទុកដាក់ក្នុងការផ្តល់កន្លែងស្នាក់នៅបណ្តោះអាសន្នសម្រាប់ជនបរទេសជាច្រើនដែលត្រូវការឯកសារធ្វើដំណើរ និងការគាំទ្រដល់ការធ្វើមាតុភូមិនិវត្តន៍របស់ពួកគេទៅកាន់ប្រទេសកំណើតវិញ។\nឯកឧត្តម ឆៃ ស៊ីណារិទ្ធ ថាឧក្រិដ្ឋកម្មនេះគឺជាក្តីកង្វល់សកល ទាមទារការចូលរួមរបស់រាជរដ្ឋាភិបាលនៅគ្រប់កម្រិត និងការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព ខណៈបណ្តាញឧក្រិដ្ឋជន បានសម្របខ្លួនដោយពង្រាយប្រតិបត្តិការទៅជាកន្លែងតូចៗ ឬតាមលំនៅដ្ឋាន ដែលបង្កើតជាបញ្ហាប្រឈមថ្មីក្នុងការបង្ក្រាប។\nឯកឧត្តមបញ្ជាក់បន្ថែមថា ការស៊ើបអង្កេតនៅតែបន្ត ជាមួយនឹងការតាមដានលំហូរហិរញ្ញវត្ថុ និងកំចាត់បណ្តាញលាងលុយ ដែលជាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។ ចំណែក កិច្ចសហការរវាងប្រទេសកម្ពុជានិងដៃគូបរទេសនានានៅតែបន្តធ្វើយ៉ាងជិតស្និទ្ធ រួមមាន ប្រទេសចិន វៀតណាម សាធារណរដ្ឋកូរ៉េ ជប៉ុន ឥណ្ឌា អូស្ត្រាលី ចក្រភពអង់គ្លេស សហរដ្ឋអាម៉េរិក និងការិយាល័យអង្គការសហប្រជាជាតិប្រឆាំងបទល្មើសគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ជាដើម៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14914","languageVersionId":"10571","visibilityVersion":"2","versionToken":"a1.Nq5Wh1h-fF3-YfXIdqhRtbYhqSKldAx6X3o5SbzqMJQ"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-20T10:45:59Z"}