{"asset":"news","key":"5091","locale":"km","id":"news:5091:km","entityId":"news:5091","canonicalUrl":"https://www.kps-tv.com/km/news/detail/5091","state":"ready","title":"ប.ស.ស. រាយការណ៍សមាជិកលើស៣,៥លាននាក់ និងការប្រើសេវាសុខាភិបាលជាង៨លានលើក","summary":"ក្នុងកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៥ ប.ស.ស. បានរាយការណ៍ពីការពង្រីកសមាជិកភាព និងបណ្ដាញមូលដ្ឋានសុខាភិបាល ដើម្បីឈានទៅការគ្របដណ្ដប់សុខភាពជាសកល។","body":"ក្នុងពិធីបើក “សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត” របស់ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាល ប.ស.ស. ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល ប.ស.ស. បានថ្លែងថា ប.ស.ស. កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងក្លាយជាប្រព័ន្ធសន្តិសុខសង្គមដ៏មានសារៈសំខាន់សម្រាប់មន្រ្តីរាជការ កម្មករនិយោជិត និងប្រជាពលរដ្ឋទូទៅ។\nឯកឧត្តម បញ្ជាក់ថា ចាប់ពីការមានសមាជិកតិចជាង ៥០ម៉ឺននាក់ ប.ស.ស. បានពង្រីកដល់ជាង ៣,៥ លាននាក់ ក្នុងនោះស្រីជិត ២ លាននាក់ គិតត្រឹមឆ្នាំ២០២៥។ ជាមួយគ្នានេះ ក្រសួង ស្ថាប័ន សហគ្រាស និងគ្រឹះស្ថានជិត ៣ម៉ឺន បានចុះបញ្ជីចូលរួម ខណៈសមាជិកបានប្រើប្រាស់សេវាសុខាភិបាលសរុបជាង ៨ លានដង។\nប.ស.ស. ត្រូវបានមើលឃើញថា ជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ ដោយផ្តល់ឱកាសទទួលបានសេវាថែទាំសុខភាពកាន់តែល្អប្រសើរ កាត់បន្ថយបន្ទុកចំណាយ និងរួមចំណែកពង្រឹងមូលធនមនុស្ស ស្របតាមចក្ខុវិស័យរបស់ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការសម្រេចគោលដៅគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា។\nបច្ចុប្បន្ន ប.ស.ស. មានបណ្តាញមូលដ្ឋានសុខាភិបាលដៃគូសរុប ១,៦១៧ កន្លែង ក្នុងនោះវិស័យសាធារណៈ ១,៤៤២ និងវិស័យឯកជន ១៧៥។ ទន្ទឹមនឹងនេះ ប្រព័ន្ធរដ្ឋបាលត្រូវបានធ្វើទំនើបកម្ម ដោយអនុវត្តបច្ចេកវិទ្យាឌីជីថល និងបង្កើតជម្រើសបង់ភាគទានតាមអនឡាញ ឬតាមធនាគារដៃគូ។ ប័ណ្ណសមាជិកតែមួយ អាចប្រើបានសម្រាប់សេវាថែទាំសុខភាព ហានិភ័យការងារ និងសោធន។ ក៏មានការយកចិត្តទុកដាក់ពិសេសលើមាតា ទារក និងសន្តិសុខស្មារតីនៅវ័យជរាផងដែរ។\nជាចុងបញ្ចប់ ឯកឧត្តមបានអំពាវនាវឱ្យអង្គសន្និបាតចូលរួមពិភាក្សាយ៉ាងសកម្ម ដើម្បីវាយតម្លៃលទ្ធផលការងារឆ្នាំកន្លងមក កំណត់បញ្ហាប្រឈម និងដាក់ចេញដំណោះស្រាយថ្មីៗ សំដៅពង្រីកវិសាលភាពគ្របដណ្តប់ និងធានានិរន្តភាពនៃប្រព័ន្ធ ប.ស.ស. ក្នុងអនាគត៕ ដោយ ៖ ឡាយ កុល","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14890","languageVersionId":"10499","visibilityVersion":"2","versionToken":"a1.sjkl2ttHqEeaWtcFhkkOrNs2SQEqUmCfpoh6hMGeHJo"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-23T10:44:08Z"}