{"asset":"news","key":"5097","locale":"km","id":"news:5097:km","entityId":"news:5097","canonicalUrl":"https://www.kps-tv.com/km/news/detail/5097","state":"ready","title":"មន្ត្រី ក.ប.ប. ពិនិត្យសំណាកអាហារ១១មុខនៅពិព័រណ៍ទីលានតេជោ","summary":"ក្រុមមន្ត្រីបានប្រើមន្ទីរពិសោធន៍ចល័តពិនិត្យសំណាកអាហារ១១មុខ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ហើយមិនរកឃើញសារធាតុគីមីហាមឃាត់ក្នុងសំណាកទាំងនោះ។","body":"ខេត្តព្រះសីហនុ៖ មន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) សាខាខេត្តព្រះសីហនុ បានចុះណែនាំដល់អាជីវករ និងពិនិត្យគុណភាពចំណីអាហារចម្រុះ រួមមាន ម៉ឹក បង្គាស្រស់ ប្រហិត និងសាច់ចម្រុះ ដែលបានដាក់តាំងលក់នៅកន្លែងតាំងពិព័រណ៍ទីលានតេជោក្រុងព្រះសីហនុ នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។\nដឹកនាំដោយលោក ជា ប៉ិច អនុប្រធានសាខា ក.ប.ប. ខេត្ត បានមានប្រសាសន៍ថា មន្ត្រីសាខា ក.ប.ប. បានយកគំរូចំណីអាហារចំនួន ១១ គំរូ រួមមាន ម៉ឹក បង្គាស្រស់ ប្រហិត និងសាច់ចម្រុះ ដើម្បីពិនិត្យនៅនឹងកន្លែងតាមរយៈរថយន្តពិសោធចល័តរបស់សាខា ក.ប.ប. ខេត្ត។ ជាលទ្ធផល មិនបានរកឃើញសារធាតុគីមីហាមឃាត់ណាមួយឡើយ។\nទន្ទឹមនឹងនេះ លោកអនុប្រធានសាខា ដោយមានការយកចិត្តទុកដាក់ និងការណែនាំពីលោក ឃុន ស៊ីម៉ន ប្រធានសាខា ក.ប.ប. ខេត្ត បានប្តេជ្ញាបន្តអនុវត្តការងារតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយក ក.ប.ប. និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្ត ដឹកនាំមន្ត្រីសាខា ក.ប.ប. ទាំងអស់ បន្តខិតខំត្រួតពិនិត្យទំនិញនៅលើទីផ្សារ និងតាមហាងលក់ទំនិញនានាបន្ថែមទៀត ដើម្បីចូលរួមលើកកម្ពស់សុវត្ថិភាពម្ហូបអាហារជូនអ្នកប្រើប្រាស់ ក្នុងខេត្តព្រះសីហនុ និងទូទាំងប្រទេសកម្ពុជា ដោយអនុលោមតាមកម្មវិធីអភិក្រម ស្តីពី «ការគ្រប់គ្រងហានិភ័យ» ផ្អែកលើមូលដ្ឋានបច្ចេកទេស និងវិទ្យាសាស្ត្រច្បាស់លាស់។\nសូមជម្រាបផងដែរថា បច្ចុប្បន្ននេះ មន្ត្រី ក.ប.ប. បានបន្តចុះត្រួតពិនិត្យម្ហូបអាហារតាមទីផ្សារនានា ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដែលកំពុងទទួលបានលទ្ធផលជាវិជ្ជមាន ធ្វើឱ្យកាត់បន្ថយ និងលុបបំបាត់សារធាតុគីមីបន្ថែមដ៏គ្រោះថ្នាក់មួយចំនួន ដូចជា បូរ៉ាក់ ហ្វ័រម៉ាលីន និងសារធាតុគីមី អូរ៉ាមីន-អូ ជាដើម។\nទោះយ៉ាងណា លោកប្រធានសាខា ក៏បានផ្តាំផ្ញើដល់បងប្អូនអាជីវករ ត្រូវប្រកាន់ខ្ជាប់ការប្រកួតប្រជែងដោយសមធម៌ មិនត្រូវលក់បង្ខូចតម្លៃទំនិញ លក់ទំនិញហួសកាលបរិច្ឆេទ ទំនិញគ្មានប្រភពច្បាស់លាស់ ឬទំនិញក្លែងក្លាយឡើយ។\nអត្ថបទ៖ ប៉ៃ សុឃីម\n រូបភាព៖ កែវ ដារ៉ា","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14885","languageVersionId":"10484","visibilityVersion":"2","versionToken":"a1.TMN8V5zp6-DGcPOdAWfErU15VD1jT4tdbepfeu5Tar4"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-24T03:08:53Z"}