# ជនបរទេសស្ម័គ្រចិត្តមកបង្រៀនកុមារភៀសសឹកកម្ពុជាដល់ជំរុំសុវត្ថិភាពនៅខេត្តបន្ទាយមានជ័យ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5122>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14871","languageVersionId":"10442","visibilityVersion":"2","versionToken":"a1.3yekcHwsxdYfubux7fL3Ai4QWap1i0y8KY5eBioXA7A"}

Original publication: 2026-02-25T03:05:01Z

អង្គការ Y-Farm ផ្ដល់ការបង្រៀនភាសាអង់គ្លេសនិងខ្មែរបន្ថែមនៅជំរុំវត្តច័ន្ទស៊ី។ អ្នកស្ម័គ្រចិត្តថាក្រុមបង្រៀនរៀងរាល់ថ្ងៃច័ន្ទដល់សុក្រ។

កុមារភៀសសឹកកម្ពុជា ស្នាក់នៅជំរុំសុវត្ថិភាពក្នុងវត្តច័ន្ទស៊ី ខេត្តបន្ទាយមានជ័យ ទទួលបានការបណ្តុះបណ្តាលភាសាអង់គ្លេស និងភាសាខ្មែរបន្ថែមពីអង្គការ Y-Farm ដែលជាអង្គការក្រៅរដ្ឋាភិបាល។
បើតាមលោក ល្វីស ហៅពូបារាំងជាជនជាតិបរទេសម្នាក់ ចូលរួមបង្រៀនភាសាអង់គ្លេសដល់កុមារតូចៗរត់ភៀសសឹកមកពីភូមិព្រៃចាន់និងភូមិជោគជ័យ បាននិយាយថា លោកចង់ជួយការអប់រំដល់ក្មេងៗនិងយុវជនឱ្យមានចំណេះដឹង ព្រោះសង្គ្រាមកើតឡើងមានក្មេងៗនិងយុវជនជាច្រើនអត់បានចូលរៀន។
ជនជាតិបរទេសដែលអាចនិយាយភាសាខ្មែរបានយ៉ាងច្បាស់រូបនេះ និយាយបន្ថែមថា ក្រុមការងាររបស់លោក គឺមកបង្រៀនដល់កុមារតូចៗរាល់ថ្ងៃ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ និងបានបង្រៀនទាំងភាសាអង់គ្លេស និងភាសាខ្មែរ។ ក្នុងនោះ មានសិស្សានុសិស្សជាង ៦០០នាក់កំពុងស្នាក់នៅ និងរៀននៅជំរុំសុវត្ថិភាពវត្តច័ន្ទស៊ី ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោកមើលឃើញថា អនាគតក្មេងៗគឺវែងឆ្ងាយណាស់ ដូច្នេះលោកសង្កត់ធ្ងន់ថា ការចូលរួមចំណែកបណ្តុះបណ្តាលដល់ពួកគាត់ដែលកំពុងរស់នៅក្នុងជំរំភៀសសឹកនេះជាកិច្ចការងារដ៏សំខាន់ ប្រសិនបើក្មេងៗនិងយុវជន បោះបង់ចោលការសិក្សា នោះនឹងប៉ះពាល់ដល់អនាគតរបស់ពួកគាត់យ៉ាងធ្ងន់ធ្ងរ៕
ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


