{"asset":"news","key":"5143","locale":"km","id":"news:5143:km","entityId":"news:5143","canonicalUrl":"https://www.kps-tv.com/km/news/detail/5143","state":"ready","title":"ប្រជានេសាទខេត្តកំពត បន្ថែមរបរដឹកភ្ញៀវទេសចរទៅស្ទូចត្រីកម្សាន្ត ដើម្បីបង្កើនប្រាក់ចំណូល","summary":"ប្រជានេសាទថាម្នាក់អាចដឹកភ្ញៀវប្រហែល២០ជើងក្នុងមួយខែ ចំណូល១០ម៉ឺនដល់២០ម៉ឺនរៀលក្នុងមួយជើង ខណៈភ្ញៀវនិងមន្ត្រីលើកការប្រុងប្រយ័ត្នសមុទ្រ។","body":"នាពេលបច្ចុប្បន្ន ភ្ញៀវទេសចរជាច្រើនបានចាប់អារម្មណ៍ និងនាំគ្នាមកជួលទូកជិះទៅស្ទូចត្រីកម្សាន្ត ដែលធ្វើឱ្យអ្នកប្រកបរបររត់ទូកដឹកភ្ញៀវ អាចរកប្រាក់ចំណូលបន្ថែមបានគួរសម ដើម្បីជួយផ្គត់ផ្គង់ជីវភាពគ្រួសារ បន្ថែមពីលើរបរនេសាទចម្បងរបស់ពួកគេ។\nប្រជានេសាទនៅខេត្តកំពត បាននាំគ្នាងាកមកបង្កើនសេវាដឹកភ្ញៀវទេសចរទៅស្ទូចត្រីកម្សាន្ត ព្រោះការដឹកភ្ញៀវមួយជើង អាចរកចំណូលបានចន្លោះពី ១០ម៉ឺន ទៅ ២០ម៉ឺនរៀល អាស្រ័យលើចម្ងាយជិត ឬឆ្ងាយ។ ជាមធ្យម ក្នុងមួយខែ ប្រជានេសាទម្នាក់ៗអាចចេញទូកដឹកភ្ញៀវបានប្រហែល ២០ជើង។ ប្រជានេសាទបានឱ្យដឹងថា កំណើននេះកើតមានដោយសារខេត្តកំពតមានការរៀបចំស្អាត និងការអភិវឌ្ឍល្អប្រសើរ ដែលទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តកាន់តែច្រើន។\nលោក បាន់ តូ ម្ចាស់ទូកដឹកភ្ញៀវទេសចរទៅស្ទូចត្រីកម្សាន្ត នៅសង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត បានឱ្យដឹងថា លោកបានប្រកបរបរនេសាទជាយូរឆ្នាំមកហើយ។ ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះ បន្ទាប់ពីខេត្តកំពតមានការអភិវឌ្ឍរីកចម្រើន និងទាក់ទាញទេសចរច្រើនឡើង លោក និងអ្នកភូមិផ្សេងទៀតបានងាកមកចាប់អារម្មណ៍លើរបរដឹកភ្ញៀវទេសចរវិញ ព្រោះវាមានភាពងាយស្រួលជាងការចេញទៅនេសាទ ដោយគ្រាន់តែចេញទូក គឺទទួលបានប្រាក់កម្រៃ។\nចំណែកភ្ញៀវទេសចរ ដែលចូលចិត្តធ្វើដំណើរទៅស្ទូចត្រីកម្សាន្ត បានបង្ហាញអារម្មណ៍សប្បាយរីករាយថា ការស្ទូចត្រីជាចំណង់ចំណូលចិត្តរបស់ពួកគាត់ ទោះស្ទូចបានត្រី ឬមិនបានក៏ដោយ ក៏នៅតែមានអារម្មណ៍រីករាយ។ ម្យ៉ាងវិញទៀត ការអង្គុយលើទូកស្ទូចត្រីកណ្ដាលសមុទ្រ ឬក្បែរតំបន់កោះ ផ្តល់នូវទិដ្ឋភាព និងបរិយាកាសពិសេស ដែលពិបាកពណ៌នាឱ្យអ្នកដទៃយល់បាន។ ភ្ញៀវទេសចរបានបន្តថា ការចេញទៅស្ទូចត្រីនៅសមុទ្រ ឬក្បែរកោះ មិនធ្លាប់ជួបបញ្ហាអ្វីឡើយ ព្រោះពួកគេតែងតែសួរព័ត៌មានពីម្ចាស់ទូកដែលមានបទពិសោធន៍ អំពីស្ថានភាពខ្យល់ និងសុវត្ថិភាពសមុទ្រ។ ប្រសិនបើមានហានិភ័យ ម្ចាស់ទូកនឹងមិនអនុញ្ញាតឱ្យចេញដំណើរឡើយ។\nមន្ត្រីជំនាញបានបញ្ជាក់ថា ភ្ញៀវទេសចរដែលមានចំណង់ចំណូលចិត្តស្ទូចត្រី អាចស្វែងរកទីតាំងស្ទូចត្រីបានតាមដងព្រែក មាត់ឆ្នេរ និងតាមសហគមន៍នេសាទនានា។ លើសពីនេះ ក៏អាចជួលទូកសម្រាប់ដំណើរកម្សាន្តស្ទូចត្រីបាននៅតាមសហគមន៍ និងភូមិឋានរបស់ប្រជានេសាទផងដែរ។ ការធានាសុវត្ថិភាពភ្ញៀវ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ ដោយមន្ត្រីជំនាញ និងអាជ្ញាធរតែងចុះផ្សព្វផ្សាយ អប់រំ និងណែនាំប្រជានេសាទឱ្យមានការប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់បំផុត។ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14856","languageVersionId":"10397","visibilityVersion":"2","versionToken":"a1.u-bYtI7BpamGNwL79BYQ64LXDltQfKu1We8piNF21zA"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-26T03:08:01Z"}