{"asset":"news","key":"5157","locale":"km","id":"news:5157:km","entityId":"news:5157","canonicalUrl":"https://www.kps-tv.com/km/news/detail/5157","state":"ready","title":"ក្រសួងការពារជាតិរាយការណ៍ពីដំណើររបស់ AOT នៅតំបន់ប្រាសាទព្រះវិហារ ថ្ងៃទី២៦ កុម្ភៈ","summary":"អ្នកនាំពាក្យក្រសួងការពារជាតិ ម៉ាលី សុជាតា រាយការណ៍ថា AOT បានចុះតំបន់ប្រាសាទព្រះវិហារ ម៉ោង១០ព្រឹក ថ្ងៃទី២៦ កុម្ភៈ ដោយមានការសម្របសម្រួលពី CLG កម្ពុជា។","body":"អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មេត្តាជ្រាបថា៖\nនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១០:០០ នាទី ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពជាក់ស្តែងនៅទីតាំងផ្ទាល់ ក្រោយបទឈប់បាញ់ចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅតំបន់ប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។\nចាប់តាំងពីបទឈប់បាញ់ចូលជាធរមានមក កម្ពុជាបានគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា–ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀតដែលមានស្រាប់ សំដៅស្វែងរកដំណោះស្រាយមួយប្រកបដោយយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។ ទន្ទឹមនឹងនេះ កម្ពុជាក៏រំពឹងថា ភាគីថៃនឹងគោរពកិច្ចព្រមព្រៀងទាំងអស់ខាងលើ ដោយសុឆន្ទៈ និងភាពស្មោះត្រង់ ដូចកម្ពុជាដែរ។\nអាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជ្រាបជាព័ត៌មាន៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14845","languageVersionId":"10364","visibilityVersion":"2","versionToken":"a1.XIG0bKHAaj_rtNsr5zXBrfxsP1VSSq_u5-0Z-BEsL7I"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-26T07:57:07Z"}