# ព្រឹត្តិការណ៍«នគរសង្ក្រាន្ត»នឹងរៀបចំនៅភ្នំពេញក្នុងរយៈពេល៦ថ្ងៃ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5238>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14799","languageVersionId":"10226","visibilityVersion":"2","versionToken":"a1.7DUh3gQ1BC-NbKDlemaD-n2ytc3Z8jwfekgCUVrVziU"}

Original publication: 2026-03-02T10:25:16Z

ព្រឹត្តិការណ៍នគរសង្ក្រាន្តគ្រោងធ្វើថ្ងៃទី១៤–១៩ មេសា នៅភ្នំពេញ ខណៈបុណ្យចូលឆ្នាំខ្មែរប្រពៃណីមានរយៈពេលថ្ងៃទី១៤–១៦។ ទីតាំងនិងកម្មវិធីនានានៅស្ថិតក្នុងដំណាក់កាលគម្រោង។

កម្ពុជាគ្រោងនឹងរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ខាងមុខ។ នេះបើតាមឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន ស.ស.យ.ក. បានឱ្យដឹងនៅក្នុងកិច្ចជំនួបពិភាក្សាគម្រោងរៀបចំព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» ជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងស្ថាប័នផ្សព្វផ្សាយឯកជនមួយចំនួន នាព្រឹកថ្ងៃទី០២ ខែមីនា។
បើតាមឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិ និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ស.ស.យ.ក.  ព្រឹត្តិការណ៍នេះ ស្ថិតនៅជាគម្រោងនៅឡើយ ហើយគ្រោងនឹងរៀបចំនៅទីតាំងជាច្រើន រួមមាន៖ រមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ផ្លូវថ្មើរជើងចតុមុខ សួនច្បារចាប់ពី Vattanac Capital Lifestyle មកដល់ផ្សាររាត្រី បរិវេណវត្តបទុមវតី បាសាក់លែន និងផ្សារទួលទំពួង។
នៅបរិវេណខ្លះនឹងមានដូចជា តំបន់ត្រជាក់ចិត្ត ការប្រគុំតន្រ្តី តំបន់ពាណិជ្ជកម្ម។ល។ ដោយឡែកសម្រាប់ភូមិវប្បធម៌ និងមានកម្មវិធីជាច្រើនដូចជា ល្បែងប្រជាប្រិយ របាំបុរាណ ប្រពៃណី ប្រជាប្រិយ យុទ្ធគុនចម្រុះខ្មែរបុរាណ ការប្រកួតអុកចត្រង្គ សួនមុនីហទ័យ ពិព័រណ៍នគរសង្ក្រាន្ត ពិធីដង្ហែព្រះពុទ្ធបដិមា ស្រង់ព្រះ ដង្ហែក្បួននគរសង្ក្រាន្ត ទាញព្រ័ត្រមិត្តភាពនគរសង្ក្រាន្ត ការប្រកួតអុកយក្ស ។ល។ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ នឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ខាងមុខនេះ៕
ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


