{"asset":"news","key":"5245","locale":"km","id":"news:5245:km","entityId":"news:5245","canonicalUrl":"https://www.kps-tv.com/km/news/detail/5245","state":"ready","title":"ក្រសួងការងារ៖ ករណីសន្លប់និងស្លាប់នៅកណ្ដាលមិនបណ្ដាលពីលក្ខខណ្ឌសុវត្ថិភាពការងារ","summary":"អ្នកនាំពាក្យក្រសួងការងារ ស៊ុន មេសា បានរាយការណ៍លទ្ធផលត្រួតពិនិត្យលើកទី២ ថ្ងៃទី២ មីនា និងបញ្ជាក់ថា ក្នុងកម្មករសន្លប់២០នាក់ មាន១៨នាក់ត្រឡប់ធ្វើការ ខណៈ២នាក់សុំច្បាប់។","body":"ករណីដួលសន្លប់ និងស្លាប់នៅក្នុងខេត្តកណ្តាល មិនមែនបណ្តាលមកពីការអនុវត្តលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារមិនត្រឹមត្រូវនោះឡើយ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈការចុះត្រួតពិនិត្យលើកទី២ របស់ក្រុមជំនាញ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦។\nឯកឧត្តម ស៊ុន មេសា បានបញ្ជាក់ថា៖ «តាមការត្រួតពិនិត្យលក្ខខណ្ឌការងារ និងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ជាពិសេសពាក់ព័ន្ធនឹងបរិយាកាសការងារ កម្ដៅ ពន្លឺ ធូលី និងប្រព័ន្ធបញ្ចេញ-បញ្ចូលខ្យល់ ក្រុមអធិការកិច្ចការងារ បានពិនិត្យឃើញថា លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ មិនមែនជាមូលហេតុដែលបណ្តាលឱ្យកម្មករនិយោជិតដួលសន្លប់ឡើយ»។\nបើតាមឯកឧត្តម ស៊ុន មេសា បានបញ្ជាក់ថា បងប្អូនកម្មករនិយោជិតបានចូលធ្វើការជាធម្មតា។ ក្នុងចំណោមកម្មករនិយោជិតដែលបានដួលសន្លប់ចំនួន ២០នាក់ មាន ១៨នាក់ បានវិលចូលធ្វើការវិញជាធម្មតា ខណៈកម្មករ ២រូបផ្សេងទៀត បានស្នើសុំច្បាប់ឈប់សម្រាក។ ដោយឡែក ក្រុមគ្រួសារសព បានទទួលអត្ថប្រយោជន៍ប្រាក់វិភាជន៍បូជាសពចំនួន ១០លានរៀល ស្របតាមច្បាប់។\nចំណែកក្រុមជំនាញនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) របស់ក្រសួងការងារ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ កំពុងរៀបចំអង្កេតឧត្តរជីវី ដើម្បីផ្តល់អត្ថប្រយោជន៍ជូនក្រុមគ្រួសារ ស្របតាមច្បាប់។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ស៊ុន មេសា។\nឯកឧត្តមបានបន្ថែមថា៖ «តាមការយកចិត្តទុកដាក់របស់ឯកឧត្តមរដ្ឋមន្ត្រី ក្រុមការងារជំនាញបានចុះពិនិត្យភ្លាមៗម្តងរួចមកហើយ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ហើយយើងបានមកពិនិត្យម្តងទៀតនៅថ្ងៃនេះ ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់អំពីបញ្ហាដែលបានកើតឡើង។ ពេលនេះ បងប្អូនកម្មករនិយោជិត បានចូលធ្វើការជាធម្មតា ហើយក្នុងចំណោមកម្មករនិយោជិតដែលបានដួលសន្លប់ ២០នាក់នោះ មាន ១៨នាក់ បានវិលចូលធ្វើការវិញជាធម្មតា។ ទោះយ៉ាងណា យើងនឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ពីស្ថានភាព ដើម្បីចៀសវាងមិនឱ្យមានហេតុការណ៍ណាមួយកើតឡើងបន្ថែមទៀត»។\nសូមបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ បន្ទាប់ពីមានហេតុការណ៍ដួលសន្លប់នៅក្នុងរោងចក្រ ខេមបូ យូនីសូល ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមមន្ត្រីជំនាញនៃក្រសួងការងារ បានចុះត្រួតពិនិត្យភ្លាមៗ ដើម្បីពិនិត្យលក្ខខណ្ឌការងារ និងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ជាពិសេសពាក់ព័ន្ធនឹងបរិយាកាសការងារ កម្ដៅ ពន្លឺ ធូលី និងប្រព័ន្ធបញ្ចេញ-បញ្ចូលខ្យល់ ដើម្បីធានាសុវត្ថិភាពជូនកម្មករនិយោជិត។ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14794","languageVersionId":"10211","visibilityVersion":"2","versionToken":"a1.3-FVJcqVCNeey0fdKn8up4O-Nj3B0TSvvFrEyMHF30g"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-03T03:42:41Z"}