{"asset":"news","key":"5283","locale":"km","id":"news:5283:km","entityId":"news:5283","canonicalUrl":"https://www.kps-tv.com/km/news/detail/5283","state":"ready","title":"គណៈប្រតិភូអនុព័ន្ធយោធាបរទេស ១២ប្រទេស ចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខប្រជាជនភៀសសឹក ១,៦៣២គ្រួសារ នៅវត្តកណ្តោល ខេត្តបន្ទាយមានជ័យ","summary":"ដំណើរថ្ងៃទី៤ មីនា មានក្រសួងការពារជាតិសម្របសម្រួល ហើយម៉ាលី សុជាតារៀបរាប់ជំហរកម្ពុជាអំពីការភៀសសឹក បទឈប់បាញ់ និងព្រំដែន។","body":"បន្ទាយមានជ័យ៖ គណៈប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ចំនួន ១២ប្រទេស បានចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាជនភៀសសឹកកម្ពុជា សរុប ១,៦៣២គ្រួសារ ស្មើនឹងប្រមាណ ៥,០០០នាក់ ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងជំរំវត្តកណ្តោល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ខណៈពួកគេនៅមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានដើមវិញបាននៅឡើយ។\nដំណើរចុះពិនិត្យនេះ ត្រូវបានសម្របសម្រួលដោយក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីគណៈប្រតិភូបានធ្វើដំណើរទស្សនកិច្ចទៅកាន់ភូមិសាស្ត្រភូមិព្រៃចាន់ និងតំបន់ច្រកបឹងត្រកួនរួចមក។\nយោងតាមការបញ្ជាក់របស់ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ប្រជាពលរដ្ឋទាំងនោះមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន ដោយសារតែមានការចូលកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃ នៅតំបន់មួយចំនួន តាមរយៈការរាយបន្លាលួស ដាក់កុងតឺន័រ និងការបំផ្លិចបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ។\nអ្នកនាំពាក្យបានគូសបញ្ជាក់ថា ក្នុងស្មារតីស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ កម្ពុជាបន្តគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធនានា។ កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ Uti Possidetis Juris និងគោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ក៏ដូចជាឯកសារពាក់ព័ន្ធដែលភាគីទាំងពីរបានឯកភាពកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងឡើយ។\nក្រោយបញ្ចប់ការចុះពិនិត្យទីតាំងជាក់ស្តែង គណៈប្រតិភូអនុព័ន្ធយោធាបរទេស បានសម្តែងក្តីសង្ឃឹមថា សន្តិភាព ស្ថិរភាព និងប្រក្រតីភាពរវាងកម្ពុជា និងថៃ នឹងត្រូវបានស្តារឡើងវិញក្នុងពេលឆាប់ៗខាងមុខ ដើម្បីបង្កលក្ខណៈឱ្យប្រជាជនភៀសសឹកអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែង និងចាប់ផ្តើមជីវភាពប្រក្រតីឡើងវិញបានយ៉ាងមានសុវត្ថិភាព៕ ដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14778","languageVersionId":"10163","visibilityVersion":"2","versionToken":"a1.Xo2nEs_Ydt3qzFqqQs7N5mW4sUeZmpzWaWN8s-rjjKw"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-05T03:09:39Z"}